សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រឹត​បន្តឹង​លើ​លិខិតស្នាម​របស់​ជនជាតិ​ចិន

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​រឹត​បន្តឹង ចំពោះ​ការ​ផ្ដល់​ឯកសារ ដែល​ទាក់ទង​នឹង​ការ​ចូល​មក​រស់នៅ ឬ​ប្រកប​របរ​របស់​ជនជាតិ​ចិន ចៀសវាង​ការ​លិខិតស្នាម​ទាំងនោះ​ទាំង​ខុសច្បាប់។

អ្នក​សម្របសម្រួល​នៃ​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ស្វាយរៀង និង​ព្រៃវែង អ្នកស្រី អ៊ាង គឹកលី បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ថា អាជ្ញាធរ​ពិត​ជា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ពិនិត្យមើល​ឯកសារ សម្រាប់​ជនបរទេស មក​ធ្វើការ​នៅ​កម្ពុជា ដោយ​ស្របច្បាប់៖ «ចិន​នៅ​ព្រំដែន ឆ្ងាយ​ពី​ខ្មែរ​យើង។ ប្រសិន វៀតណាម យើង​ធ្លាប់ ឮ​ព័ត៌មាន​ថា ចូល​មក​ទឹកដី​ខ្មែរ​យើង​ដោយ គ្មាន​លិខិតឆ្លងដែន ឬ​ឯកសារ គាត់​ឆ្លងដែន​មក​ដោយ​ខុសច្បាប់។ តែ​ករណី​នេះ​ខ្ញុំ​ចង់​សំណូមពរ ឱ្យ​អាជ្ញាធរ​គាត់​រឹត​បន្តឹង បើសិនជា​ពួកគាត់​ចូល​មក​ដោយ​គ្មាន​ឯកសារ តើ​ពួកគាត់​ចូល​មក ចូល​មក​ក្នុង​គោល​បំណង​អ្វី មក​ជា​កម្មករ ឬ​កម្មសិក្សា។ ប្រសិនជា​យើង​អត់​មាន​ច្បាស់លាស់​អ៊ីចឹង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​មាន​បញ្ហា ព្រោះ​កន្លងមក​យើង​ឃើញ​ហើយ​ថា ជន​ជាតិ​ចិន​មួយ​ចំនួន​នឹង​ប្រើ​អំពើ​ហិង្សា​តាម​សាធារណៈ បង្ក​ឱ្យ​មាន​ភាព​អសន្តិសុខ​សង្គម»។

ការ​លើកឡើង​របស់​មន្ដ្រី​សង្គម​ស៊ីវិល​បែបនេះ ដោយសារតែ​សារព័ត៌មាន​ក្នុងស្រុក ចុះផ្សាយ​អំពី​ក្រុមការងារ​ចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ចុះ​ធ្វើ​អធិការកិច្ច​ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ដល់ ២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ រក​ឃើញ​ថា ជនជាតិ​ចិន​ជាង ១​ពាន់ ៨​រយ​នាក់ (១.៨០៨) នាក់​មក​ធ្វើ​ការងារ នៅ​កម្ពុជា ដោយ​គ្មាន​ប័ណ្ណ​ការងារ ក្នុង​ចំណោម​ជនជាតិ​ចិន​សរុប​ប្រមាណ ៧​ពាន់ ៦​រយ​នាក់ (៧.៦០៩នាក់)។ ជនជាតិ​ចិន​ទាំងនេះ ធ្វើការ​នៅ​កាស៊ីណូ ១២​កន្លែង នៅ​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង។

អ្នកស្រី អ៊ាង គឹមលី បន្ថែម​ថា ពលរដ្ឋ​ធ្លាប់​មាន​កង្វល់​ពី​ការ​ហូរ​ចូល​ដ៏​ច្រើន​សន្ធឹក​របស់​ជនជាតិ​ចិន បែបនេះ។ អ្នកស្រី​យល់ថា ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ អាច​នឹង​ប្រឈម​នឹង​ការផ្លាស់ប្ដូរ​ទីលំនៅ ដោយសារ​ការ​ហូរ​ចូល​របស់​ជនជាតិ​ចិន​ទាំងនោះ៖ «កន្លងមក ប្រជាពលរដ្ឋ ខ្វាយខ្វល់ នឹង​ការ​ហូរ​ចូល​នៃ​ពលរដ្ឋ​ចិន។ ធម្មតា​ដី​ឡើងថ្លៃ ជនជាតិ​ចិន​គាត់​ហ៊ាន​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ​យើង​ថ្លៃៗ ហើយ​ពលរដ្ឋ​ខ្មែរ​យើង​អាច​នឹង​លក់​ដី​ហ្នឹង ព្រោះ​គាត់​ឃើញ​ថា ដី​នឹង​ថ្លៃ គាត់​លក់​បាន​លុយ​ច្រើន គាត់​យក​ទៅ​ចាយ សប្បាយ ប៉ុន្តែ ជីវិត​ចុងក្រោយ​របស់​គាត់ គាត់​អាច​ក្លាយ​ជា​កម្មករ របស់​ជនជាតិ​ចិន​វិញ ឬ​តំបន់​ហ្នឹង អាច​ក្លាយ​ជា​តំបន់​របស់​ចិន ដែល​ចិន​គ្រប់គ្រង​ដែល​ខ្មែរ​មិន​អាច​រស់នៅ​បាន សូម្បីតែ​ផ្ទះ​ជួល ឥវ៉ាន់​ស្អីៗ​ក៏​ថ្លៃ អ៊ីចឹង​ធ្វើ​ឱ្យ​គាត់​មាន​បញ្ហា​ហ្នឹង​នៅ​ថ្ងៃក្រោយ»។

របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា ជនជាតិ​ចិន ដែល​បាន​ចូល​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ដល់​ទៅ​ជាង​ម្ភៃ​មួយ​ម៉ឺន​នាក់ ហើយ​ក្នុង​នេះ មានតែ​ជាង​ពីរ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការ​ហូរ​ចូល​របស់​ជនជាតិ​ចិន មក​ប្រទេស​កម្ពុជា មាន​ភាព​គំហុក ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទាំង​ផ្នែក​សន្តិសុខ និង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។