ប្រវត្តិ​សាស្រ្ត​កម្ពុជា​ក្នុង​សម័យ​អាណាព្យាបាល​បារាំង (ភាគ​២)

លោក​អ្នក​នាង​បាន​ជ្រាប​រួច​មក​ហើយ​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​ទាក់​ទង​ទៅ​នឹង​ប្រទេស​កម្ពុជា នៅ​សម័យ​បារាំង​ក្នុង​ដំណាក់​កាល​ដំបូង។

0:00 / 0:00

ដំណាក់​កាល​នេះ​មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​ឆ្នាំ​១៨៦៣ រវាង​ព្រះបាទ នរោត្តម ជាមួយ​នឹង​បារាំង។ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​នេះ មាន​ចលនា​តស៊ូ​របស់​ខ្មែរ​ជា​ច្រើន​បាន​ងើប​ឡើង​ប្រឆាំង​នឹង​វត្តមាន​បារាំង​នៅ​ស្រុក​ខ្មែរ។ នៅ​ពេល​ក្រោយ​មក​ទៀត​បារាំង​បាន​បង្ខំ​ព្រះបាទ នរោត្តម ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ទៀត។ វា​ជា​កិច្ច​ព្រមព្រៀង​មិន​ពេញ​មុខ​មាត់​ឡើយ។

កិច្ច​ព្រមព្រៀង​ថ្មី​នេះ​ត្រូវ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ចាត់​ទុក​ថា បាន​ដក​ហូត​អំណាច​ទាំង​ស្រុង​ពី​មហាក្សត្រ​ខ្មែរ ហើយ​ក៏​ជា​ការ​ចាប់​ផ្ដើម​ដាក់​អាណានិគម​លើ​ស្រុក​ខ្មែរ​ផង​ដែរ។

បន្ទាប់​ពី​ព្រះបាទ នរោត្តម បាន​ឡើង​គ្រង​រាជ្យ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​១៨៦៤ មក ព្រះអង្គ​មិន​គង់​នៅ​រាជធានី​ឧដុង្គ​ទៀត​ទេ។ នៅ​ក្នុង​ឆ្នាំ​១៨៦៧ ព្រះអង្គ​បាន​ផ្លាស់​រាជធានី​ពី​ឧដុង្គ មក​តាំង​នៅ​ក្រុង​ភ្នំពេញ​វិញ។

ព្រះ​មហាក្សត្រ​អង្គ​នេះ​បាន​ចុះ​ព្រះហស្ត​លេខា​ជាមួយ​បារាំង នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ ជាមួយ​លោក ឌឺឡាក្រង់ឌីយែរ លើ​សន្ធិសញ្ញា​មិត្តភាព​ការ​ការពារ​និង​ពាណិជ្ជកម្ម។ ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ចាត់​ទុក​ថា បាន​ជួយ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​ចេញ​ផុត​ពី​ការ​គាប​សង្កត់​របស់​ប្រទេស​ជិត​ខាង​ពីរ គឺ​វៀតណាម​និង​ថៃ។

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា អនុ​បណ្ឌិត ជិន សុជាតិ មាន​ប្រសាសន៍​ថា ៖ «ទោះ​បី​ជា​មាន​ចំណុច​មួយ​ចំនួន​គ្មាន​សមភាព​រវាង​ប្រទេស​ជា​អាណា​ព្យាបាល និង​ប្រទេស​ក្រោម​អាណា​ព្យាបាល​ក៏ដោយ ក៏​វា​អាច​ក្លាយ​ជា​កម្លាំង​មួយ​ក្នុង​ការ​រារាំង​ឥទ្ធិពល និង​ធ្វើ​ឲ្យ​ឥទ្ធិពល​សៀម​មក​លើ​ខ្មែរ​ហ្នឹង​បាន​ថយ​ចុះ។ មាន​ន័យ​ថា ប្រទេស​កម្ពុជា​យើង​ហ្នឹង​នៅ​តែ​បន្ត​មាន​ផែនទី​នៅ​លើ​ពិភពលោក​មក​ដល់​សព្វ​ថ្ងៃ​ហ្នឹង គឺ​ដោយសារ​តែ​វត្តមាន​របស់​ពួក​បារាំង​ហ្នឹង។ ក្នុង​ឆ្នាំ​១៨៦៣ គេ​ធ្វើ​ជំរឿន​អំពី​ប្រជាជន​កម្ពុជា​យើង​ហ្នឹង នៅ​សល់​តែ​៩​សែន​នាក់​ទេ គឺ​តិច​ណាស់»

ក្រោយ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បារាំង​មក ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា បាន​ឲ្យ​ដឹង​ថា មាន​កើត​ចលាចល​នៅ​ក្នុង​ប្រទេស ដោយ​មាន​ការ​បះបោរ​របស់​អាចារ្យ ស្វា ពោធិ កំបោរ និង​ព្រះអង្គ ស៊ីវត្ថា ជាដើម។ បន្ទាប់​ពី​ចលនា​តស៊ូ ត្រូវ​បង្ក្រាប​ដោយ​បារាំង និង​កងទ័ព​របស់​ព្រះកែវហ្វា ស៊ីសុវត្ថិ ជា​ប្អូន​របស់​ព្រះបាទ នរោត្តម ព្រម​ទាំង​ជា​ព្រះ​មហា​ឧបរាជ​ផង​នោះ ប្រទេស​ជាតិ​ក៏​មាន​សន្តិភាព​ឡើង​វិញ។

ចាប់​តាំង​ពី​ការ​ចុះ​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣​មក បារាំង​បាន​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ដែល​មាន​ដូច​ជា វិស័យ​ពន្ធដារ រដ្ឋាភិបាល តុលាការ និង​សង្គម​ជាដើម។ គម្រោង​ការ​នៃ​ការ​កែ​ទម្រង់​ទាំង​ប៉ុន្មាន ពុំ​បាន​ទទួល​ជោគជ័យ​ទាំង​អស់​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​អនុវត្ត​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ច្រើន ដែល​បណ្ដាល​មក​ពី​ប្រតិកម្ម​មិន​អនុគ្រោះ​ពី​សំណាក់​ពួក​មន្ត្រី​ជា​ច្រើន​និង​ពួក​មេ​បំណុល។

២១​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង ១៨៦៣ មក ក៏​មាន​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ទៀត។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​អ្នក​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ចាត់​ទុក​ថា ជា​ការ​ដាក់​អាណានិគម​មក​លើ​ប្រទេស​ខ្មែរ។

អ្នក​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច បណ្ឌិត​ប្រវត្តិសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ៖ «នៅ​ឆ្នាំ​១៨៨៤ នេះ គឺ​បាន​ន័យ​ថា ដាក់​រដ្ឋបាល​ទាំង​មូល​ទៅ​ក្រោម​អាណានិគម​របស់​បារាំង​តែម្ដង។ អ៊ីចឹង​ទោះ​បី​កិច្ច​ព្រមព្រៀង​នេះ​និយាយ​ថា វា​ជា​អាណា​ព្យាបាល អា​ហ្នឹង​វា​ជា​រឿង​របស់​បារាំង ប៉ុន្តែ​នៅ​ក្នុង​ពាក្យ​អ្នក​ស្រាវជ្រាវ គឺ​មាន​ន័យ​ថា ដាក់​អាណានិគម។ ពីព្រោះ​ត្រួតត្រា​ទាំង​អស់ ពន្ធដារ​សួយសារ​អាករ​ទាំង​ឡាយ លែង​នាំ​ចូល​យក​ទៅ​ឲ្យ​ស្ដេច​ទៀត​ហើយ គឺ​យក​ទៅ​បង់​ឲ្យ​រដ្ឋាភិបាល​បារាំង។ អ៊ីចឹង​មាន​ន័យ​ថា មិន​មែន​ដាក់​អាណា​ព្យាបាល​ទៀត​ទេ គឺ​អាណានិគម​ទាំង​ស្រុង​ទៅ​លើ​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ទាំង​ស្រុង»

