ទូត​អាមេរិក​ថា ការ​ដាក់​ទោស​លោក រ៉ាត់ រត្នមុនី កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត​លើ​តុលាការ

ដោយ មួង ណារ៉េត
2019-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
Reuters

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ដោយសារតែ​គាត់​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ ក្រសួង​យុត្តិធម៌​ថា ស្ថានទូត​អាមេរិក​គួរតែ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​សកម្មជន​រូប​នេះ មិន​គួរ​វាយតម្លៃ​លើ​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​កម្ពុជា​ឡើយ។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​បង្ហោះ​សា​រលើ​ហ្វេសប៊ុក (Facebook) នៅ​រសៀល​ថ្ងៃ​ទី​២៨ មិថុនា​ថា ថ្នាក់ដឹកនាំ​សហជីព លោក រ៉ាត់ រត្នមុនី មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ ហើយ​ការ​ដាក់ទោស​រូបលោក​កាន់តែ​ធ្វើ​ឱ្យ​គេ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថែម​ទៀត។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា អាមេរិក​គាំទ្រ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​ទូទាំង​ពិភពលោក ហើយ​ចាត់​ទុក​សិទ្ធិ​នេះ ថា​ជា​ផ្នែក​មួយ​សំខាន់​នៃ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ។ ស្ថានទូត​ដដែល​នេះ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ អនុញ្ញាត​ឱ្យ​មនុស្ស​គ្រប់រូប​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​បាន ដោយ​មិន​រង​ការ​គំរាមកំហែង​ពី​ការ​សង​សឹក​ឡើយ ពីព្រោះ​សិទ្ធិ​នេះ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ស្ថានទូត​អាមេរិក​ក៏បាន​ប្រាប់​ទៅ​របប​លោក ហ៊ុន សែន ទៀត​ថា សេរីភាព​បញ្ចេញមតិ​ពិត​ជា​មាន​សារសំខាន់​ដល់​ការ​ចងក្រង​ឯកសារ និង​លើកកម្ពស់​ការ​យល់ដឹង​អំពី​បញ្ហា​ជួញដូរ​មនុស្ស​របស់​កម្ពុជា។

តំណាង​រដ្ឋាភិបាល​អាមេរិក​បញ្ចេញ​សារ​បែបនេះ ក្រោយ​ពេល​តុលាការ​ក្រុងភ្នំពេញ បាន​កាត់ទោស លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ និង​បង់​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៧០ លាន​រៀល ឬ​ស្មើនឹង​ជិត​២ ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” កាលពី​ថ្ងៃ​ទី​២៦ មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុក​ការ​លើកឡើង​របស់​ស្ថានទូត​អាមេរិក​នេះ ថា ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ខុស​ទៅ​នឹង​គោលការណ៍​ច្បាប់ និង​របៀបរបប​ការទូត​ជា​អន្តរជាតិ។ លោក​បញ្ជាក់​ថា បើ​ស្ថានទូត​អាមេរិក​គាំទ្រ​លោក រ៉ាត់ រត្នមុនី ស្ថានទូត​គួរតែ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ដល់​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ មិន​គួរ​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​ហ្វេសប៊ុក​បែប​នេះ​ឡើយ៖ «ពាក់ព័ន្ធ​ទៅ​នឹង​ផ្នែក​ការទូត គឺ​កម្រ​មាន​អ្នកការទូត​ណាមួយ​ដែល​ធ្វើ​អត្ថាធិប្បាយ​របៀប​នេះ​ណាស់ គឺ​ជា​អត្ថាធិប្បាយ​ដែល​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​តុលាការ​របស់​រដ្ឋ​អធិបតេយ្យ​មួយ ធ្វើ​ការ​សន្និដ្ឋាន​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់ មិន​មាន​សក្ខីកម្ម ឬក៏​អំណះអំណាង​អ្វី​ច្បាស់លាស់​តាម​ផ្លូវ​ច្បាប់​ទាល់តែសោះ»

ទោះជា​យ៉ាងណា អ្នកការពារ​សិទ្ធិមនុស្ស​យល់​ឃើញ​ថា សារ​របស់​ស្ថានទូត​អាមេរិក​នេះ គឺ​ក្នុង​បំណង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ មិនមែន​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​ច្រើន​តែ​ប្រតិកម្ម​បែប​អវិជ្ជមាន​តប​ទៅ​នឹង​អនុសាសន៍​ទាំងឡាយ​របស់​សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក បើ​ទោះ​ជា​អនុសាសន៍​ទាំងនោះ​អាច​ជួយ​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក៏ដោយ។

លោក​ថា សំណុំរឿង​លោក រ៉ាត់ រត្នមុនី នេះ មាន​ភាព​អយុត្តិធម៌ ដោយសារ​តុលាការ​មិនបាន​ចាត់ការ​ទៅលើ​ស្ថាប័ន​ព័ត៌មាន RT ប៉ុន្តែ​បែរជា​មក​ដាក់ទោស​លើ​អ្នកបកប្រែ​ទៅវិញ។ ម្យ៉ាងវិញទៀត​ថា លោក​ថា តុលាការ​ក៏​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ដែរ ប៉ុន្តែ​បែរជា​សម្រេច​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ជាប់​ពន្ធនាគារ​២ ឆ្នាំ និង​បង់​សំណង ៧០​លាន​រៀល​ទៅវិញ៖ «សូម​ឱ្យ​រដ្ឋាភិបាល និង​តុលាការ លោក​ពិនិត្យ និង​ពិចារណា​ឡើងវិញ​។ ហើយ​ករណី​នេះ យើង​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​លោក រ៉ាត់ រត្នមុនី។ ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​យើង​ជឿជាក់​ថា លោក រ៉ាត់ រត្នមុនី មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​បាន​ចោទប្រកាន់​កន្លងមក​នោះ​ទេ»

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​អះអាង​ថា ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ដែល​លោក រ៉ាត់ រត្នមុនី បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី​នោះ គឺជា​រឿងប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​។ ហើយ​អាជ្ញាធរ​បាន​ចោទ​លោក​ថា បាន​ឱ្យ​លុយ​ប្រភព ដើម្បី​ឱ្យ​ពួកគេ​និយាយ​ប្រឌិត​អំពី​ដំណើរ​ជីវិត​របស់​ខ្លួន នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ​។ ក៏ប៉ុន្តែ តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា នាង​មិនដែល​ទទួល​បាន​លុយកាក់​ពី​លោក រ៉ាត់ រត្នមុនី ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀបរាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ សុទ្ធសឹងតែ​រឿង​ពិត​របស់​នាង។

ទោះជា​យ៉ាងណា តុលាការ​មិនបាន​ពិចារណា​លើ​ចំណុច​នេះ​ឡើយ ហើយក៏​មិនបាន​កោះហៅ​ភាគី​សារព័ត៌មាន​រុស្ស៊ី RT ដែល​ជា​ម្ចាស់​ស្នាដៃ​នោះ ឱ្យ​មក​ឆ្លើយ​បំភ្លឺ​ដែរ ពោល​គឺ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ ហាក់​ព្យាយាម​ដាក់​បន្ទុក​តែ​ទៅលើ​លោក រ៉ាត់ រត្នមុនី ម្នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​តាមរយៈ​សាលក្រម​ផ្ដន្ទាទោស​ថ្មីៗ​នេះ លោក​ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត ដើម្បី​ឱ្យ​គ្រប់​រយៈពេល ២​ឆ្នាំ ខណៈ​បច្ចុប្បន្ន​លោក​ជាប់ឃុំ​អស់​រយៈពេល​ជិត ៧​ខែ​មក​ហើយ។

អង្គការ​អន្តរជាតិ​សំខាន់ៗ រួម​មាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporter Without Borders) ជាដើម សុទ្ធតែ​បាន​ថ្កោលទោស​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល