សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យប្រចាំខេត្តបាត់ដំបង ព្រះតេជព្រះគុណ ហន សុផាន្នី មានថេរដីកានៅពេលចេញពីពន្ធនាគារនៅរសៀលថ្ងៃទី២១ មិថុនា ថា ព្រះអង្គត្រូវបានដោះលែងឱ្យមានសេរីភាព នៅម៉ោង៣រសៀលថ្ងៃដដែលនេះ។ ព្រះអង្គបន្តថា ក្រោយពីមានសេរីភាពឡើងវិញ នឹងធ្វើការងារជួយសង្គមបន្តទៀតដោយមិនមានការភ័យខ្លាចនោះទេ។ ព្រះអង្គបញ្ជាក់ថា មុននឹងបន្តការងារព្រះអង្គនឹងទៅជួបសាច់ញាតិនៅស្រុកកំណើត ហើយសម្រាកថែរក្សាសុខភាពមួយរយៈសិន៖ «គេអត់មានធ្វើអីផង គេគ្រាន់តែរៀបចំលិខិតដោះលែងរួចហើយគេអោយចេញមក គេអត់មានធ្វើអីផង គេរៀបចំក្រដាសឱ្យតែមួយសន្លឹក។ ខ្ញុំធ្លាប់រៀនសូត្របានខ្លះៗមកហើយ ខ្ញុំចង់ធ្វើអ្វីដែលចង់ធ្វើទៅមុខ ដូចធ្វើបន្តការងារសង្គមពីមុនមក ព្រោះស្រលាញ់ការងារនេះ និងចង់សិក្សាបន្ថែមយកចំណេះដឹង»។
ព្រះតេជព្រះគុណបន្ថែមថា ការដោះលែងនេះដោយសារដល់ថ្ងៃកំណត់ទោសត្រូវចេញពីពន្ធនាគារនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩នេះ។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងខេត្តបាត់ដំបង បានកាត់សេចក្ដីដោយផ្ដន្ទាទោសព្រះតេជព្រះគុណ ហន សុផាន្នី ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យខេត្តបាត់ដំបង ព្រះនាម ហន សុផាន្នី គង់នៅវត្តដំរីស ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ព្រះកាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រោយមកមន្ត្រីតុលាការខេត្តនេះបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិថុនា ពីបទដឹកជញ្ជូន និងកាន់កាប់អាវុធដោយខុសច្បាប់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ព្រះតេជព្រះគុណ ហន សុផាន្នី តែងប្រកែកទៅនឹងការចោទប្រកាន់នេះ ដោយបញ្ជាក់នោះគឺជាកាំភ្លើងជ័រដែលបង្ហោះលេង។
ចំណែកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់មានថេរដីកាថា តុលាការចាប់ព្រះសង្ឃដោយពុំបានស៊ើបអង្កេតច្បាស់លាស់ ពីព្រោះកាំភ្លើងដែលព្រះអង្គ ហន សុផាន្នី បង្ហោះនៅលើបណ្ដាញហ្វេសប៊ុក (FaceBook) កាលពីខែមេសា ឆ្នាំ២០១៧ នោះ ជាកាំភ្លើងជ័រសម្រាប់ក្មេងលេង ពុំមែនជាអាវុធ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
