មេធាវី​ម្នាក់​ដក​ខ្លួន ជា​បេក្ខភាព​ប្រធាន​គណៈមេធាវី ខណៈ​៥​នាក់​ទៀត​កំពុង​ឃោសនា

0:00 / 0:00

បេក្ខភាព​ប្រធាន​គណៈមេធាវី​ម្នាក់ សុំ​ដក​ខ្លួន ពី​ការបោះឆ្នោត​ប្រធាន​គណៈមេធាវី អាណត្តិ ទី​១៣ ខណៈ​មេធាវី​ចំនួន ៥​នាក់ កំពុង​ឃោសនា​រក​ការ​គាំទ្រ​។ បេក្ខភាព​ទាំង​៥​នាក់ អះអាង​ថា ពួកគេ បាន​ដាក់​ចេញ​គោលការណ៍ រៀងៗ​ខ្លួន​ច្រើន​ចំណុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​ច្បាប់ និង​លើកកម្ពស់​វិជ្ជាជីវៈ​មេធាវី។

បេក្ខភាព សុំ​ដក​ខ្លួន ពី​ការប្រកួត​ប្រធាន​គណៈមេធាវី គឺ លោក​មេធាវី ឡុង ដារ៉ា ដែល​មាន​លេខ​រៀង​ទី​៣ នៅ​លើ​សន្លឹកឆ្នោត។ ក្នុង​សេចក្ដីជូនដំណឹង​របស់​គណៈមេធាវី មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ដកខ្លួន​នេះ​ទេ តែ​បង្ហាញ​ថា នៅសល់​បេក្ខភាព​ឈរ​ឈ្មោះ ជា​ប្រធាន​គណៈមេធាវី​ចំនួន ៥​នាក់​។​

មេធាវី ទាំង​៥​នាក់ សុទ្ធតែ​មាន​​កេរ្តិ៍ឈ្មោះ​ល្បី ក្នុង​វិស័យ​យុត្តិធម៌ និង​កំពុង​ប្រកប​វិជ្ជាជីវៈ​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្នុង​នោះ បេក្ខភាព​ម្នាក់ គឺ​លោក​មេធាវី លី ច័ន្ទតុលា គឺជា​មេធាវី​ស្និត ជាមួយ​រដ្ឋាភិបាល ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​បក្ស​កាន់អំណាច និង​ធ្លាប់​មាន​ស្នាដៃ ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ក្នុង​ការ​តតាំង​ក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧។

បេក្ខភាព​២​នាក់​ផ្សេងទៀត គឺ​មេធាវី កែត ឃី និង​មេធាវី សំ សគង់ មានឈ្មោះ​ល្បី ខាង​កាន់​សំណុំរឿង​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​។ ឯ​បេក្ខភាព​ម្នាក់ គឺ​លោក​មេធាវី សេក សោភ័ណ ធ្លាប់​កាន់​ក្ដី​ឲ្យ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ក្នុង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ជាច្រើន និង​បេក្ខភាព​ចុងក្រោយ គឺ​មេធាវី​ជើង​ចាស់ លោក ស សូវ៉ាន។

បេក្ខភាព​លេខ​រៀង​ទី​១ នៅ​លើ​សន្លឹកឆ្នោត គឺ​លោក​មេធាវី លី ច័ន្ទតុលា ប្រាប់​អាស៊ីសេរី ថា លោក បាន​ដាក់​ចេញ​គោលការណ៍ ៨​ចំណុច ដើម្បី​ពង្រឹង​ការ ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​។ លោក ថា ក្នុង​អំឡុង​ឱកាស​ឃោសនា​រក​សំឡេង​គាំទ្រ ពី​សហភាតា រយៈពេល​១​ខែ លោក​បាន​អញ្ជើញ​មេធាវី និង​មិត្តភ័ក្ដិ​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលការណ៍ និង​ស្វែងរក​សំឡេង​គាំទ្រ។

លោក លី ច័ន្ទតុលា យល់ថា ជា​រឿង​ល្អ ក្នុង​ការ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​នយោបាយ​ផ្សេងៗ ព្រោះ​លោក​មាន​គោលការណ៍​រឹតចំណង​មិត្តភាព រវាង​គណៈមេធាវី ជាមួយ​គ្រប់​ស្ថាប័ន៖ «មួយទៀត ក៏​ជា​ចំណុច​សំខាន់​ដែរ​ហ្នឹង គឺ​វា​ទាក់ទង​ទៅ​នឹង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន ឬក៏​ក្រសួង​ស្ថាប័ន​នៅ​ក្នុង​ប្រទេស​យើង​ហ្នឹង ទាំង​ក្នុងស្រុក ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​អន្តរជាតិ ក៏​ជា​ជម្រើស​ការងារ​ហ្នឹង​ដែរ គឺ​វា​ទាក់ទង​នឹង​ការ​យើង​ថា ជួយ​ដល់​មេធាវី នៅ​ពេល​ដែល​គាត់​មាន​បញ្ហា​សុខភាព គាត់​ចាស់ជរា គាត់​មាន​គ្រោះថ្នាក់​អ្វី​ហ្នឹង គឺ​ខ្ញុំ​បង្កើត​ជា បន្ត​អនុវត្ត​នូវ​យន្តការ​មូលនិធិ ដើម្បី​ជួយ​ដល់​ពួកគាត់​ដែរ»។

ចំណែក​បេក្ខភាព​ឈរ​ឈ្មោះ​លេខ​រៀង​ទី​២ និង​លេខ​រៀង​ទី​៤ គឺ លោក​មេធាវី កែត ឃី និង​លោក​មេធាវី សំ សុគង់។ លោក ទាំងពីរ គឺជា​មេធាវី​កាត់ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ដែល​រង​ការ​ចាប់​ខ្លួន ក្រោម​បទ​ញុះញង់ ចូលរួម​គំនិត​ក្បត់ ជេរប្រមាថ​រដ្ឋាភិបាល និង​រឿងក្ដី នយោបាយ​ផ្សេងទៀត​។​

លោក​មេធាវី សំ សុគង់ មើល​ឃើញ​ថា ការបោះឆ្នោត​រើស​ប្រធាន​គណៈមេធាវី គឺ​ខ្វះ​តម្លាភាព ដោយសារ មាន​ការទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត តាមរយៈ​ការ​បង្កើត​កម្មវិធី​ជប់លៀង ច្រៀង​រាំ ការ​ផ្ដល់​សិទ្ធិ​ឲ្យ​មានការ​បោះឆ្នោត​ជំនួស និង​ខ្វះ​កម្មវិធី​ជជែក​ដេញដោល​គ្នា​រវាង​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង ពី​គោលការណ៍​ពង្រឹង​វិជ្ជាជីវៈ​សេរី ជាដើម។

លោក​មេធាវី សំ សុគង់ ចូលរួម​ឈរឈ្មោះ ជា​បេក្ខភាព​ប្រធាន ដោយសារ លោក​ចង់​ផ្លាស់ប្ដូរ​ទម្លាប់​មិនល្អ​ទាំងនេះ និង​ចង់​លើកស្ទួយ​វិជ្ជាជីវៈ​មេធាវី ទាំង​ក្នុង​តុលាការ និង​លើ​ឆាក​អន្តរជាតិ។ លោក ដាក់​ចេញ​គោលការណ៍​ច្រើន​ចំណុច ដោយ​ចង់​ពង្រឹង​វិន័យ​វិជ្ជាជីវៈ​សេរី​នេះ កុំ​ឲ្យ​ស្ថិត​ក្រោម​អំណាច​ទាំង​៣ និង​ពង្រីក​ការ​ទំនាក់ទំនង ជាមួយ​ស្ថាប័ន​អន្តរជាតិ ដើម្បី​ផ្លាស់ប្ដូរ ចែករំលែក​បទពិសោធន៍​វិជ្ជាជីវៈ​មេធាវី និង ពង្រឹង​លទ្ធភាព​ជួយ​ការពារ​កូនក្ដី នៅ​ក្រៅ​ប្រទេស៖ «កន្លង​មក​យើង​ឃើញ មិន​មាន​អ្វី​ការ​រីកចម្រើន​ទេ (​ គណៈមេធាវី​ )​ ។ ឃើញ​រីកចម្រើន​តែ​សមាជិក​ទេ ទី​១ ហើយ​ទី​២ យើង​ឃើញ​ថា សមត្ថភាព​របស់​មេធាវី​នៅ​មានកម្រិត​នៅឡើយ ទាំង​ភាសាបរទេស​ហ្នឹង​។ ទី ៣ ខ្ញុំ​ឃើញ​ទាក់ទង​នឹង​ស្ថាប័ន​ផ្សេងៗ​ហ្នឹង មិន​ទាន់​ឲ្យ​តម្លៃ ទៅលើ​វិជ្ជាជីវៈ​មេធាវី​ទេ ជាពិសេស​គឺ​ខាង​ស្ថាប័ន​តុលាការ​តែម្ដង គឺ​មិនសូវ​ជា​មាន​ឲ្យ​តម្លៃ ទៅលើ​មេធាវី​ទេ​។ អ៊ីចឹង បើ​និយាយ​ពី​ការដឹកនាំ​ (​ គណៈមេធាវី​ ) ដូច​មិន​មាន​អ្វី​ប្លែក​ទេ ដូច​តែ​មុន​អ៊ីចឹង​។ អ៊ីចឹង ខ្ញុំ​ឈរ​ជា​បេក្ខជន ដើម្បី​ឲ្យ​មាន​ជម្រើស​ថ្មី ដូចជា​ពាក្យស្លោក គេ​ថា ភាព​ដដែលៗ គឺជា​សត្រូវ​នៃ​ការអភិវឌ្ឍ។ អ៊ីចឹង ខ្ញុំ​គិត​ថា សមាជិក​គណៈមេធាវី គួរតែ​មាន​ជម្រើស​ថ្មី»។

