សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា ហ្វីដ (FIDH) កាលពីថ្ងៃសុក្រ ទី២៣ កញ្ញា បានស្នើឲ្យតុលាការកម្ពុជា ទម្លាក់ចោលសាលក្រមផ្ដន្ទាទោសលោក នី ចរិយា។ អង្គការនេះចាត់ទុកសាលក្រមនេះថាជាសាលក្រមអយុត្តិធម៌។
នាយកអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហ្វីដ (FIDH) លោក ឌីមីទ្រីស គ្រីស្តូពូឡុស (Dimitris Christopoulos) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា ការផ្ដន្ទាទោសលោក នី ចរិយា ជាការបង្ហាញឲ្យឃើញនូវការវិវឌ្ឍន៍ថ្មីៗអំពីបែបផែននៃការធ្វើទុក្ខបុកម្នេញ ដោយយកប្រព័ន្ធតុលាការកម្ពុជា ធ្វើជាឧបករណ៍។
ចំណែកនាយកផ្នែកអាស៊ីអាគ្នេយ៍នៃអង្គការ ហ្វីដ (FIDH)អ្នកស្រី អែនឌ្រា ជីអូហ្គែតា (Andrea Giorgetta) មានប្រសាសន៍ថា សវនាការកាលពីថ្ងៃទី២២ កញ្ញា បង្ហាញថា តុលាការកម្ពុជា ប្រកាន់យកបទដ្ឋានឡប់ឡែមួយ ដើម្បីកាត់ទោសមន្ត្រីការពារសិទ្ធិមនុស្ស។ ចរិតរបស់ចៅក្រមជម្រះនៅក្នុងសវនាការ និងការមិនរវីរវល់លើភស្តុតាងដោះបន្ទុក សបញ្ជាក់ឲ្យឃើញថា ចៅក្រមរូបនេះបានសន្មតថា លោក នី ចរិយា មានទោសតាំងពីមិនទាន់ជម្រះក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។