ពលករធ្វើការនៅប្រទេសថៃមួយចំនួនបាន ចូលរួមចុះហត្ថលេខាក្នុងញត្តិយុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា។
យុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ កើនចំនួនអ្នកគាំទ្រដល់ជិត ១ម៉ឺន ៥ ពាន់ (១៤.៨៨៨) នាក់ គិតត្រឹមយប់ថ្ងៃទី២២ សីហានេះ។
សកម្មជនគណបក្សសង្គ្រោះជាតិអះអាងថា យុទ្ធនាការនេះមានសន្ទុះអ្នកគាំទ្រចូលរួមកាន់តែច្រើន បន្ទាប់ពីរបបក្រុងភ្នំពេញ បង្កើនការចាប់ចង និងធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋកាន់តែខ្លាំង។
ព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក រ៉ុង ឈុន និងយុវជនមួយចំនួនដាក់ពន្ធនាគារ បំពានលើក្រុមបាតុករជាស្ត្រី បំបិទសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋមិនឲ្យតវ៉ា ការធ្វើឲ្យបាត់បង់ EBA ២០% និងការគំរាមកំហែងលើសង្គមស៊ីវិលជាដើមនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់កាន់តែខ្លាំង ហើយពួកគាត់បានចូលរួមចុះឈ្មោះគាំទ្រញត្តិតាមអនឡាញនេះកាន់តែច្រើន។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះមួយចំនួន ដែលរួមមានឃាតកម្មលើអ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី អ្នកស្រីពិសិដ្ឋ ពីលីកា សិល្បករនិងជាសាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ និងអ្នកសារព័ត៌មាន សកម្មជននយោបាយ មន្ត្រីសហជីព ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ក្រៅពីយុទ្ធនាការតាមអនឡាញនេះ គណបក្សសង្គ្រោះជាតិក៏កំពុងរៀបចំ “សៀវភៅស” ដែលចងក្រងរឿងរ៉ាវនៃការធ្វើទុកបុកម្នេញ និងការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ផងដែរ។ មន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថា សៀវភៅសនេះនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រស្តីអំពីការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន និងភាពអយុត្តិធម៌ដែលកើតលើប្រជាពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។