ឯ​បេក្ខភាព​លេខ​រៀង​ទី​៥ នៅ​លើ​សន្លឹកឆ្នោត លោក​មេធាវី សេក សោភ័ណ បាន​ដាក់​ចេញ​គោលការណ៍​៦​ចំណុច ដោយ​ផ្ដោត លើ​ការស្វែងរក​មូលនិធិ ដើម្បី​ជួយ​ពង្រឹង​មេធាវី ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ខ្វះ​លទ្ធភាព​ជួល​មេធាវី និង​ការ​ផ្លាស់ប្ដូរ បេក្ខភាព​មេធាវី​កម្ពុជា ឲ្យ​បាន​ចូលរួម​ការពារ​ក្ដី​ក្នុង​តំបន់ និង​ក្នុង​អាស៊ាន​ជាដើម។

លោក​មេធាវី សេក សោភ័ណ មិន​យល់​ទាស់​ចំពោះ​កម្មវិធី​ជប់លៀង ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត ឬ​ហៅថា សហភាតា​ទេ ព្រោះ លោក​យល់​ថា មេធាវី​ខ្លះ​ដែល​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​នេះ ដោយសារ​ការ​ទើសទាល់ ហើយ​មិន​បោះឆ្នោត​ឲ្យ ដោយសារ​ការ​ជប់លៀង​ទេ។ តែ​លោក ចាត់​ទុក​ថា កម្មវិធី​ជប់លៀង​រក​សំឡេងឆ្នោត ជា​ការ​ខ្វះ​តម្លាភាព។ លោក​អះអាង​ថា ធ្លាប់​សរសេរ​លិខិត​តវ៉ា ទៅ​គណៈមេធាវី ចំពោះ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​បោះឆ្នោត​ជំនួស ដោយសារ​ខុស​ពី​ច្បាប់​ស្ដីពី សហ​លក្ខន្តិកៈ​មេធាវី មាត្រា​១៦ ដែល​កំណត់​ថា ការបោះឆ្នោត​រើស​ប្រធាន គឺ​ធ្វើ​ឡើង​ដោយ​សម្ងាត់៖ «ដោយសារ​ខ្ញុំ មាន​ប្រវត្តិ​ការងារ​ជា​អ្នកគ្រប់គ្រង​ច្រើន​ឆ្នាំ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​មួយ​ចំនួន ដែល​លើកកម្ពស់​ផ្នែក​យុត្តិធម៌​ហ្នឹង នឹង​រក​មូលនិធិ​បន្ថែម​ទៀត ក្រៅពី​មូលនិធិ​បច្ចុប្បន្ន​ហ្នឹង ដើម្បី​ការពារ​ជន​ក្រីក្រ ដែល​ជា​ការ​តម្រូវ​របស់​គណៈមេធាវី​ស្រាប់ តាម​ផ្លូវ​ច្បាប់ ហើយ​ចំណុច​ទាំងអស់​ហ្នឹង សំខាន់​ណាស់ ព្រោះ​ជន​ក្រីក្រ​ហ្នឹង ត្រូវការ​មេធាវី​ច្រើន​ណាស់ ហើយ​ចុងក្រោយ ចំណុច​ទី​៦​ក្រោយ​ហ្នឹង គឺ​ពង្រីក​កិច្ចសហការ​ជាមួយ​គណៈមេធាវី​ក្នុង​តំបន់ ហើយ​និង​ប្រទេស​មួយ​ចំនួន​​​ទៀត ក្នុង​ពិភពលោក ព្រោះ​យើង​ជា​អង្គការ​សមាជិកភាព»។