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា ដដែល បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បារាំង ដោយ​បាន​ទទួល​របាយការណ៍​លម្អៀង ក៏​មាន​ការ​មន្ទិល​សង្ស័យ​ទៅ​លើ​ព្រះ​សុឆន្ទៈ​របស់​ព្រះរាជា។ នៅ​ពេល​នោះ​លោក Jules Ferry ដែល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី បាន​សម្រេច​ថា ត្រូវ​តែ​តាំង​អាណា​ព្យាបាល​ពិត​ប្រាកដ​លើ​ប្រទេស​ខ្មែរ ជា​ជំនួស​ការ​ការពារ​ដែល​មាន​តាំង​ពី​មុន​មក។ លោក​បាន​ប្រគល់​បន្ទុក​នេះ​ឲ្យ​ទៅ​លោក Charles Thomson ទេសាភិបាល​ដែន​កូសាំងស៊ីន។

លោក Charles Thomson បាន​យក​កប៉ាល់​ចម្បាំង​ទៅ​ចត​គំរាម​នៅ​មុខ​ព្រះរាជ​វាំង​ភ្នំពេញ ហើយ​បាន​លុក​ចូល​ក្រឡា​បន្ទំ ក្នុង​ពេល​ព្រះរាជា​កំពុង​ផ្ទំ ហើយ​បង្ខំ​ឲ្យ​ព្រះអង្គ​ចុះ​ព្រះ​ហស្ត​លេខា​លើ​អនុ​សញ្ញា​មួយ​ដែល​បាន​ដក​ហូត​អំណាច​ទាំង​ឡាយ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​១៨៨៤។

អនុ​សញ្ញា​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋការ​បារាំង​បាន​កាន់​កាប់​អំណាច​សឹង​ទាំង​ស្រុង​ក្នុង​ការ ​គ្រប់គ្រង​ប្រទេស​កម្ពុជា។ ម្ល៉ោះ​ហើយ​ទោះ​បី​ត្រូវ​គេ​បង្ខំ​ឲ្យ​ទទួល​យក​អនុ​សញ្ញា​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​១៨៨៤ ក៏ដោយ ក៏​ព្រះបាទ នរោត្តម ទ្រង់​បាន​រក​មធ្យោបាយ​ដើម្បី​រំដោះ​ប្រទេស​ព្រះអង្គ​ឲ្យ​រួច​ពី ​ការ​ត្រួតត្រា​ផ្ទាល់​របស់​បរទេស​វិញ​ដែរ។

អនុ​សញ្ញា ១៨៨៤ បាន​បណ្ដោយ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជារាស្ត្រ​ខ្មែរ ហើយ​ពួក​មន្ត្រី​បារាំង​ភាគ​ច្រើន​បាន​យល់​ថា គឺ​ព្រះបាទ នរោត្តម នេះ​ហើយ ជា​អ្នក​ដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​បារាំង​នេះ​ឯង។

ព្រះអង្គ​ទ្រង់​បាន​លៃ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សង្គ្រាម​នេះ​ផ្ដល់​គ្រោះថ្នាក់​ដល់​ព្រះអង្គ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​ជា​ការ​បះបោរ​របស់​ប្រជារាស្ត្រ​ទៅ​វិញ ហើយ​ដែល​គេ​មិន​អាច​ដាក់​កំហុស​ទៅ​លើ​ព្រះអង្គ​បាន​ឡើយ។ កិច្ចការ​ដ៏​លំបាក​នោះ ព្រះអង្គ​ទ្រង់​បាន​បំពេញ​ដោយ​ការ​ប៉ិនប្រសប់​ជា​ទីបំផុត។ ព្រះអង្គ​ទ្រង់​បាន​ដឹកនាំ​ការ​ធ្វើ​សង្គ្រាម ដោយ​គេ​មិន​អាច​ចាប់​ភស្តុតាង​បាន​ដោយ​ជាក់​ស្ដែង​ម្ដង​ណា​ឡើយ។

