ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការសម្រេចរបស់តុលាការនេះ ធ្វើឡើងថ្ងៃទី១០ ខែតុលា ដោយយោងតាមលិខិតសុំធានានៅក្រៅឃុំរបស់មេធាវី និងគ្រួសារជនជាប់ចោទ។
លោកបន្តថា ជនជាប់ចោទទាំង ៦នាក់នោះ មានដីកាឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែមាន ៤នាក់បានចេញពីពន្ធនាគាររួចហើយ កាលពីវេលាម៉ោង ១រសៀលថ្ងៃនេះ តាមលិខិតធានារបស់គ្រួសារ។ ដោយឡែក ២នាក់ទៀត គឺឈ្មោះ ឯក ចាន់នូ ជាអនីតិជន និងឈ្មោះ ង្វៀន ធីដុក ជនជាតិវៀតណាម កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។ ពួកគេទាំងពីរនាក់ទំនងជាត្រូវដោះលែងនៅថ្ងៃទី១១ ខែតុលា បន្ទាប់ពីមេធាវីរត់ការឯកសាររួច ហើយមានលិខិតធានានៅក្រៅឃុំរបស់គ្រួសារពួកគេ។
លោក អំ សំអាត៖ «លែង ៤ ប៉ុន្តែនិយាយទៅគឺលែងទាំងអស់ ប៉ុន្តែមួយនោះ គឺ ម២ (ព្រៃស២) ឯក ចាន់នូ អាយុ ១៧ឆ្នាំ នៅម២ អ៊ីចឹងវាខ្ទាស់រឿងកន្លែងរត់ដីកា។ ជនជាតិវៀតណាម មួយអត់មានក្រុមគ្រួសារមកប្រហែលជាស្អែកមើលទៅ»។
មន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថា ការរាយលួសបន្លា និងបិទរបាំងផ្លូវមិនឲ្យអ្នកដំណើរឆ្លងកាត់ ជាមូលហេតុបណ្ដាលឲ្យកើតហិង្សារវាងពលរដ្ឋនិងកម្លាំងប្រដាប់អាវុធនៅលើស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា។ ក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល បានបាញ់រះសំដៅទៅក្រុមបាតុករ និងប្រើប្រាស់គ្រាប់បែកផ្សែងជាច្រើនគ្រាប់។ ក្នុងព្រឹត្តិការណ៍នោះ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយត្រូវគ្រាប់ចំក្បាល និងមនុស្ស ១៥នាក់រងរបួស ហើយមានការចាប់ និងឃុំខ្លួនមនុស្ស ៦នាក់ ក្រោមបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។