រដ្ឋសភាឯកបក្សនឹងឱ្យតំណាងសង្គមស៊ីវិល ដែលស្នើសុំផ្ដល់យោបល់លើច្បាប់ស្ដីពីរបបសន្តិសុខសង្គម បានចូលរួមពិនិត្យ និងផ្ដល់យោបល់ នៅរសៀលថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។ អង្គការសង្គមស៊ីវិលថា គិតត្រឹមរសៀលថ្ងៃទី៤ តុលា ពួកគេមិនទាន់ទទួលបានការកោះអញ្ជើញ ពីរដ្ឋសភានៅឡើយទេ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់ថា រដ្ឋសភានឹងពិភាក្សាជាមួយក្រុមសង្គមស៊ីវិលទាំងនោះ នៅរសៀលថ្ងៃច័ន្ទ ទី៧ តុលា គឺបន្ទាប់ពីបិទកិច្ចប្រជុំរដ្ឋសភានៅពេលព្រឹករួច។ លោកមិនអាចផ្ដល់ព័ត៌មានលម្អិតជាងនេះទេ ដោយសារលោកអះអាងថា លោកដឹងតែប៉ុណ្ណឹង ឯកិច្ចការផ្សេងទៀត គណៈកម្មការជំនាញទី៨ ជាអ្នកទទួលខុសត្រូវ៖ «នឹងពិគ្រោះជាមួយសង្គមស៊ីវិលថ្ងៃច័ន្ទ ថ្ងៃច័ន្ទល្ងាច ហើយនែប្រហែលជាថ្ងៃច័ន្ទហ្នឹង មិនទាន់អាចពិនិត្យមើលច្បាប់ហ្នឹងទេបាទ។ ថ្ងៃច័ន្ទល្ងាច នៅក្នុងរដ្ឋសភា។ អ៊ីចឹង គឺគណៈកម្មការទី៨ គាត់ទទួលបន្ទុក គាត់ប្រាប់ខ្ញុំផ្ទាល់ គាត់ទទួលបន្ទុកការងារហ្នឹង»។
ការសម្រេចនេះ គឺក្រោយពេលរដ្ឋសភាឯកបក្ស ក្នុងរបបលោក ហ៊ុន សែន បានបើកកិច្ចប្រជុំលើកទី៣ នៃនីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ តុលា។ សម័យប្រជុំពេញអង្គនេះ រដ្ឋសភាឯកបក្ស បានអនុម័តរបៀបវារៈចំនួន៣ ក្នុងចំណោម ៧របៀបវារៈ ក្នុងនោះគឺ អានព្រះរាជសារព្រះមហាក្សត្រ អានរបាយការណ៍សកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ និងពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។
កិច្ចប្រជុំរដ្ឋសភាឯកបក្ស នឹងបន្តទៅព្រឹកថ្ងៃច័ន្ទ ទី៧ តុលាទៀត។ លោក ឡេង ប៉េងឡុង ឱ្យដឹងថា កិច្ចប្រជុំនៅពេលបន្ត នឹងមិនទាន់ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដែលស្ថិតនៅក្នុងរបៀបវារៈ ទី៧ នៃរបៀបវារៈប្រជុំឡើយ គឺអាចនឹងរង់ចាំក្រោយពេលគណៈកម្មការទី៨ ជួបជាមួយក្រុមអង្គការសង្គមស៊ីវិលជាមុនសិន។
ក្រុមអង្គការ សមាគម និងសហជីព ជាង ១០ស្ថាប័ន ដែលធ្វើការពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម កាលពីថ្ងៃទី៩ កញ្ញា បានសរសេរលិខិតរួមគ្នា ដាក់ទៅប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន ដោយស្នើសុំអត្ថបទសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងពិគ្រោះយោបល់ឱ្យបានពេញលេញជាមួយភាគីពាក់ព័ន្ធ ព្រោះពួកគេយល់ឃើញថា សេចក្ដីព្រាងច្បាប់នេះ មិនត្រូវបានបង្ហាញជាសាធារណៈទេ។ ម្ល៉ោះហើយ ពួកគេព្រួយបារម្ភថា ច្បាប់នេះ នឹងមិនបម្រើដល់ផលប្រយោជន៍កម្មករពេញលេញដូចច្បាប់មុនៗ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជា ហៅកាត់ថា ស៊ីខាឌូ លោក គង់ អាទិត្យ ជាតំណាងម្នាក់ ដែលបានចូលរួមដាក់លិខិតទៅរដ្ឋសភា ឱ្យដឹងត្រឹមរសៀលថ្ងៃទី៤ តុលាថា លោកមិនទាន់ទទួលបានដំណឹងបែបណាឡើយ។ តែយ៉ាងណាក្ដី មន្ត្រីសហជីពរូបនេះ សង្ឃឹមថា រដ្ឋសភា នឹងបើកឱ្យសង្គមស៊ីវិលផ្ដល់យោបល់ មិនមែនត្រឹមឱ្យទៅចូលរួមអង្គុយស្ដាប់ឡើយ។
លោក គង់ អាទិត្យ ក៏ចង់ឱ្យរដ្ឋសភា ប្រគល់អត្ថបទសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ឱ្យខាងអង្គការសមាគម ពិនិត្យមើលខ្លឹមសារសិន មុនពេលចាប់ផ្ដើមពិភាក្សា ទើបភាគីសង្គមស៊ីវិល មានលទ្ធភាពផ្ដល់យោបល់បានល្អ៖ «បើសិនជាខាងរដ្ឋសភា គេបើកឱ្យយើងចូលទៅហ្នឹង ថាទៅលក្ខណៈគ្រាន់តែទៅស្ដាប់ ឬទៅចូលរួម។ បើគ្រាន់តែគេបើកឱ្យយើងចូលទៅស្ដាប់ អាហ្នឹងវាដូចអត់មានអ្វី ត្រូវផ្លាស់ប្ដូរ វាអត់មានអ្វីល្អ។ តែបើការប្រជុំណាមួយ ឱ្យពួកយើងចូលរួមជាមតិ ជាយោបល់អ្វី បានវាជាចំណុចល្អ ឬក៏ផ្ញើជាឯកសារអ្វី សំណូមពរអ្វី អ៊ីចឹងទៅណា ប៉ុន្តែមកដល់ឥឡូវមិនទាន់ទទួលបានព័ត៌មានអ្វីលម្អិតផង»។
សេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាក់តែង កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គម សម្រាប់ប្រជាពលរដ្ឋទូទៅ ស្របតាមគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់អះអាងថា បានពិគ្រោះយោបល់ ជាមួយក្រុមអ្នកជំនាញការផ្នែកច្បាប់របស់អង្គការអន្តរជាតិខាងការងារ (ILO) និងធ្លាប់រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ច្រើនដង ជាមួយតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា និងតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជាជាដើម។ បន្ទាប់មក សេចក្ដីព្រាងច្បាប់នេះ ត្រូវគណៈរដ្ឋមន្ត្រីនៃរបបក្រុងភ្នំពេញ អនុម័ត កាលពីថ្ងៃទី២ ខែសីហា។ ប៉ុន្តែខ្លឹមសារអត្ថបទនៃសេចក្ដីព្រាងច្បាប់នេះ មិនត្រូវបាន របបក្រុងភ្នំពេញ បង្ហាញជាសាធារណៈឡើយ។ ក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភថា ការមិនបង្ហាញអត្ថបទទាំងស្រុងនៃសេចក្ដីព្រាងច្បាប់នេះ និងការមិនបើកឱកាសឱ្យអង្គការ សមាគមឯករាជ្យចូលរួមពិភាក្សា ផ្ដល់យោបល់ នឹងធ្វើឱ្យច្បាប់នេះ មិនអាចបម្រើផលប្រយោជន៍កម្មករពេញលេញ ដូចច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីពីអង្គការ សង្គមស៊ីវិលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
