ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​តែង​តាំង​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថ្មី

0:00 / 0:00

ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម សម្រេច​ដក​តំណែង​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ជា​ផ្លូវ​ការ។ ពិធី​ផ្ទេរ​តំណែង​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​នៅ​ថ្ងៃ​ដំណាល​គ្នា​នេះ។

ការ​ផ្លាស់ប្ដូរ​តំណែង​របស់​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​បញ្ជាក់​ថា ជា​រឿង​ធម្មតា​នៃ​ក្របខ័ណ្ឌ​ការងារ​រដ្ឋ​ប៉ុណ្ណោះ។ តែ​ទោះ​យ៉ាង​ណា ការ​ផ្លាស់ប្ដូរ​តំណែង​ភ្លាមៗ​នេះ កើត​ឡើង​មុន​មួយ​ថ្ងៃ​បន្ទាប់​ពី លោក ហ៊ុន សែន ស្នើ​ទៅ​កាន់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន​នោះ ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​សំណុំ​រឿង​របស់​ឪពុក​ម្ដាយ លោក ថោង សារ៉ាត់។ លោក ហ៊ុន សែន ចោទ​ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ។

ក្នុង​ពេល​ដែល​អ្នក​មុខ​អ្នក​ការ​ពី​ស្ថាប័ន​យុត្តិធម៌ និង​រាជ​រដ្ឋាភិបាល ចូលរួម​ក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធាន​តុលាការ​នេះ ក្រុម​ការងារ​អធិការកិច្ច​របស់​ក្រសួង​យុត្តិធម៌ ក៏​កំពុង​តែ​មាន​វត្តមាន​នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ដែរ។ នៅ​រសៀល​ថ្ងៃ​ផ្ទេរ​តំណែង​នេះ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ពេល​ចាត់​ការ​រឿង​ក្តី​ទាំងអស់ ដោយ​ផ្ដោត​អារម្មណ៍​លើ​ការ​រៀបចំ​ពិធី​សែន​អ្នកតា​ចូល​ឆ្នាំ​ចិន យ៉ាង​គគ្រឹកគគ្រេង និង​ជប់លៀង​អបអរ​លោក​ចៅក្រម តាំង ស៊ុនឡាយ ដែល​ប្រៀប​បាន​នឹង​ការ​ទទួល​បាន​រង្វាន់ ឬ​អាំងប៉ាវ​ធំ គឺ​ជា​តំណែង​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ។

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី បាន​ឡើង​ថ្លែង​សន្ទរកថា​រាយការណ៍​ពី​សមិទ្ធផល​ការងារ​ជាង ៨​ខែ ដែល​ខ្លួន​បាន​បំពេញ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​តុលាការ​ក្រុង​នេះ។ ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្នក​កាសែត ជុំវិញ​ការ​ដក​តំណែង​នេះ​ឡើយ។

គណៈ​អធិបតី​ចូលរួម​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​ជា​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
គណៈ​អធិបតី​ចូលរួម​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​ជា​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (RFA/Vann Vichar)

ចំណែក​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ​ថ្មី លោក តាំង ស៊ុនឡាយ វិញ ឡើង​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ដោយ​មិន​ពុក​រលួយ និង​ប្រកាន់​ភ្ជាប់​តែ​សច្ចភាព​យុត្តិធម៌។ ក្រៅ​ពី​ដក​តំណែង​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ចៅក្រម​ដែល​កាន់​សំណុំ​រឿង​របស់​ឪពុក​ម្ដាយ លោក ថោង សារ៉ាត់ គឺ​លោក លី សុខឡេង ក៏​ត្រូវ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បើក​ការ​ស៊ើប​អង្កេត​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ថា ចៅក្រម​ដែល​ហ៊ាន​ដោះ​លែង​ឪពុក​ម្ដាយ លោក ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ ធ្វើ​ការ​តាម​ច្បាប់​ដុល្លារ។ ហើយ​ថា មួយ​ករណី​នេះ ចៅក្រម​អាច​ទទួល​បាន​លុយ​សំណូក​ក្នុង​រង្វង់ ៥​លាន​ដុល្លារ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ដែល​ជា​គណៈ​អធិបតី​ក្នុង​ពិធី​ផ្ទេរ​តំណែង​នោះ មិន​បាន​ប្រាប់​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ចាត់​ការ​លើ​សំណុំ​រឿង​នោះ ឬ​អត់​ទេ។ ប៉ុន្តែ លោក​ព្រមាន​ឲ្យ​ចៅក្រម​ទាំងអស់ មាន​កិច្ច​សហការ​ល្អ​ជាមួយ​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់ រួម​ទាំង​ប្រជាពលរដ្ឋ​ផង។ លោក​គំរាម​ថា ចៅក្រម​ព្រះរាជ​អាជ្ញា​ទាំងអស់ មិន​អាច​ដើរ​ខុស​ផ្លូវ​នៃ​ការ​កែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌ នឹង​ចេញ​មុខ​បកស្រាយ​ជូន​សាធារណៈ​ឲ្យ​បាន​ជ្រាប​ច្បាស់ ពី​ករណី​មិន​ប្រក្រតី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ក្រុម​អធិការកិច្ច​ស៊ើប​អង្កេត​រួច​រាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។