យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាជាង ២ម៉ឺន ១ពាន់នាក់ (២១.០៣១) គិតមកត្រឹមយប់ថ្ងៃទី១៥ ខែកញ្ញា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះមួយចំនួន ដែលរួមមានឃាតកម្មលើបណ្ឌិត កែម ឡី អ្នកស្រី ពិសិដ្ឋ ពីលីកា តារាភាពយន្ត និងជាសាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធានសហជីពកម្មករ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ និងអ្នកសារព័ត៌មាន សកម្មជននយោបាយ និងមន្ត្រីសហជីព ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ក្រៅពីយុទ្ធនាការតាមអនឡាញនេះ គណបក្សសង្គ្រោះជាតិក៏កំពុងរៀបចំ "សៀវភៅស" ដែលចងក្រងរឿងរ៉ាវនៃការធ្វើទុកបុកម្នេញ និងការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ផងដែរ។ មន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថា សៀវភៅសនេះនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រស្ដីពីការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន និងភាពអយុត្តិធម៌ដែលកើតលើប្រជាពលរដ្ឋខ្មែរ៕