តុលាការ​ពន្យារ​ពេល​សវនាការ​សំណុំ​រឿង​ញុះញង់​របស់​កញ្ញា នួន តឿន ដោយ​គ្មាន​ថ្ងៃ​កំណត់

ដោយ ច័ន្ទ ដារ៉ូ
2025.02.03
តុលាការ​ពន្យារ​ពេល​សវនាការ​សំណុំ​រឿង​ញុះញង់​របស់​កញ្ញា នួន តឿន ដោយ​គ្មាន​ថ្ងៃ​កំណត់ ពលករ​ខ្មែរ​កញ្ញា នួន តឿន ជាសមាជិក​បណ្តាញយុវជនកម្ពុជាសកល​ប្រចាំ​ម៉ាឡេស៊ី​ម្នាក់ ដែល​កម្លាំង​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកឈ្មោះកូនខ្មែរឈឺចាប់

តុលាការ​រាជធានីភ្នំពេញ​ពន្យារពេល​សវនាការ​សំណុំ​រឿង​របស់​កញ្ញា នួន តឿន ទៅ​ពេល​ក្រោយ​ដោយ​គ្មាន​ថ្ងៃ​កំណត់។ មន្រ្តីបក្សប្រឆាំង​ចាត់ទុក​វិធានការ​របស់​តុលាការនេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ ដាក់​សម្ពាធ​ឱ្យ​អ្នកជាប់ឃុំ​ធ្វើ​វីដេអូសារភាព ឬ​ចុះចូល​ជាមួយ​​បក្សកាន់អំណាច។

សាច់ញាតិ​ពលករខ្មែរ​ដែល​អាជ្ញាធរ​ចាប់​បញ្ជូន​ពី​ប្រទេសម៉ាឡេស៊ី សោកស្ដាយដែល​តុលាការ​ពន្យារពេល​សវនាការ​ជំនុំជម្រះ​ទៅ​ពេល​ក្រោយ។

ម្តាយមីង​របស់​កញ្ញា នួន តឿន គឺ​លោកស្រី ឆេង ថុល ប្រាប់​វិទ្យុអាស៊ីសេរី​ថា នៅពេល​លោកស្រី​ទៅ​សួរសុខទុក្ខ​ក្មួយស្រី​នៅ​ក្នុង​ពន្ធនាគារ​ម្តងៗ កញ្ញា នួន តឿន តែងតែ​ផ្តាំតាមរយៈ​លោកស្រី​ឱ្យ​ប្រាប់​​​តុលាការ​​ជួយ​ពន្លឿន​​រឿង​ក្តី​ឱ្យ​បានឆាប់ ដោយ​ដោះលែង​រូបនាង​ឱ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ និង​ព្យាបាលជំងឺ។ លោកស្រី​ថា​ការណ៍​ដែល​តុលាការ​អូសបន្លាយ​សវការ​កាន់តែ​យូរ ធ្វើឱ្យ​ប៉ះពាល់​ផ្លូវ​ចិត្តក្មួយ​របស់​លោកស្រី បន្ទាប់ពី​ជាប់ពន្ធនាគារ ដោយ​អយុត្តិធម៌​អស់​ជាច្រើន​ខែ​មក​ហើយ។

​លោកស្រី ឆេង ថុល«តុលាការ​ពន្យារពេល​អ៊ីចឹង​ទៅ បើ​ឃុំខ្លួន​រយៈពេល​៣ខែ​ឬ៦ខែហើយ​តុលាការ​ត្រូវ​កាត់ក្តី​ឱ្យ​ហើយ​ទៅ ដោយ​មិន​ចាំបាច់​អូសបន្លាយ ហើយ​បើតុលាការ​ត្រូវ​ដោះលែង​ក្មួយខ្ញុំ​សូម​ដោះលែង​មក ខ្ញុំ​មាន​តែ​លើក​ម្រាមដៃដប់​សូមឱ្យ​សម្តេច​ដោះលែង និង​អ្នកក្នុង​និង​ក្រៅប្រទេស​សុំ​ជួយ​ផង ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​អ្វីទៀត​ទេ ពីព្រោះ​ច្បាប់​នៅ​លើ​គេ»

រីឯ​អតីតបេក្ខជន​តំណាងរាស្ត្រ​គណបក្សភ្លើងទៀន​ប្រចាំ​ខេត្ត​កណ្តាល ដែល​កំពុងភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក លី ម៉េងឃៀង រិះគន់​ប្រព័ន្ធតុលាការ​ថា ជាឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច សម្រាប់​ដាក់​សម្ពាធ​​លើ​សកម្មជន​នយោបាយ និង​សង្គម ឱ្យ​បោះបង់​ការតស៊ូ​ជាមួយ​បក្សជំទាស់។ លោក​មើលឃើញ​ថា ករណី​របស់​កញ្ញា នួន តឿន មិន​ខុស​ពី​ករណី​សកម្មជន​ដទៃទៀត​ឡើយ គឺ​តុលាការ​សម្រេច​ពន្យារពេល​សវនាការ ឬ​ឃុំខ្លួន​លើសពេល​កំណត់​នៃ​ច្បាប់ ដើម្បី​ទុកពេល​ឱ្យ​មន្រ្តី​បក្សប្រជាជនកម្ពុជា​ដែល​គេ​ស្គាល់​ថា​ជា​ក្រុមលលក​អាច​បន្ត​ចរចា​ជាមួយ​អ្នកទោសមសិការ ដែល​មិនទាន់​ចុះចូល​បក្សកាន់អំណាច នៅមុនពេល​តុលាការ​សម្រេចក្តី​ចុង​ក្រោយ។

លោក លី ម៉េងឃៀង«ការអូសបន្លាយ​ពេល ឬ​លើកពេល​សវនាការ​ចំពោះ​រឿង នួន តឿន នេះ​វា​ជា​រឿង​នយោបាយ​សុទ្ធសាធ ដោយសារតែ​យើង​មើលឃើញ​ថា គេ​ទុកពេល​ឱ្យ​ពួក​លកល​ទាំងអស់​ហ្នឹង​ទៅ​ទាក់ទាញ ទៅ​បញ្ជុះបញ្ជូល​ឱ្យ​ពួកគាត់នៅ​ក្នុង​ពន្ធនាគារ​ចុះចូល​ជាមួយ​បក្សកាន់អំណាច អ៊ីចឹង​ហើយ​បាន​ជា​គេ​ចង់ដោះស្រាយ​ខាងក្រៅ​ប្រព័ន្ធតុលាការ ដោយ​ការបង្ខំ​ឱ្យ​មនុស្ស​ចុះចូល​ជាមួយ​បក្សខ្លួន​ហើយ​ទើប​ដោះលែង »

ការ​លើកឡើង​នេះ​បន្ទាប់ពី​តំណាង​អយ្យអម​នៃ​សាលាដំបូងរាជធានីភ្នំពេញ​លោក សម ឬទ្ធីវាសនា គ្រោងបើក​សវនាការ​ជម្រះក្ដី​សំណុំរឿង​របស់​កញ្ញា នួន តឿន នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ប៉ុន្តែ​បាន​ព្យារពេល​សវនាការ​ទៅ​ថ្ងៃក្រោយ​ដោយ​គ្មានពេល​កំណត់ និង​គ្មាន​ការ​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរីមិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហានេះ​បានទេ​នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ។

ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគម​ការពារសិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក យិន ម៉េងលី មានប្រសាសន៍​ថា​ បើតាម​ច្បាប់​ការឃុំខ្លួន​បណ្តោះអាសន្ន​ចំពោះជន​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទមជ្ឈិម​មិន​លើស​៤ខែ តែ​ចៅក្រមស៊ើបសួរ​អាច​ពន្យារពេល​ឃុំខ្លួន​បាន​​២ខែថែម​ទៀត ដោយ​ដីកា​មាន​សំអាង​ហេតុត្រឹមត្រូវ។ លោក​ថា​បើទោះបីជា​កញ្ញា នួន តឿន ត្រូវបាន​ជាប់ឃុំ​បណ្តោះអាសន្ន​រយៈពេល​ជាង៤ខែ ដោយ​មិនទាន់​ហួសពេល​កំណត់​នៃ​ច្បាប់​ក្តី ក៏​តុលាការ​គួរតែ​ពន្លឿន​ការជំនុំជម្រះ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​ជនជាប់ឃុំ ខណៈ​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុក​សំណុំរឿងនេះ​ថា​ជាការប្រើប្រាស់​សិទ្ធ​បញ្ចេញមតិ។

លោក យិន ម៉េងលី«ខ្ញុំគិត​ថា​ឯកសារ​ដែល​យកមក​ដាក់​បន្ទុក​លើ​កញ្ញា នួន តឿន គឺឯកសារ​ពាក់ព័ន្ធ​នៅលើ​អនឡាញ​ទៅ​តាម​អ្វី​ដែល​នា​ងបង្ហោះ អ្វី​ដែល​នួន តឿន បញ្ចេញមតិ អ៊ីចឹង​ហើយ អាហ្នឹង​យើង​មើល​ថា​វា​ជា​សេរីភាព​បញ្ចេញមតិ​ទេ ដែលយើង​ចង់​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​សូម​កុំ​ឱ្យ​មាន​ការចោទប្រកាន់ សូម​ទម្លាក់បញ្ហា​ទាំងអស់​នេះ​ហ្នឹង សូម​ឱ្យ​រដ្ឋាភិបាល​បើកលំហ​សេរីភាព​នេះ វា​ចាំបាច់​ណាស់​បាទ»

កញ្ញា នួន តឿន មាន​ស្រុកកំណើត​នៅ​ស្រុក​បសេដ្ឋ នៅ​ខេត្ត​កំពង់ស្ពឺ និង​ជាកូនកំព្រា​ឪពុកម្តាយ។ នាង​គឺ​ជា​ពលករខ្មែរ​ធ្វើការ​ស្របច្បាប់​ជាង​១៦ឆ្នាំ​នៅប្រទេស​ម៉ាឡេស៊ី​ដែល​ចេញមុខ​គាំទ្រ​គណបក្សប្រឆាំង។

កាល​ថ្ងៃ​ទី៣០ ខែ​កញ្ញា ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ កញ្ញា នួន តឿន និរទេស​ទៅ​កម្ពុជា​តាមសំណើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។ តុលាការ​បាន​ចោទប្រកាន់​កញ្ញា ពីបទ​« ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យ​មានភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង» ពាក់ព័ន្ធ​កញ្ញា​រិះគន់​ខ្លាំងៗ​ជុំវិញ​ការដឹកនាំរបស់​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅលើ​បណ្តាញសង្គម។

គ្រួសារ និង​មន្រ្តីសិទ្ធិមនុស្ស​ស្នើឱ្យ​តុលាការ និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ពលករខ្មែរ​រូបនេះ​ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​អ្វី​ដែល​នាង​និយាយ​រិះគន់​មេដឹកនាំ​ក្រុងភ្នំពេញ​កន្លងមក គឺ​ជាការអនុវត្ត​សិទ្ធិ​បញ្ចេញមតិ ដោយ​មិនមែន​ជា​អំពើ​ល្មើស​ច្បាប់​អ្វី​នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។