តុលាការកំពូល បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់អតីតបក្សប្រឆាំងខេត្តព្រះសីហនុ លោក ឆាយ រដ្ឋ កាលថ្ងៃទី២១ ខែមិថុនា។ ប៉ុន្តែ ភរិយា លោក ឆាយ រដ្ឋ គ្មានសង្ឃឹមថា តុលាការកំពូលអនុញ្ញាតឲ្យស្វាមីលោកស្រីអាចនៅក្រៅឃុំនោះឡើយ។
ភរិយារបស់លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ ដែលបានចូលរួមស្ដាប់សវនាការនេះ ឲ្យអាស៊ីសេរីដឹងថា តុលលាការកំពូលនឹងប្រកាសសាលដីកាសំណើរសុំនៅក្រៅឃុំនេះ នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខ។ លោកស្រីយល់ថា តុលាការបើកសវនាការនេះគឺគ្រាន់តែបំពេញទៅតាមនីតិវិធីប៉ុណ្ណោះ ប៉ុន្តែលោកថា លទ្ធផលគឺលោកស្រីបានដឹងមុនទៅហើយថា ស្វាមីលោកស្រីមិនអាចនៅក្រៅឃុំបាននោះទេ៖ «តាមពិតទៅមិនចាំបាច់នាំយើងឲ្យមកដល់ភ្នំពេញតាំងពីពាក់កណ្ដាលយប់គ្រាន់តែទទួលយកចម្លើយប៉ុណ្ណឹងទេ ខ្ញុំដឹងហើយថា គេឲ្យមិនខ្ញុំនៅក្រៅឃុំទេ»។
មេធាវីការពារក្តីឲ្យលោក ឆាយ រដ្ឋ លោក មេធាវី សំ សុគង់ ឲ្យដឹងថា សវនាការនេះ គឺធ្វើតាមបណ្ដឹងរបស់មេធាវីដែលប្តឹងសុំឱ្យលោក ឆាយ រដ្ឋ នៅក្រៅឃុំតាំងពី មិនទាន់ត្រូវតុលាការខេត្តព្រះសីហនុកាត់ក្តីឯណោះ។ លោកមេធាវីបន្តថា ការស្នើសុំនៅក្រៅឃុំនេះគឺសិទ្ធិកូនក្តីរបស់លោកក្នុងការស្នើសុំបើទោះជាពេលនេះកូនរបស់កំពុងអនុវត្តទោសក្តី៖ «ទាក់ទងទៅនឹងសវនាការនេះសុំនៅក្រៅហ្នឹងគឺជាសវនាការមួយមិនពាក់ពន្ធនឹងអង្គសេចក្តីទេ ហើយការសុំនៅក្រៅឃុំនេះខ្ញុំគិតថា ជាសិទ្ធិរបស់ជនគ្រប់រូបទោះក្នុងនាមជាជនជាប់ចោទ ឬជាជនត្រូវចោទក៏ដោយគឺសិទ្ធិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញក៏ដូចជាក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ»។
លោក ឆាយ រដ្ឋ អតីតចៅសង្កាត់រងទី២ គណបក្ស សម រង្ស៊ី ត្រូវអតីតអភិបាលរងខេត្តព្រះសីហនុលោក ស្រ៊ុន ស្រ៊ន បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២១ មករា ការចាប់ខ្លួននេះ ខណៈដើរមកពីមើលដីរបស់ខ្លួនរួចទៅមើលកន្លែងកើតហេតុមួយដែលពលរដ្ឋនៅគ្នាតវ៉ាប្រឆាំងការកំណត់ព្រំដីក្នុងនោះមានជម្លោះក្នុងតំបន់ក្បាលឆាយ ហើយលោកក៏ត្រូវតុលាការខេត្តចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារ។ ប៉ុន្តែ លោក ស្រ៊ុន ស្រ៊ន់ ដែលជាអ្នកបញ្ជាឲ្យចាប់ខ្លួនលោក ឆាយ រដ្ឋ និងអតីតអភិបាលរងខេត្តព្រះសីហនុម្នាក់ឈ្មោះ ផៃ ប៊ុនវណ្ណៈ ត្រូវលោក ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ កាលពីនៅថ្ងៃទី១ ខែមីនា ពាក់ព័ន្ធនឹងការបង្ក្រាបហិង្សាក្នុងការបង្ខំបណ្ដេញករណីជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ។ លោក ហ៊ុន សែន ក៏បញ្ជាឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ ចាត់ការបន្តប្រឆាំងអ្នកទាំងពីរនាក់នោះ។
មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងសង្កេតឃើញថា លោក ឆាយ រដ្ឋ មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ទេ ប៉ុន្តែពួកគេមិនសូវមានសង្ឃឹមថា លោក ឆាយ រដ្ឋ នឹងទទួលបានយុត្តិធម៌ពីតុលាការនោះទេ ខណៈរឿងនេះពួកគេថាជាប់ពាក់ព័ន្ធវិបត្តិនយោបាយដែលគណបក្សកាន់អំណាចកំពុងធ្វើទុក្ខបុកម្នេញលើសកម្មជន និងមន្ត្រីបក្សប្រឆាំងនៅតាមមូលដ្ឋាន។ លោកមេធាវី សំ សុគង់ ឲ្យដឹងថា តុលាការខេត្តព្រះសីហនុបានសម្រេចផ្ដន្ទាទោសឲ្យលោក ឆាយ រដ្ឋ ជាប់ពន្ធនាគាររយៈពេល១៨ខែ។ លោកមេធាវី ថា ពេលនេះលោកបានដាក់ពាក្យស្នើប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់តុលាការខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
