សាច់ញាតិ​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ពលករ​ខ្មែរ ៨០​នាក់​ជាប់​ពន្ធនាគារ​នៅ​ស្រុក​អារញ្ញ​ប្រទេស​ថៃ

0:00 / 0:00

សាច់ញាតិ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​​ដោះលែង​ពលករ​ខ្មែរ​ប្រមាណ ៨០នាក់​កំពុង​ជាប់​ពន្ធនាគារ​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ សាច់ញាតិ​អះអាង​ថា ​សមត្ថកិច្ច​ថៃ​​ចាប់​ពួកគេ​ដាក់​គុក​ជាង​ ៣ខែ​ហើយ​មិន​ទាន់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​នៅ​ឡើយ​ទេ។

សាច់ញាតិ​ពលករ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ស្រុក​អារញ្ញ​ លើក​ឡើង​ថា ពួកគេ​សុទ្ធតែ​ជា​អ្នក​ចាញ់បោក​​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់ ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ ដោយ​មិន​ទាន់​បាន​ធ្វើ​ការ​នៅ​ឡើយ​ទេ។

ឪពុក​ជនរងគ្រោះ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ លោក គង់ សុផាត ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា​ថា កូន​របស់​លោក ២នាក់ និង​អ្នក​ជិត​ខាង ៣នាក់​ទៀត កំពុង​ជាប់​គុក​នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (Srakaeo) ប្រទេស​ថៃ​ មិន​ទាន់​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំង​នោះ​​​ប្រមាណ ៨០នាក់ បាន​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​ធ្វើការ​រោងចក្រ​នៅ​ខេត្ត​ជាប់​ទី​ក្រុង​បាងកក តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ប៉ុន្តែ​មិន​ចាំ​ឈ្មោះ​មេខ្យល់​ទាំង​នោះ​ទេ។​នៅ​​ថ្ងៃ​ទី២៦ ខែ​មេសា ក៏​ប៉ូលិស​ថៃ​ព័ទ្ធ​ចាប់​បាន​ទាំង​អស់​គ្នា រួច​​​បញ្ជូន​ទៅ​ដាក់​នៅ​ទី​ក្រុង​បាងកក​ចំនួន ២ខែ។ ក្រោយ​មក​ថៃ​ក៏​បាន​បញ្ជូន​ពួកគេ​ទៅ​ដាក់​គុក​នៅ​ស្រុក​អារញ្ញ​បន្ត​ទៀត​រហូត​មក​ទល់​សព្វ​ថ្ងៃ៖ «បាទ ! គ្នា​លំបាក​ការ​ហូប​ចុក​បាយ​ក៏​លាយ​ឱ្យ​គ្នា​ស៊ី​បបរ​មិន​សម​និង​បបរ​ គ្នា​យំ​មក​តេ​ឱ្យ​ខ្ញុំ​ផ្ដល់​លុយ​ឱ្យ​ចាយ​ ការ​ដេក​នៅ​ក៏​លំបាក​ទឹក​មុជ​ក៏​លំបាក​ គាត់​ប្រាប់​មក​ខ្ញុំ​ថា បាយ​លាយ​ដាក់​សំរូប​ដូច​បបរ​អីចឹង​ឱ្យ​គ្នា​ហូប​ ហូប​ឆ្អែត​ក៏​ដោយ​មិន​ឆ្អែត​ក៏​ដោយ​ ខ្លះ​គ្នា​មិន​ហ៊ាន​ស៊ី គ្រាន់​តែ​ឃើញ​គាត់​ក្អួត ដែល​គាត់​ជាប់​គុក​ថ្មីៗ​គាត់​អត់​ហ៊ាន​ហូប »

លោក​បន្ត​ថា កូន​របស់​លោក​ទូរស័ព្ទ​មក​ប្រាប់​ក្រុម​គ្រួសារ​ទាំង​ទឹក​ភ្នែក​ជា​រៀងរាល់​ថ្ងៃ​ ក្នុង​ចំណោម​ពលករ​ទាំង ​៨០​នាក់​ ក៏​មាន​ទាំង​កុមារ​តូចៗ ជា​ច្រើន​នាក់​ជាប់​ឃុំ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ពួកគេ​ដែរ ក្នុង​នោះ​មាន​ពលករ​ខ្លះ​បាន​ដួល​សន្លប់​ក្នុង​ពន្ធនាគារ ដោយសារ​ហូប​អាហារ​ក្នុង​ពន្ធនាគារ​បាន​បណ្ដាល​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​នាក់​ទៀត​ផង។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ស្រុក​អារញ្ញ លោក ហ៊ុន សារឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ស្នើ​សុំ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ហេង ហុកម៉េង ប្រាប់​អាស៊ី​សេរី​ថា ខាង​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា អះអាង​ថា ​សមត្ថកិច្ច​ថៃ​តែង​តែ​បញ្ជូន​ពលករ​ខ្មែរ​តាម​ច្រក​ព្រំដែន​នេះ​ជា​រៀង​រាល់​ថ្ងៃ ជាពិសេស​ពលករ​ឆ្លងដែន​ខុស​ច្បាប់​ ដោយ​ខាង​ថៃ​មិន​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ ព្រោះ​ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​ស្រះ​កែវ បាន​ឯកភាព​គ្នា​បញ្ជូន​ពលករ​ធ្វើ​ការ​ខុស​ច្បាប់​មក​ស្រុក​កំណើត​វិញ ដោយ​មិន​មាន​ការ​ដាក់​គុក​ដូច​ពេល​មុន​នោះ​ទេ៖ «ដូច​មិន​មែន​អីចឹង​ទេ​បង​ សាច់​រឿង​មិន​អីចឹង​ផង​ ព្រោះ​អី​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀងគ្នា​ចំពោះ​ពលករ​ខុស​ច្បាប់​នឹង​គឺ​បញ្ជូន​មក​ខ្មែរ​អូតូ​ម៉ាទិច​តែ​ម្ដង។ មាន​ទាំង​អ្នក​ត្រូវ​ច្បាប់​ទៀត​ ដល់​ពេល​អត់​លុយ​មក​ផ្ទះ​ប្រាប់​គេ​ថា​ខុស​ច្បាប់​បញ្ជូន​មក​តាម​នឹង​បណ្ដោយ​​​ដែល​វា​អត់​អស់​សោហ៊ុយ​អត់​អស់​អី មាន​អីចឹង​ទៀត​ មិន​ដាក់​គុក​ដាក់​អី​ទេ ខុស​ច្បាប់​អីចឹង លើក​លែង​តែ​គាត់​ប្រព្រឹត្ត​បទល្មើស​នៅ​ថៃ​អត់​ដឹង​ទេ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc)ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ថ្វីបើ​មានការ​ព្រមព្រៀង​យោគយល់​គ្នា​រវាង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​២​ក៏​ដោយ ក៏​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​តែងតែ​សមត្ថកិច្ច​ថៃ​ចាប់​ដាក់​គុក​ជា​ប្រចាំ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ ជា​មួយ​ភាគី​ថៃ​ ដើម្បី​ជួយ​ដល់​ពលករ​ខ្មែរ ឱ្យ​ឆាប់​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ៖ «យើង​ឃើញ​គ្រាន់​តែ​បើក​ច្រក​ភ្លាម​ពួកគាត់​ចេញ​ទៅ​តាម​ច្រក​នឹង​ ត្រូវ​បង់​លុយ​ឱ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន​ប៉ុនណា​ ហើយ​មេខ្យល់​នាំ​ទៅ​ថៃ​ចេញ​ដូច​ម្រាម​ដៃ​ ប៉ុន្តែ​បែរ​ទៅ​ជា​មិន​ទាន់​ចាត់ការ​មេ​ខ្យល់​ឱ្យ​បាន​ច្រើន​នៅ​ឡើយ​ទេ​ អីចឹង​ទុក​បណ្ដែត​បណ្ដោយ​អ៊ីចឹង ហើយ​អ្នក​រង​គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដដែលៗ ចាប់​ដាក់​គុក​ដដែល​អត់​មាន​អី​ច្រើន​ទេ ចុះ​បើ​មេខ្យល់​មាន​ទប់​ស្កាត់​ឯ​ណា »

ឪពុក​ពលករ​នៅ​ស្រុក​ម៉ាឡៃ​លោក គង់ សុផាត អះអាង​ថា​ មូលហេតុ​ដែល​កូន​ធ្វើ​ចំណាក​ស្រុក​ដោយសារ​ពួកគេ​គ្មាន​ការងារ​ធ្វើ​នៅ​​ស្រុក​កំណើត ស្រប​ពេល​ដែល​គ្រួសារ​បាន​ខ្ចី​ប្រាប់​ពី​ធនាគារ ដើម្បី​ដាំដុះ​ហើយ​ខាត​ដើម​ទុន​ ក៏​នាំ​គ្នា​ទៅ​ថៃ ដើម្បី​រក​ប្រាក់​សង​ធនាគារ​វិញ ក៏​ស្រាប់​តែ​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់​ ដោយ​​ត្រូវ​ជាប់​គុក​នៅ​ប្រទេស​ថៃ​ទៅ​វិញ។

លោក ស៊ុំ ច័ន្ទគារ​ លើក​ឡើង​ថា អាជ្ញាធរ​ក៏​ត្រូវ​តែ​ស្វែង​រក​ចាប់​មេខ្យល់​ដែល​នាំ​ពលករ​ឆ្លងដែន​ខុស​ច្បាប់​ ទៅ​ដាក់​ទោស​តាម​ច្បាប់ និង​រឹត​បន្តឹង​តាម​ព្រំដែន​ឱ្យ​បាន​តឹងរ៉ឹង​ ដើម្បី​កុំ​ឱ្យ​ពួកគេ​បោក​ប្រាស់​​ពលរដ្ឋ​​នាំ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ​ខុស​ច្បាប់​​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។