សង្គម​ស៊ីវិល គាំទ្រ​ការ​តម្រូវ​ឲ្យ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មិន​អាច​បំពេញ​មុខងារ​សាធារណៈ​ពីរ​ផ្សេង​គ្នា

មន្ត្រី​សង្គម​ស៊ីវិល ​និង​អ្នក​ជំនាញ​ច្បាប់ ​គាំទ្រ​ចំពោះ​វិធានការ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​តម្រូវ​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ផ្ដាច់​ពី​មុខ​ងារ​ជា​ចៅក្រម ឬ​ព្រះ​រាជអាជ្ញា​ ប្រសិនបើ​ជាប់​បំពេញ​មុខងារ​សាធារណៈ​ផ្សេង​ទៀត។ ពួកគេ​​យល់ថា ​ការ​រឹត​បន្តឹង​ដូច្នេះ គឺ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​អាច​បំពេញ​តួនាទី​ដោយ​ឯករាជ្យ ​និង​ទុក​ឱកាស​ការ​ងារ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។

ប្រធាន​ក្រុម​អ្នក​ច្បាប់ អមរិន្ទ លោក សុក សំអឿន មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឲ្យ​ចៅក្រម ​ឬ​ព្រះរាជអាជ្ញា មិន​អាច​បំពេញ​មុខងារ​សាធារណៈ​ពីរ​ក្នុង​ពេល​តែ​មួយ ​គឺ​មាន​ចែង​ក្នុង​ច្បាប់​ជា​យូរ​មក​ហើយ ប៉ុន្តែ​លោក ​ភ្ញាក់ផ្អើល​ដែល​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ទើប​ចាប់​អនុវត្តន៍​ច្បាប់​នៅ​ពេល​នេះ​ទៅវិញ។ អ្នក​ជំនាញ​ច្បាប់​រូប​នេះ​ យល់ថា ការ​ដែល​ចៅក្រម ឬ​ព្រះរាជអាជ្ញា ​កំពុង​បំពេញ​វិជ្ជាជីវៈ របស់​ខ្លួន​ ប៉ុន្តែ​បែរ​ជា​ជាប់​រវល់​បំពេញ​មុខងារ​សាធារណៈ​ផ្សេង​ទៀត ​ដូចជា​មុខងារ​ជា​តំណាង​រាស្ត្រ សមាជិកព្រឹទ្ធសភា​ សមាជិករដ្ឋាភិបាល ឬ​ក៏​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​អ្នកធំ​ណា​ម្នាក់ គឺ​នាំ​ឲ្យ​បាត់បង់​នូវ អព្យាក្រិត្យ និង​ឯករាជភាព​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​យុត្តិធម៌៖ « ទៅ​ធ្វើ​ទីប្រឹក្សា​ឲ្យ​អ្នក​ធំ​ណា​មួយ ក៏​អត់​បាន​ដែរ ព្រោះ​យើង​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា គឺ​យើង​ត្រូវ​តែ​ឯករាជ្យ ។ ព្រះរាជអាជ្ញា​អាច​លើកលែង​ប៉ុន្តែ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​យើង​គឺ​ចាត់​ទុក​ដូច​ចៅក្រម​ដែរ ដូច្នេះ​ហើយ​បើ​នៅ​ស្រុក​គេ ព្រះរាជអាជ្ញា គឺ​ជា​មេធាវី​ទេ។ ដូច្នេះ​ហើយ​ត្រូវ​តែ​រក្សា​ឯករាជភាព​របស់​ខ្លួន​ឲ្យ​ច្បាស់ »

ការ​លើក​ឡើង​នេះ ​បន្ទាប់ពី​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៥ ​ខែកញ្ញា​ បង្ហាញ​ថា​ យោង​តាម​ច្បាប់​ស្តី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា ​ត្រង់​មាត្រា ​៤៤ និង​មាត្រា​១០៦ ​គឺ​ចៅក្រម ​ឬ​ព្រះរាជអាជ្ញា​ទាំង​អស់ ​មាន​វិសមត្ថភាព ​ឬ​មិន​អាច​បំពេញ​មុខងារ​សាធារណៈ​ផ្សេង​ ដូចជា​មុខងារ​តំណាងរាស្ត្រ ​សមាជិកព្រឹទ្ធសភា ​សមាជិករដ្ឋាភិបាល​ អនុរដ្ឋលេខាធិការ​ មុខងារ​ទទួល​អាណត្តិ​ដោយ​ការ​បោះឆ្នោត​ដទៃ​ទៀត ឬ​មុខ​ងារ​ជា​ទីប្រឹក្សា​គ្រប់​ឋានានុក្រម ។ សេចក្ដី​ជូន​ដំណឹង​ដដែល ​បញ្ជាក់​ថា ​ប្រសិនបើ​ចៅក្រម ​ឬ​ព្រះរាជអាជ្ញា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខ ងារ​ទាំង​នេះ​ ហើយ​មាន​បំណង​ចង់​នៅ​បំពេញ​មុខងារ​ណា​មួយ ​ត្រូវ​ដាក់ពាក្យ​សុំ​ផ្ដាច់​ពី​មុខងារ​ជា​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា ​ឲ្យបាន​យ៉ាង​យូរ​ត្រឹម​ដំណាច់​ឆ្នាំ២០២០ ​បើ​ពុំ​នោះ​ទេ ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម នឹង​ពិនិត្យ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អគ្គលេខាធិការ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ​លោក សំ ប្រជាមានិត បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សេចក្តី​ជូន​ដំណឹង​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ ​គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា ​មិន​អាច​បំពេញ​កិច្ចការ​រដ្ឋ ឬ​ការងារ​សាធារណៈ​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ។ ​​លោក​ពិនិត្យ​ឃើញ​ថា ​មាន​ចៅក្រម​ឬ​ព្រះរាជអាជ្ញា​ច្រើន ​មាន​តួនាទី​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ ដែល ធ្វើ​ឲ្យ​សាធារណជន​រិះគន់​អំពី​ឯករាជភាព​របស់​ពួក​គេ​ក្នុង​ការ​អនុវត្ត​ច្បាប់៖ « វិសមត្ថភាព គឺ​ទាល់​តែ​មាន​តួនាទី​ពីរ​នៅ​ក្នុង​រាជរដ្ឋាភិបាល ប៉ុន្តែ​បើ​សិន​ជា​មន្ត្រី​មាន​មុខងារ និង​តួនាទី ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស គឺ​អត់​មាន​វិសមត្ថភាព​ទេ ប៉ុន្តែ មាន​ការ​រិះគន់​កន្លង​មក​ថា វា​គួរ​តែ​មាន​ការ​ចែក​ឲ្យ​ដាច់ កុំ​ឲ្យ​មាន​ការ​ធ្វើ​តួនាទី​ក្នុង​នយោបាយ ដើម្បី​ឲ្យ​តួនាទី​របស់​ចៅក្រម ឬ​ព្រះរាជអាជ្ញា មាន​ឯករាជភាព​ក្នុង​ពេល​បំពេញ​ការងារ​របស់​ខ្លួន »

ក្រៅពី​មាន​បញ្ហា​វិសមត្ថភាព​ការងារ​នោះ​ កន្លង​មក ​គេ​សង្កេត​ឃើញ​ថា​ ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​លើស ៦០ឆ្នាំ មិនព្រម​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់​នោះ​ទេ ពោល​គឺ នៅ​បន្ត​ការងារ ​និង ត្រូវ​បាន​ដំឡើង​ឋានៈ​ថែម​ទៀត​ផង។ ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំង​នោះ ​ភាគច្រើន​​សុទ្ធសឹងតែ​ជា​សមាជិក​កំពូលៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ស្នាដៃ​ជាច្រើន​ជួយ​គណបក្ស​ប្រជា​កម្ពុជា ​ឲ្យ​បន្ត​រក្សា​អំណាច ​តាមរយៈ​កម្ទេច​គណបក្ស និង​អ្នក​នយោបាយ​ប្រឆាំង ​ដោយ​ប្រើ​ប្រាស់​ច្បាប់​ជា​ឧបករណ៍។ ករណី​ទាំង​នោះ ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ មិន​គោរព​សិទ្ធិមនុស្ស និង​រំលោភ​ប្រព័ន្ធ​នីតិរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។