នៅប្រទេសថៃណោះវិញ តុលាការបានបញ្ចប់សវនាការបឋមស្ដីពីការពិនិត្យមើលបណ្ដឹង សមូហភាពរបស់ជនរងគ្រោះដីធ្លីកម្ពុជាហើយនៅថ្ងៃសុក្រនេះ។
សាក្សីរបស់ក្រុមហ៊ុនស្ករ អំពៅថៃមិត្រផុន (Mitr Phol) ឆ្លើយបំភ្លឺតុលាការថា ក្រុមហ៊ុនមិត្រផុន មានភាគហ៊ុន ១០០ភាគរយនៅក្នុងក្រុមហ៊ុនអង្គរស៊ូហ្គឺរ (Angkor Sugar) ដែលជាក្រុមហ៊ុនមានឈ្មោះពាក់ព័ន្ធនឹងការចោទប្រកាន់រំលោភយកដីធ្លីរបស់ ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ។
តុលាការក្រុងបាងកកបានចំណាយពេលពេញមួយព្រឹកនៅថ្ងៃទី១៤ ខែមិថុនា នេះ សាកសួរសាក្សីរបស់ក្រុមហ៊ុនស្ករអំពៅថៃមិត្រផុន អំពីទំនាក់ទំនងរវាងក្រុមហ៊ុន ថៃដ៏ធំមួយនេះ ជាមួយក្រុមហ៊ុនវិនិយោគដំណាំអំពៅចំនួន៣ នៅកម្ពុជា រួមមាន ក្រុមហ៊ុនអង្គរស៊ូហ្គឺរ ក្រុមហ៊ុនឃេន អេន ស៊ូហ្គឺរ វ៉ាលី (Cane and Sugar Valley) និងក្រុមហ៊ុនទន្លេស៊ូហ្គឺរ (Tonle Sugar)។
ឆ្លើយតបទៅនឹងការសួរដេញដោលរបស់មេធាវីដើមបណ្ដឹង ឬមេធាវីរបស់ជនរងគ្រោះ សាក្សីរបស់ក្រុមហ៊ុនដែលធ្លាប់បម្រើការឱ្យក្រុមហ៊ុនអង្គរស៊ូហ្គឺរ នៅកម្ពុជា ទទួលស្គាល់ថា ក្រុមហ៊ុនស្ករអំពៅថៃមិត្រផុន មានភាគហ៊ុន១០០ភាគរយ ជាមួយក្រុមហ៊ុនអង្គរស៊ូហ្គឺរ។ ប៉ុន្តែសាក្សីដដែលនេះឆ្លើយថា លោកមិនដឹងថា តើក្រុមហ៊ុនស្ករអំពៅថៃដ៏ធំមួយនេះ មានភាគហ៊ុនជា មួយក្រុមហ៊ុនពីរទៀតនៅកម្ពុជា ដែរឬទេ។ ក្រុមហ៊ុនពីរទាំងនោះ គឺក្រុមហ៊ុនឃេន អេន ស៊ូហ្កាវ៉ាលី (Cane and Sugar Valley) និងក្រុមហ៊ុនទន្លេស៊ូហ្កា (Tonle Sugar) ដែលអ្នកស្រុកនិងអ្នកសង្កេតការថា មានជាប់ពាក់ព័ន្ធនឹងការរំលោភយកដីធ្លីរបស់អ្នកស្រុកផងដែរ។
ទោះជាយ៉ាងណា នេះជាការផ្ដល់ចម្លើយក្នុងតុលាការលើកដំបូងហើយ ដែលសាក្សី ធ្លាប់បម្រើការឱ្យក្រុមហ៊ុនអង្គរស៊ូហ្គឺរ ថ្លែងប្រាប់តុលាការថា ក្រុមហ៊ុនមិត្រផុន មានភាគហ៊ុន ១០០ភាគរយនៅក្នុងក្រុមហ៊ុនអង្គរស៊ូហ្គឺរ។
សាក្សីដដែលប្រាប់ថា បើទោះជាក្នុងកិច្ចសន្យា ក្រុមហ៊ុនអង្គរស៊ូហ្គឺរទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាចំនួនជាង ៦.០០០ ហិកតារក្តី ក៏ជាក់ស្ដែងវិញក្រុមហ៊ុនដាំដំណាំបានតែ ៥០ ហិកតារប៉ុណ្ណោះ។
ប៉ុន្តែដើមបណ្ដឹង និងជាជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះប្រាប់អាស៊ីសេរី ក្រោយសវនាការថា ក្រុមហ៊ុនអង្គរស៊ូហ្គឺរ ដាំដំណាំអំពៅបាន ៥០០ហិកតារឯណោះ។ «»