បេក្ខភាព​លេខ​រៀង​ទី​៦ លើ​សន្លឹកឆ្នោត លោក​មេធាវី ស សូវ៉ាន មិន​រំពឹង​ថា ជាប់​ជា​ប្រធាន​គណៈមេធាវី​ទេ​។ មេធាវី វ័យ​៨១​ឆ្នាំ​រូប​នេះ ប្រាប់​ថា មិត្តភ័ក្ដិ​ចាស់ៗ បាន​ពឹង​ឲ្យ​លោក​ឈរ​ឈ្មោះ ព្រោះ​ស្ដាយ​បទពិសោធន៍ និង​ចំណេះដឹង​របស់​លោក​។ អតីត​សាស្ត្រាចារ្យ​ច្បាប់​រូប​នេះ មិន​បាន​ធ្វើ​ការ​ឃោសនា រក​ការ​គាំទ្រ​អ្វី​ទាំងអស់​។ ប៉ុន្តែ លោក​ប្រាប់​ថា អាច​នឹង​មានឱកាស​ឃោសនា​រយៈពេល​ខ្លី នៅ​ថ្ងៃ​បោះឆ្នោត ដែល​រៀបចំ ដោយ​គណៈមេធាវី៖ «មិត្តភ័ក្ដិ​ចាស់ៗ​ហ្នឹង គេ​ថា ឲ្យ​ជួយ​ទៅ។ ខ្ញុំ​ថា ខ្ញុំ​ជួយ មានតែ​ឈរ​ទៅ បាន​ប៉ុន្មាន​ក៏បាន​ទៅ មិនបាន​ក៏​ធ្លាក់​ទៅ​។ ខ្ញុំ​ច្បាស់​ហើយ មិន​ជាប់​ទេ អាហ្នឹង គឺថា មិន​ជាប់​ទេ​។ តែ​ក្រែង​កូនសិស្ស​ខ្លះ គេ​ដឹង​ថា ខ្ញុំ​ធ្លាប់​បង្រៀន​ធ្លាប់​អ្វី​ណា ហើយ​គេ​សុំ​យោបល់​អ្វី​ទេ ខ្ញុំ​ចេះតែ​ជូន​ទៅ យោបល់​ច្បាប់ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​ចេះតែ​ឈរ​ទៅ»។

ប្រធាន​គណៈមេធាវី មាន​អាណត្តិ​២​ឆ្នាំ ហើយ​ការបោះឆ្នោត ជ្រើសរើស​ប្រធាន​អាណត្តិ​ទី១៣ គឺ​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី​១៦ តុលា ខាងមុខ​។ បេក្ខភាព​ទាំង ៥​នាក់ និង​អ្នកគាំទ្រ អាច​ធ្វើ​ការឃោសនា រយៈពេល ១​ខែ ចាប់ពី​ថ្ងៃ​ទី​១៥ កញ្ញា ដល់​ថ្ងៃ​ទី​១៤ តុលា។

គិត​ត្រឹម​ខែ​សីហា មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ មាន​ជាង​មួយ​ពាន់ (១ ៥៧៩)នាក់។ មេធាវី កម្មសិក្សា​មាន​ជាង​បួន​រយ (៤០៨)​នាក់​។ មេធាវី​មិន​ប្រកប​វិជ្ជាជីវៈ មាន​ជាង​មួយ​រយ (១១៣)​នាក់ មេធាវី​សុំ​នៅ​ក្រៅ​បញ្ជី​មាន ២៧​នាក់ មេធាវី​ហាមឃាត់​ប្រកប​វិជ្ជាជីវៈ មាន​២​នាក់ មេធាវី​ផ្អាក​ពីមុខ​ងារ ២​នាក់ និង​មេធាវី លុប​ឈ្មោះ​ពី​បញ្ជី មាន ២០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។