ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ឱ្យដឹងថា គិតមកដល់ពេលនេះ តុលាការខេត្តព្រះវិហារ នៅមិនទាន់ដោះលែងអ្នកភូមិ ១៤នាក់ ឱ្យបាននៅក្រៅបណ្ដោះអាសន្ន ក្រោយពីសន្យានឹងដោះលែងជាបន្តបន្ទាប់ ក្រោយបុណ្យចូលឆ្នាំខ្មែរហើយ។ សង្គមស៊ីវិលយល់ថា ការសន្យាថាដោះលែងអ្នកភូមិ តែបែរជាមិនអនុវត្តទៅបាននេះ គឺជាការសន្យាខ្យល់ ដែលធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿលើប្រព័ន្ធតុលាការ។
លោកស្រី ភឹម ម៉ៅ ត្រូវជាម្ដាយលោក ម៉ឺន មៀន ដែលជាប់ឃុំក្នុងពន្ធនាគារទាំងខ្លួនមានជំងឺ ប្រាប់អាស៊ីសេរីថា ចៅហ្វាយខេត្តព្រះវិហារ និងព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ បានសន្យាជាមួយលោកស្រីថា នឹងដោះលែងកូនប្រុសគាត់មុនគេ ក្នុងចំណោមអ្នកជាប់ឃុំ ១៤នាក់។
ស្ត្រីវ័យជិត ៦០ឆ្នាំរូបនេះរៀបរាប់ថា ឱ្យតែរកឃើញប្ដីគាត់ឈ្មោះ ស៊ុំ ម៉ឺន មកវិញ នោះតុលាការនឹងដោះលែងអ្នកភូមិឱ្យមានសេរីភាពវិញ។ ប៉ុន្តែចាប់តាំងពីក្រោយពេលចូលឆ្នាំខ្មែរ រហូតមកដល់ពេលនេះ ជាង ១ខែទៅហើយ កូនគាត់នៅតែជាប់ឃុំ ដោយមិនដឹងថា តុលាការដោះលែងនៅថ្ងៃណានោះទេ។
លោកស្រី ភឹម ម៉ៅ ស្នើសុំតុលាការពន្លឿននីតិវិធីដោះលែងកូនគាត់ និងអ្នកភូមិផ្សេងទៀត ព្រោះថា មកដល់ពេលនេះជំងឺកូនប្រុសគាត់មានសភាពកាន់តែធ្ងន់ធ្ងរ៖ «ខ្ញុំចង់ឱ្យគេដោះលែងកូនខ្ញុំឱ្យដោះលែង ដើម្បីខ្ញុំព្យាបាលកូន។ កូនខ្ញុំឈឺរាល់ថ្ងៃ។ ដល់ចៅហ្វាយខេត្តហ្នឹង គាត់រកមេធាវីរកអីហ្នឹង ដើម្បីជួយដោះ។ ដល់ខ្ញុំទៅសួរមេធាវីមិញហ្នឹង គាត់ថា ចាំដល់ថ្ងៃច័ន្ទ ថ្ងៃអង្គារហ្នឹង បានគេដោះ»។
លោក ម៉ឺន មៀន អាយុ ២៦ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី២០ មករា នៅពេលពួកគេបើកគោយន្តដឹកឥវ៉ាន់លក់ដូរសំដៅទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវឆ្លងកាត់រនាំងក្រុមហ៊ុន មេត្រីភាព។ ម្ដាយលោក ម៉ឺន មៀន ថា ក្នុងពេលចាប់ខ្លួននោះ អាជ្ញាធរដែលមានកម្លាំងទាហានចូលរួមផង បានយកស្វៃកាំភ្លើងវាយធ្វើបាបប្ដី និងកូនប្រុសគាត់។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ បាននៅឡើយទេ នៅថ្ងៃទី១៦ ឧសភា ដោយប្រព័ន្ធទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
កាលពីថ្ងៃទី២៦ មេសា លោក ទី សុវិនថាល់ បានប្រាប់អាស៊ីសេរី ថា តុលាការនឹងដោះលែង លោក ម៉ឺន មៀន មុនគេ ព្រោះគាត់កំពុងឈឺធ្ងន់ ចំណែកអ្នកភូមិ១៣ទៀត នឹងដោះលែងឱ្យក្រៅឃុំជាបន្តបន្ទាប់។ មន្ត្រីតុលាការរូបនេះ បញ្ជាក់ថា ការដោះលែងអ្នកភូមិឱ្យនៅក្រៅឃុំ គឺមិនអាចបានភ្លាមៗ នោះទេ ព្រោះនីតិវិធីក្នុងរឿងទាំងអស់នេះ ត្រូវចំណាយពេលយ៉ាងតិច ២ ឬ ៣ថ្ងៃ ក្រោយពីខាងតុលាការទទួលបានពាក្យស្នើសុំឱ្យនៅក្រៅឃុំពីមេធាវី។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ដែលតាមដានរឿងនេះ ហៅការសន្យារបស់អាជ្ញាធរ និងមន្ត្រីតុលាការថា ជាការសន្យាខ្យល់ ដែលធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះលែងមានទំនុកចិត្តលើស្ថាប័នតុលាការតទៅទៀតហើយ។ បើផ្អែកតាមនីតិវិធី លោក ឡោ ចាន់ យល់ថា រឿងនេះ ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អាចសម្រេចឱ្យអ្នកភូមិ ១៤នាក់ នៅក្រៅឃុំបណ្ដោះអាសន្នបាន ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ ដាក់ជាសំណួរថា តើព្រះរាជអាជ្ញានិងចៅក្រមស៊ើបសួរ មានឆន្ទៈពិតប្រាកដធ្វើកិច្ចការងារនេះឬទេ៖ «ដាក់ជនជាប់ចោទណាម្នាក់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ វាមិនមែនជារឿងស្មុគស្មាញ ពីព្រោះរឿងនេះយើងឃើញ ជនដែលជាប់ចោទនោះ មិនមែនជាមនុស្សមានឥទ្ធិពល មានអំណាច អាចទៅគំរាមកំហែងសាក្សី ឬក៏ធ្វើឱ្យរាំងស្ទះដល់ដំណើរការរបស់ស្ថាប័នអយ្យការឬស្ថាប័នចៅក្រម គឺអត់មានទេ។ គាត់ជាពលរដ្ឋសាមញ្ញ ហើយគាត់មិនមានឥទ្ធិពលណាទៅធ្វើឱ្យមានការរាំងស្ទះនោះទេ។ តាមការយល់ឃើញរបស់ខ្ញុំ លោកព្រះរាជអាជ្ញា អាចឱ្យមានសេរីភាពជាបណ្ដោះអាសន្នសិន។ ហ្នឹងអាស្រ័យឆន្ទៈរបស់លោកព្រះរាជអាជ្ញាទេ»។
លោក ឡោ ចាន់ ឱ្យដឹងដែរថា តំណាងពលរដ្ឋ លោក ឡយ លីហួរ ត្រូវតុលាការដោះលែងឱ្យមានសេរីភាពវិញហើយ កាលពីចុងខែមេសា បន្ទាប់ពីអាជ្ញាធរស្រុកជាំក្សាន្តនាំខ្លួន ទៅតុលាការកាលពីថ្ងៃទី២៦ មេសា ហើយឃុំខ្លួននៅក្នុងពន្ធនាគារអស់រយៈពេល ៥ថ្ងៃ។
ក្នុងវិវាទដីធ្លីរវាងពលរដ្ឋជាង ៣០០គ្រួសារ ជាមួយនឹងក្រុមហ៊ុនមេត្រីភាពរបស់ឧកញ៉ា អាន ម៉ារឌី មានពលរដ្ឋ ១៤នាក់ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ កាលពីខែមករា។ ពលរដ្ឋអះអាងថា កងអន្តរាគមន៍យោធាលេខ២៦១ ឬហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ ដែលឈរជើងការពារដីឱ្យក្រុមហ៊ុន មេត្រីភាព បានឈូសកម្ទេចផលដំណាំ និងដុតផ្ទះពលរដ្ឋអស់ជាច្រើនខ្នង។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើដល់តុលាការខេត្តព្រះវិហារឱ្យពន្លឿននីតិវិធី ដើម្បីឱ្យពលរដ្ឋ ១៤នាក់បានក្រៅឃុំជួបជុំក្រុមគ្រួសារពួកគេវិញ និងឈានទៅបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុនមេត្រីភាពឱ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