ចំពោះជោគជ័យក្នុងសំណើរឿងនេះ មេធាវីតំណាងដើមបណ្តឹង គឺអ្នកស្រី សរ រតនាម៉ានីផនក្លា (Sor Rattanamanee Polkla) ប្រាប់អាស៊ីសេរីនៅមុខបន្ទប់តុលាការថា គ្រប់ភាគីសុទ្ធតែមានក្តីសង្ឃឹមរៀងៗខ្លួន។ «»
អ្នកស្រីសង្ឃឹមថា តុលាការនឹងទទួលយកពាក្យបណ្តឹងសមូហភាពរបស់ក្រុមមេធាវីជនរងគ្រោះ ជាជាងទទួលបណ្ដឹងឯកជនជាបុគ្គលម្នាក់ៗ។ អ្នកស្រីថា ចំណែកក្រុមហ៊ុនមិត្រផុន វិញក៏គេសង្ឃឹមថា តុលាការនឹងមិនទទួលយកពាក្យបណ្ដឹងបែបសមូហភាពនោះទេ។ «»
ប្រទេសថៃកាលពី៤ឆ្នាំមុន បានធ្វើវិសោធនកម្មច្បាប់រដ្ឋប្បវេណីរបស់ខ្លួន បើកផ្លូវ
ឱ្យជនរងគ្រោះអាចប្ដឹងជាសមូហភាពបាន។ បណ្ដឹងសមូហភាព គឺជាបណ្ដុំនៃដើមបណ្ដឹងជាច្រើននាក់ ដែលយល់ថា ខ្លួនរងការខូចខាតដូចគ្នា ឬស្រដៀងគ្នា ពីអំពើណាមួយ ដែលអំពើទាំងនោះ ប្រព្រឹត្តឡើងអ្នកមានឥទ្ធិពល ដូចជាស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុន ឯកជន ឬសាជីវកម្ម ជាដើម។ ប្រយោជន៍ធំជាងគេមួយនៃពាក្យបណ្តឹងសមូហភាព គឺជួយឱ្យជនរងគ្រោះឱ្យមានលទ្ធភាពក្នុងការប្ដឹង ព្រោះមិនចាំបាច់ចំណាយ ប្រាក់ច្រើនសម្រាប់ថ្លៃមេធាវី បណ្ដឹងរួមគ្នានេះ ក៏បង្ហាញពីកម្លាំងរួមគ្នានៃដើមបណ្ដឹងផងដែរ។
សម្រាប់តុលាការថៃទទួលយកពាក្យបណ្ដឹងពីពលរដ្ឋកម្ពុជាមកពិនិត្យពិចារណានេះ គឺជារឿងមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់នៃប្រទេសទាំងពីរ។
ជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យជាមួយក្រុមហ៊ុនស្ករអំពៅអង្គរស៊ូហ្គឺរ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស្ករអំពៅថៃឈ្មោះ មិត្រផុន បានផ្ទុះឡើងនៅ ឆ្នាំ២០០៨។ ប្រជាពលរដ្ឋចំនួន៥ភូមិរងផលប៉ះពាល់ រួមមាន ភូមិតាម៉ាន ភូមិត្រពាំងវែង ភូមិខ្ទុំ ភូមិអូរបាត់មាន់ ភូមិបុស្ស ក្នុងឃុំក្រៀល នៃក្រុងសំរោង។ ភូមិដែលប៉ះពាល់ធ្ងន់ជាងគេបំផុត គឺភូមិអូរបាត់មាន់ដែលមានផ្ទះរបស់អ្នកស្រុក ជាង២០០ខ្នង ត្រូវបានកម្លាំងដែលការពារឱ្យក្រុមហ៊ុនដុតបំផ្លាញចោលទាំងស្រុង ដើម្បីបង្ខំឱ្យអ្នកភូមិចាកចេញយកដីឱ្យក្រុមហ៊ុន។
សម្រាប់នីតិវិធីបន្ទាប់ គឺមេធាវីគ្រប់ភាគីនឹងដាក់សារណានៃសេចក្ដីសន្និដ្ឋាន របស់ខ្លួនជូនចៅក្រមពិចារណាសម្រេច ដែលនឹងប្រកាសលទ្ធផលនៅថ្ងៃទី៤ ខែកក្កដា ថា តើតុលាការថៃនៅទីក្រុងបាងកក នឹងទទួលយកពាក្យបណ្ដឹងពីពលរដ្ឋកម្ពុជាជាពាក្យបណ្ដឹងបែបសមូហភាព ឬជាពាក្យបណ្ដឹងឯកជន។ ហើយបើភាគីណាមួយ មិនសុខចិត្តចំពោះសេចក្ដីសម្រេចនោះអាចប្ដឹងឧទ្ធរណ៍ក្នុងរយៈពេល ៧ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
