មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សបានចោទប្រកាន់ថា សំណុំរឿងសកម្មជនយុវជនដែលនិយមបណ្ឌិតកែម ឡី គឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ជាប់ពាក់នឹងរឿងនយោបាយជាជាងអនុវត្តនីតិវិធីច្បាប់។ ការលើកឡើងនេះបន្ទាប់ពីតុលាការរបបក្រុងភ្នំពេញបានបដិសេធសំណើស្នើសុំរបស់មេធាវី ដើម្បីឱ្យអ្នកទាំងពីរបាននៅក្រៅឃុំជាបណ្ដោះអាសន្នដោយមានការបង់ប្រាក់ធានា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាតប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ កក្កដា ថា តុលាការក្រុងភ្នំពេញបានរំលោភសិទ្ធិសេរីភាពទៅលើជនជាប់ចោទគឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ដោយសារតែសំណុំរឿងនេះមិនមានបទល្មើសធ្ងន់ធ្ងររហូតដល់តុលាការបដិសេធសំណើរបស់មេធាវី ស្នើសុំអោយនៅក្រៅឃុំចំពោះករណីអ្នកទាំងពីរនោះទេ។
លោក អំ សំអាតចោទប្រកាន់ចំៗថា សំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទើបតុលាការរបបក្រុងភ្នំពេញច្រានចោលទៅនឹងសំណើរបស់មេធាវី៖ «ការមិនអនុញ្ញាតឱ្យនៅក្រៅឃុំនេះវាប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពរបស់លោក គង់ រ៉ៃយ៉ា ក៏ដូចជាលោក សួង នាគព័ន្ធ ហើយធ្វើឱ្យសាធារណមតិ និងអន្តរជាតិបានន័យថា សហគមន៍អន្តរជាតិគេយល់ថា ករណីនេះវាពាក់ព័ន្ធនឹងស្ថានភាពនយោបាយទៅទៀតហើយការឃុំខ្លួនបន្តនេះ វាអាចអត់មានអីចំណេញទេផ្ទុយទៅវិញវាខាតបង់»។
ការលើកឡើងរបស់លោក អំ សំអាត បានកើតមានឡើងក្រោយពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឯក ប៉ូលីហ្វីល នៅថ្ងៃទី២៤ កក្កដានេះបានបដិសេធសំណើសុំនៅក្រៅឃុំរបស់មេធាវី សំ សុគង់ ដោយមិនអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ បាននៅក្រៅឃុំបណ្ដោះអាសន្នឡើយ។
លោកចៅក្រមស៊ើបអង្កេតនៃតុលាការក្រុងភ្នំពេញលោក ឯក ប៉ូលីហ្វីល បានលើកយកហេតុផលថា ចៅក្រមស៊ើបសួរមិនទាន់បានសាកសួរជនជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌនេះ ចប់សព្វគ្រប់នៅឡើយ។ ដូច្នេះដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតឡើងសាជាថ្មី ឬកុំឱ្យមានការគាបសង្កត់លើសាក្សី និងអ្នកសមគំនិត ក៏ដូចជាដើម្បីរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី មិនគប្បីដោះលែងជនត្រូវចោទនោះ ឱ្យនៅក្រៅឃុំតាមការស្នើសុំឡើយ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ដូចៗ គ្នាពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលបទចោទនេះតុលាការសំអាងថា ជនសង្ស័យទាំងពីរអាចបង្កឱ្យប៉ះពាល់ដល់របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ និងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
មេធាវីការពារក្តី សំ សុគង់ នៅថ្ងៃទី២៤ កក្កដានេះ មិនអាចទាក់ទង់សុំសេចក្ដីអត្ថាធិប្បាយបំភ្លឺបានទេ។ ក៏ប៉ុន្តែកាលពីថ្ងៃទី២៣ កក្កដា លោកប្រាប់អាស៊ីសេរីថា ការបន្តឃុំខ្លួនកូនក្តីរបស់លោកនេះគឺជាការរំលោភសិទ្ធិរបស់ជនជាប់ចោទ ដោយសារតែពួកគេគ្រាន់តែចូលរួមសកម្មភាពសង្គមតែប៉ុណ្ណោះ មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ៖ «ការឃុំខ្លួនអ្នកទាំងពីរនាក់ហ្នឹងគឺមិនមានផលប្រយោជន៍អ្វីដល់ការឃុំខ្លួនទេបើសិនជាតុលាការយល់ឃើញថា ដើម្បីអនាគតនិងដើម្បីជួយឱពួកគាត់មានអនាគតសម្រាប់ពួកគាត់ទាំងអស់ហ្នឹង»។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជនគង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ដាច់ដោយឡែកៗ ពីគ្នាកាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ ក្នុងខណៈដែលពួកគេបានចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ៣ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងសាំងកាល់តិចជិតស្តុបបូកគោក្រុងភ្នំពេញ។ លោក យុវជន គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកបានប្រកាសលក់អាវយឺតដែលសារសរសេរនូវទស្សនៈរបស់លោក បណ្ឌិត កែម ឡី ថា "បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។