របប​ក្រុងភ្នំពេញ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

ដោយ ម៉ៅ សុធានី
2019-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ថែទាំ​ជ្រូក របស់​ពលរដ្ឋ។
សកម្មភាព​ថែទាំ​ជ្រូក របស់​ពលរដ្ឋ។
រូប​​ហ្វេសប៊ុក​ក្រសួង កសិកម្ម

របប​ក្រុងភ្នំពេញ បាន​ដាក់​ចេញ​វិធានការ ៦​ចំណុច​ដល់​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​នានា​ធ្វើ​ពី​សាច់​ជ្រូក ក្រោយ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever)

សារាចរ​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​៣១ ខែ​កក្កដា ធ្វើឡើង​ក្រោយ​ដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​រាលដាល​យ៉ាង​ឆាប់រហ័ស និង​បន្ត​ឆ្លង​រាតត្បាត នៅ​ខេត្ត​មួយ​ចំនួន នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម រួមមាន ខេត្ត​រតនគីរី ត្បូងឃ្មុំ កណ្ដាល តាកែវ​និង​ស្វាយរៀង​។​

ក្នុង​សារាចរ​នោះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ចាំបាច់ និង​ជាបន្ទាន់ ដើម្បី​បង្ការ​ទប់ស្កាត់ ការ​ឆ្លង​រាលដាល ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដោយ​តាមដាន ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់ និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ជាប្រចាំ លើ​សុខភាព​របស់​សត្វ​ជ្រូក កន្លែង​ចិញ្ចឹម​សត្វ សត្តឃាតដ្ឋាន និង​បំផ្លាញ​ចោល​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​ធ្វើ​ពី​សាច់​ជ្រូក​គ្រប់​ប្រភេទ ដែល​នាំចូល​ដោយ​ខុសច្បាប់​។ បន្ថែម​ពី​នេះ ត្រូវ​ផ្សព្វផ្សាយ​ពី​ជំងឺ​ប៉េស្ត​ជ្រូក​នេះ ព្រមទាំង វិធានការ​ការពារ ដល់​ប្រជាពលរដ្ឋ។

សារាចរណ៍​ដដែល​បន្ត​ថា ចំពោះ​ក្រសួង​មហាផ្ទៃ​វិញ ត្រូវ​ដាក់​បទបញ្ជា​ដល់​អភិបាលខេត្ត​នៅ​តាម​បណ្ដោយ​ព្រំដែន ចាត់វិធានការ​ម៉ឺងម៉ាត់​និង​ជាបន្ទាន់ ក្នុង​ការ​ទប់ស្កាត់​ការ​លួច​នាំចូល​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​ធ្វើ​ពី​សាច់​ជ្រូក ដូចជា​សាច់ក្រក ជាដើម​។ ហើយ​ចំណុច​ចុងក្រោយ គឺ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សាលា​រាជធានី​-​ខេត្ត ត្រូវ​ផ្ដល់​កិច្ចសហការ ដល់​ក្រសួងកសិកម្ម ដើម្បី​ឱ្យ​បំពេញភារកិច្ច​នេះ ទទួល​បាន​ជោគជ័យ។

ថ្មីៗ នេះ ក្រសួង​កសិកម្ម សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន ការ​ចិញ្ចឹម ទិញ​លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក និង​ផលិតផល​ធ្វើ​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ ចេញពី​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែរ ប៉ុន្តែ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ទោះជា​យ៉ាងណា កសិករ​ចិញ្ចឹម​ជ្រូក​នៅ​តាម​ខេត្ត​ដែល​មាន​សត្វ​ជ្រូក​ងាប់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក ត្អូញត្អែរ​ពី​ការខាតបង់​ប្រាក់​ជាច្រើន ដោយសារ​ជ្រូក​ងាប់​និង​សម្លាប់ចោល​។ កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៩ ជំងឺ​ប៉េស្ត​ជ្រូក​នេះ បាន​ឆ្លង​ជា​លើកដំបូង ចូល​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដោយមាន​ជ្រូក​ជាង​២​ពាន់ ក្បាល​ត្រូវ​បាន​សម្លាប់ចោល និង​ងាប់ ហើយ​ថ្មីៗ​នេះ សត្វ​ជ្រូក​របស់​ពលរដ្ឋ​ជាង ៥០០​ក្បាល នៅ​ខេត្ត​កណ្ដាល ក្នុង​ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង​បាន​ងាប់​ដោយសារ​ជំងឺ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល