តុលាការ​កំពូល​បើក​សវនាការ​កាត់​ទោស​អតីត​មន្ត្រី​នគរបាល​និង​អាវុធហត្ថ​៥​នាក់

ដោយ អ៊ុក សាវបូរី
2014.09.30
Share on WhatsApp
Share on WhatsApp
លី រ៉ាស៊ី ហង្ស វុត្ថា ៦២០ លោក លី រ៉ាស៊ី (ឆ្វេង) និង​លោក ហង្ស វុត្ថា (ស្តាំ) នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Ouk Savborey

តុលាការ​កំពូល បើក​សវនាការ​បី​ថ្ងៃ​ជាប់​គ្នា កាត់​ទោស​រឿង​ព្រហ្មទណ្ឌ​ទាក់ទង​អតីត​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ និង​អតីត​មន្ត្រី​កង​រាជ​អាវុធហត្ថ។

អតីត​មន្ត្រី​នគរបាល និង​អតីត​កង​រាជ​អាវុធហត្ថ ដែល​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មាន​លោក ហេង ពៅ លោក លី រ៉ាស៊ី លោក ព្រំ សោភារិទ្ធ អ្នក​ទាំង ៣ ជា​មន្ត្រី​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​លោក ហង្ស វុត្ថា មន្ត្រី​អាវុធហត្ថ ចំណែក​លោក ហង្ស វុទ្ធី ហៅ​យមរាជ​ មិន​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ទេ។ ទោះ​ជា​យ៉ាង​ណា សវនាការ​នោះ​មិន​ទាន់​ប្រកាស​សាលក្រម​នៅ​ឡើយ។

តុលាការ​កំពូល គ្រោង​ប្រកាស​សាលក្រម​ក្តី​ព្រហ្មទណ្ឌ​ប៉ុនប៉ង​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ទៅ​លើ​ចៅក្រម សុក សេដ្ឋាមុន្នី នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ខាង​មុខ។ ជន​ជាប់​ចោទ​រឿង​ក្តី​នេះ មាន​ទណ្ឌិត ហេង ពៅ លី រ៉ាស៊ី ហង្ស វុត្ថា ព្រំ សោភារិទ្ធ ហង្ស វុទ្ធី ហៅ​យមរាជ។

នៅ​ក្នុង​សវនាការ​តុលាការ​កំពូល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មិន​មាន​វត្តមាន​ទណ្ឌិត ហង្ស វុទ្ធី ហៅ​យមរាជ​ទេ។

ក្រុម​ទណ្ឌិត​ដែល​រង​នូវ​ការ​ចោទ អំពាវនាវ​សុំ​ឲ្យ​តុលាការ​បង្ហាញ​ភស្តុតាង​ពួក​គាត់​រៀបចំ​គម្រោង​សម្លាប់​លោក​ចៅក្រម សុក សេដ្ឋាមុន្នី លោក អ៊ុក សាវុធ លោក សៅ សុខា ជាដើម។

ទណ្ឌិត ហេង ពៅ ដែល​ដើរ​ចេញ​ពី​សវនាការ​ដោយ​ដំណើរ​អូស​ជើង ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា តុលាការ​មិន​ស្តាប់​ការ​បកស្រាយ​របស់​ពួក​គាត់​ឡើយ។ លោក​បន្ត​ថា សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ កាត់​ទោស​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​ជិត ១០០​ឆ្នាំ ព្រោះ​តែ​លិខិត​អនាមិក​មួយ​ច្បាប់​សរសេរ​ថា គាត់​សមគំនិត​សម្លាប់​មនុស្ស និង​បង្ខាំង​មនុស្ស ដែល​មិន​មាន​ភស្តុតាង​យក​មក​ដាក់​បន្ទុក​សោះ«ឥឡូវ ហង្ស វុទ្ធី ហៅ យមរាជ ប្ដឹង​ទាស់ ក៏ ម៉ក់ ជីតូ ទៅ​ខ្ទប់ អត់​ឲ្យ​ប្ដឹង​ទាស់​ទៀត វា​ត្រឹមត្រូវ​ទេ? អា​ហ្នឹង​វា​យុត្តិធម៌​ទេ? រឿង​ប្រឌិត​ទាំង​អស់។ គ្រាន់​តែ​ខ្ញុំ​ជម្រាប​ថា អ្នក​ធ្វើ​បាប​ខ្ញុំ​ស្លាប់​ជិត​អស់​ហើយ នៅ​តែ ម៉ក់ ជីតូ មួយ​ទៀត ងាប់​អស់​ហើយ។ សវនាការ​ថ្ងៃ​នេះ​ចាំ​គេ​ប្រកាស​សិន តែ​ខ្ញុំ​អត់​ព្រម​ទេ បើ​សិន​ជា​នេះ គឺ​ខ្ញុំ​នៅ​បន្ត​ប្ដឹង​សើរើ ហើយ​ខ្ញុំ​នឹង​ប្ដឹង​ឲ្យ​សភា​ប្រតិកម្ម ដើម្បី​ឲ្យ​តុលាការ​បង្ហាញ​ភស្តុតាង តើ​ខ្ញុំ​មាន​កំហុស​អី»

លោក ហេង ពៅ ត្រៀម​ចូល​សវនាការ​នា​តុលាការ​កំពូល។
លោក ហេង ពៅ ត្រៀម​ចូល​សវនាការ​នា​តុលាការ​កំពូល។
RFA/Ouk Savborey

 

ចំណែក លោក លី រ៉ាស៊ី បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ម្នាក់​ទម្លាក់​កំហុស​លើ​ពួក​គាត់​ដែល​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ ដោយសារ​ទំនាស់​កាច់​កុង​គ្នា​នៅ​ថ្នាក់​លើ

លោក​ថា សាលា​ដំបូង និង​សាលាឧទ្ធរណ៍​កាត់​ក្តី​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​ជាង ៣០​ឆ្នាំ ព្រោះ​តែ​ការ​ចោទ​ទម្លាក់​កំហុស​នោះ៖ «លោក ម៉ក់ ជីតូ គឺ​ជា​អ្នក​ប្រឌិត​ឯកសារ​ធ្វើ​ទាំងអស់ មើល​សំណុំ​រឿង​នោះ គឺ​មាន​ហើយ​មិន​បាច់​ខ្ញុំ​និយាយ គឺ​សំណុំ​រឿង​មាន​ទាំង​អស់។ ប្រឌិត​រឿង​ដោយសារ​តែ​ទំនាស់​ថ្នាក់​លើ ហើយ​បង្ខំ​ខ្ញុំ​ឲ្យ​ឆ្លើយ​ទៅ​ដាក់​លើ ហេង ពៅ ដើម្បី​គេ​សុំ​គោលការណ៍​ទៅ​ថ្នាក់​លើ ជាពិសេស​សម្ដេច​ឲ្យ​ដោះ​លែង​ឲ្យ​ខ្ញុំ​ឆ្លើយ​យ៉ាង​ម៉េច បើ​អត់​បាន​ប្រព្រឹត្ត អត់​បាន​ដឹង​រឿង​ទាំងអស់»

ទណ្ឌិត ព្រំ សោភារិទ្ធ ថ្លែង​ថា គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ថា​គាត់​ជាប់​ពាក់ព័ន្ធ​រឿង​ឃាតកម្ម​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ជាប់​ពន្ធនាគារ​ជា​ក្រុម​ជាមួយ​លោក ហេង ពៅ ចំនួន ៩​ឆ្នាំ​ហើយ។ លោក​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​គាត់«ការ​កាត់​ក្តី​នេះ ក៏​ខ្ញុំ​ពុំ​អាច​ទទួល​យក​បាន ព្រោះ​កាត់​ក្តី​ដោយ​អយុត្តិធម៌​បំផុត»

ទណ្ឌិត ហង្ស វុត្ថា ថ្លែង​ថា តុលាការ​មិន​ហៅ​គាត់​ឲ្យ​បំភ្លឺ​គ្រប់​សវនាការ​សាលា​ដំបូង និង​ឧទ្ធរណ៍​ទេ ស្រាប់​តែ​កាត់​ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ៣០​ឆ្នាំ ទើប​គាត់​ប្ដឹង​ទាស់​សាលដីកា​លេខ​៧០​ឈ ចុះ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១០ របស់​សាលា​ឧទ្ធរណ៍៖ «មាន​តែ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​ទេ សម្ដេច​ជួយ​ខ្ញុំ​ផង»

​ជន​អនាមិក​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​​ជូន លោក សៅ សុខា មេ​ប៉េអិម​លើ​ផ្ទៃ​ប្រទេស កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០៣ ដោយ​បាន​​សរសេរ​អំពី​គម្រោង​សម្លាប់​ចៅក្រម សុក សេដ្ឋាមុន្នី ព្រះរាជ​អាជ្ញា អ៊ុក សាវុធ លោក សៅ សុខា ​ជន​អនាមិក​​បាន​សរសេរ​ចោទ​ប្រកាន់​ឈ្មោះ ហង្ស វុទ្ធី ហៅ​យមរាជ ថា​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀប​គម្រោង​សម្លាប់​មន្ត្រី​តុលាការ និង​មន្ត្រី​អាវុធហត្ថ​ខាង​លើ។ នៅ​ក្នុង​លិខិត​នោះ​មិន​បាន​បញ្ចេញ​ឈ្មោះ លោក ហេង ពៅ និង​លោក លី រ៉ាស៊ី ទេ ប៉ុន្តែ​ឆ្នាំ​២០០៦ លោក ហេង ពៅ ជា​ស្នងការ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប៉ូលិស​អាំងទែប៉ូល (Interpol) ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី មក​ប្រទេស​កម្ពុជា វិញ ហើយ​បាន​អនុវត្ត​ទោស​តាំង​ពី​ឆ្នាំ​២០០៦ មក ក្នុង​បណ្ដឹង​ចោទ​ថា ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ករណី។

តុលាការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់ ឬ​កត់ត្រា នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា នេះ​ទេ។ ប៉ុន្តែ​សាច់ញាតិ​អ្នក​ជាប់​ចោទ​ឲ្យ​ដឹង​ថា សវនាការ​នោះ​ចោទ​សួរ​ទណ្ឌិត​ទាំង ៤​នាក់ តែ​ពី​ករណី​ឃាតកម្ម​លើ​ចៅក្រម សុក សេដ្ឋាមុន្នី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។