ការ​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​មាន​រយៈ​ពេល​២៦​ខែ គឺ​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៨៨៤ ដល់​ខែ​មករា ១៨៨៧ ហើយ​បាន​ប្រព្រឹត្ត​ទៅ​ស្ទើរ​ទូទាំង​ប្រទេស។ បារាំង​ត្រូវ​លើក​ទ័ព​ទៅ​តស៊ូ​នឹង​អ្នក​ស្នេហា​ជាតិ​នៅ​គ្រប់​ទិសទី។

ក្រោយ​ពី​លោក Jules Ferry ជា​នាយករដ្ឋមន្ត្រី​បាន​ចាក​ចេញ​ពី​ឆាក​នយោបាយ រដ្ឋាភិបាល​បារាំង បាន​ទទួល​ស្គាល់​នូវ​ការ​ភ័ន្ត​ច្រឡំ​របស់​ខ្លួន ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក Piquet ជា​រ៉េស៊ីដង់សុប៉េរីយើរ។ បារាំង​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ​ព្រះរាជា​វិញ ទុក​ឲ្យ​មាន​តែ​រ៉េស៊ីដង់សុប៉េរីយើរ ម្នាក់​នៅ​អម​ព្រះអង្គ។ កិច្ចការ​រដ្ឋ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ខ្មែរ​កាន់​កាប់​វិញ។ នៅ​តាម​ខែត្រ​មាន​តែ​រ៉េស៊ីដង់​បារាំង ៤​នាក់​ប៉ុណ្ណោះ ដែល​មាន​ដូចជា​នៅ​កំពត ក្រចេះ កំពង់ធំ និង​ពោធិ៍សាត់​ជាដើម ហើយ​ដែល​បាន​ទទួល​បញ្ជា​ថា មិន​ត្រូវ​ទៅ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​អ្នក​ស្រុក ហើយ​ត្រូវ​គោរព ​ទំនៀម​ទម្លាប់​ប្រពៃណី និង​សាសនា​របស់​អ្នក​ស្រុក​ថែម​ទៀត។ ការ​កែ​ទម្រង់​ទាំង​ឡាយ​ដែល​លោក រ៉េស៊ីដង់សុប៉េរីយើរ បាន​ស្នើ ត្រូវ​បាន​ទទួល​សេចក្ដី​យល់ព្រម​ពី​ព្រះ​មហាក្សត្រី​សិន ទើប​អាច​យក​ទៅ​អនុវត្ត​បាន។

លុះ​ព្រះ​រាជា​យល់​ព្រម​តាម​នយោបាយ​ថ្មី​របស់​បារាំង​នៅ​ប្រទេស​ខ្មែរ​ហើយ សន្តិភាព​ក៏​មាន​ឡើង​វិញ ដោយ​ព្រះអង្គ​ទ្រង់​បាន​យាង​ទៅ​ជួប​ពួក​មេ​ដឹកនាំ​ការ​តស៊ូ​ទាំង​អស់​នៅ​វត្ត​ព្រៃទទឹង ហើយ​ទ្រង់​បាន​បញ្ជាក់​ប្រាប់​ថា រដ្ឋការ​បារាំង​បាន​ប្រគល់​អំណាច​មក​ឲ្យ​ខ្មែរ​វិញ​ហើយ។ ដូច្នេះ​ការ​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ក៏​ត្រូវ​បញ្ចប់​ត្រឹម​ពេល​នោះ​ដែរ៕