អាជ្ញាធរ​បន្ត​ឃុំ​ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​ឈ្មោះ ជេមស៍ រីកឃិតសាន់

ដោយ ឡេង ម៉ាលី
2017-06-08
Share
សាលាដំបូង​រាជធានី​ភ្នំពេញ ៨៥៥ សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
RFA

បុរស​ជនជាតិ​អូស្ត្រាលី ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) វ័យ ៦៨​ឆ្នាំ ដែល​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន កំពុង​ស្ថិត​នៅ​ក្នុង​ឃុំ​នៅ​ឡើយ។ លោក ជេមស៍ រីកឃិតសាន់ (James Ricketson) ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា លោក​ត្រូវ​ជាប់​ចោទ​ពី​បទ​អ្វី​នៅ​ឡើយ​ទេ។

សារព័ត៌មាន​ខ្លះ​សរសេរ​ថា លោក ជេមស៍ ជាប់​សង្ស័យ​ថា​បាន​ធ្វើ​ចារកិច្ច​លួច​យក​ព័ត៌មាន​នៅ​កម្ពុជា។ លោក​ត្រូវ​បាន​គេ​បង្ហាញ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ថា លោក​កំពុង​បង្ហោះ​ដ្រូន (Drone) លើ​ក្បួន​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧត្ដមសេនីយ៍ សុខ ផល មាន​ប្រសាសន៍​ថា ករណី​លោក ជេមស៍ រីកឃិតសាន់ ជា​ករណី​ចោទ​ប្រកាន់​ផ្នែក​តុលាការ គឺ​មិន​ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍​ទេ។ លោក ជេមស៍ ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នៅ​ថ្ងៃ​ទី​៧ មិថុនា។

អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ព្រះរាជអាជ្ញា លី សុផាណា មិន​ទាន់​អាច​បញ្ជាក់​ពី​ករណី​របស់​លោក ជេមស៍ រីកឃិតសាន់ បាន​ច្រើន​ទេ​ថា លោក ជេមស៍ រីកឃិតសាន់ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​អ្វី​ទេ។ លោក​ឆ្លើយតប​តាម​សារ​តេឡេក្រាម (Telegram) នៅ​ព្រលប់​ថ្ងៃ​ពុធ ទី​៧ មិថុនា ថា ព្រះរាជអាជ្ញា​រង គឺ​លោក សៀង សុខ ដែល​ជា​អ្នក​ចាត់ការ​លើ​សំណុំ​រឿង​នេះ កំពុង​ពិនិត្យ និង​ចាត់ការ​តាម​នីតិវិធី​តុលាការ។ រហូត​មក​ដល់​ពេល​នេះ លោក ជេមស៍ រីកឃិតសាន់ បាន​ជាប់​ឃុំ​រយៈពេល ៦​ថ្ងៃ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល