សមត្ថកិច្ចព្រះសីហនុ បានចាប់ខ្លួន ព្រះគ្រូចៅអធិការវត្តមួយអង្គពីបទរក្សារូបភាពអាសអាភាសកុមារី និងប្រព្រឹត្តិអំពើអាសជាមួយកុមារីក្រោមអាយុ ១៨ឆ្នាំ។
ស្នងការប៉ូលិសខេត្តព្រះសីហនុ លោក ជួន ណារិន មិនបានបញ្ជាក់ថា សកម្មភាពព្រះគ្រូចៅអធិការវត្តអង្គនោះ បានប្រព្រឹត្តអំពើអាសលើកុមារីនោះយ៉ាងដូចម្ដេច តែលោកអះអាងថា ករណីនេះបានកើតមានឡើងជាច្រើនឆ្នាំមកហើយៗ ក៏មានជនរងគ្រោះភាគច្រើនជាកុមារី មិនទាន់គ្រប់អាយុជាច្រើននាក់។
កាលពីថ្ងៃទី១៧ តុលា នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា បានចាប់ខ្លួនព្រះតេជគុណ នន់ នីមល អាយុ៣៧ ឆ្នាំព្រះចៅអធិការវត្តមួយអង្គ មានទីតាំងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយបាននាំខ្លួនមកឃុំខ្លួនបណ្តោះអាសន្ន នៅក្រសួងមហាផ្ទៃ ពីបទសង្ស័យថា បានលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារីក្រោមអាយុ ១៨ឆ្នាំ។
លោក ជួន ណារិន បន្ថែមថា មូលហេតុដែលនាំទៅរកចាប់ខ្លួនជនសង្ស័យទៅផ្ដន្ទាទោសនេះ ដោយសារតែ មានជនរងគ្រោះចុងក្រោយម្នាក់បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច អំពីសកម្មភាពថតរូបអាសអាភាស និងបៀតបៀនកេរ្តិ៍ភេទលើកុមាររងគ្រោះ ទើបនាយកដ្ឋានប្រឆាំងបទល្មើសរបស់ក្រសួងមហាផ្ទៃចាប់ខ្លួន ជនសង្ស័យតែម្ដង៖ «តាមខ្ញុំដឹងសាច់រឿងតែម្នាក់ទេ ប៉ុន្តែមិនទាន់ដឹងថា ស៊ីជម្រៅរបៀបណា ពីព្រោះការសួរដេញដោលពាក់ព័ន្ធនឹងជំនាញ ហើយជាមួយនឹងមន្ទីរធម្មការ របស់ខេត្ត អញ្ចឹង ខ្ញុំចង់បង្វែរទៅម្ចាស់ករណីល្អជាង បានស៊ីជម្រៅ ពីព្រោះពេលខ្លះខ្ញុំនិយាយទៅ វាមិនស៊ីជម្រៅហើយវាអត់ច្បាស់»។
ពាក់ព័ន្ធនឹងការចាប់ផ្សឹកព្រះសង្ឃ រឿងថតរូបអាសអាភាសនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១០ បាន ផ្ដន្ទាទោសអតីតព្រះសង្ឃ នេត ខៃ អាយុ ៣៧ឆ្នាំ គង់នៅវត្តស្រះចក ឲ្យជាប់គុកចំនួន ១ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន ២លានរៀល (ស្មើនិង ៥០០ដុល្លារអាមេរិក) ចូលថវិការដ្ឋ និងសងជំងឺចិត្តទៅជនរងគ្រោះ ឬដើមបណ្ដឹង ចំនួន ៤០លានរៀល (ស្មើនឹង១ម៉ឺនដុល្លារអាមេរិក) ក្រោមបទចោទថា បានចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិកាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។