សាលាដំបូងរាជធានីភ្នំពេញ បន្តជំនុំជម្រះលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងថ្ងៃទី១ នៃសប្ដាហ៍ទី៥ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ។
ក្នុងសវនាការនៅព្រឹកនេះ ក្រុមមេធាវីការពារក្តី លោក កឹម សុខា បន្តជំទាស់នឹងការប្រើប្រាស់ភស្តុតាងដែលបានគណនីហ្វេសប៊ុក អនាមិកឈ្មោះកូនខ្មែរ ប៉ុន្តែខាងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល អះអាងថា ភស្តុតាងនេះ នៅតែមានតម្លៃមិនអាចមោឃភាពបានទេ។ ការសួរដេញដោលរឿងភស្តុតាងនេះ បានប្រើពេលវេលាជាង ១ម៉ោង។
សវនាការបន្ទាប់មកទៀត ខាងតំណាងអយ្យការ បានចោទសួរអំពីប្រវត្តិទំនាក់ទំនងរវាងលោក កឹម សុខា និងលោក សម រង្ស៊ី និងមានការចរចាគ្នារបៀបណាខ្លះទម្រាំឈានដល់ បង្កើតគណបក្សសង្គ្រោះជាតិ និងហេតុអ្វីបានជានៅតែរក្សាទុកគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ទៀត។ លោក កឹម សុខា ឆ្លើយតបថា ការមិនរំលាយគណបក្សទាំងពីរ ព្រោះចង់រក្សាអាសនៈ ដែលបានពីការបោះឆ្នោតមុនការរួបរួមគ្នា។ តំណាងអយ្យការ ក៏បានចោទសួរអំពីការចេញសេចក្ដីថ្លែងការណ៍រួមពេលបង្កើតគណបក្សសង្គ្រោះជាតិដែរថា ហេតុអ្វីបានជា សេចក្ដីថ្លែងការណ៍ នោះប្រកាសថា នឹងសង្គ្រោះប្រទេសកម្ពុជាឲ្យទាន់ពេលវេលា បញ្ចប់អំណាចដែលបានបម្រើ បរទេសឈ្លានពាន។ ក្នុងពេលនោះ ខាងភាគីមេធាវីរដ្ឋាភិបាល ក៏បានស្នើឲ្យចាក់វីដេអូមួយ ដែលមានរូបលោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋងើបបះបោរ និងឲ្យកម្លាំងទាហានចូលរួមផ្ដួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែន ជាដើម។ ក្រោយការចាក់វីដេអូនេះ តំណាងអយ្យការចោទសួរថា តើ លោក កឹម សុខា មានជំហរដូចលោក សម រង្ស៊ី ដែរ ឬយ៉ាងណា ប៉ុន្តែមេបក្សប្រឆាំងរូបនេះតបថា លោកគ្មានជំហរបែបនោះទេ គឺជំហរចង់ឲ្យមានការផ្លាស់ប្ដូរ តាមបែបប្រជាធិបតេយ្យ និងការបោះ ឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។
សវនាការលោក កឹម សុខា នឹងបន្តនៅពេលរសៀលនេះទៀត។
សូមលោកអ្នកនាងរង់ចាំស្ដាប់ សេចក្ដីរាយការណ៍ពិស្ដារនៅពេលល្ងាច។