តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅបេក្ខនារី តវ៉ាលទ្ធផលប្រឡងចូលសិស្សចៅក្រមម្នាក់ទៀត ឲ្យចូលឆ្លើយបំភ្លឺពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបរិហារបង្កាច់កេរ្តិ៍ ពាក់ព័ន្ធនឹងការលើកឡើងពីភាពមិនប្រក្រតីនៃការប្រឡងចូលសិស្សចៅក្រមជំនាន់ទី១០។
បេក្ខនារី រងការកោះហៅឲ្យចូលបំភ្លឺ គឺកញ្ញា សើ ស្រីម៉ៅ ឲ្យដឹងថា នាងភ្ញាក់ផ្អើល នៅពេលតំណាងអយ្យការកោះហៅ តែយ៉ាងណា កញ្ញានឹងចូលឆ្លើយបំភ្លឺតាមការកំណត់ ដោយគ្មានការព្រួយបារម្ភ ព្រោះកញ្ញាអះអាងថា មិនបានប្រព្រឹត្តិកំហុស៖ « ខ្ញុំអត់មានការភ័យខ្លាច ឬក៏ព្រួយបារម្ភអ្វីទេ ដោយហេតុថា ខ្ញុំអត់បានទៅធ្វើរឿងទាំងអស់ហ្នឹង អ៊ីចឹង ដូចខ្ញុំបាននិយាយតាំងពីដើមមក គឺយើងធ្វើតែរឿងត្រឹមត្រូវ យើងអត់មានខ្លាចអ្វីទាំងអស់»។
ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សាយ ណូរ៉ា បានចេញដីកាកោះហៅកញ្ញា សើ ស្រីម៉ៅ កាលពីថ្ងៃទី ១៨ កុម្ភៈ ដើម្បីឲ្យចូលឆ្លើយបំភ្លឺ នៅម៉ោង២កន្លះ រសៀល ថ្ងៃទី២៧ កុម្ភៈ ពីក្នុងដំណើររឿងបរិហារកេរ្តិ៍ជាសាធារណៈ និងបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ តាមរយៈវីដេអូឃ្លិប របស់បេក្ខជនតវ៉ាលទ្ធផលសិស្សចៅក្រម លោក គង់ ប៊ុនរិទ្ធិ ដែលបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) កាលពីថ្ងៃទី២៦ ខែមករា។
នគរបាលស្រុកបវេល ខេត្តបាត់ដំបង បានយកដីកាកោះហៅនោះ បញ្ជូនឲ្យគ្រួសាររបស់ កញ្ញា សើ ស្រីម៉ៅ នៅថ្ងៃទី២៥ កុម្ភៈ នៅស្រុកកំណើត។ កញ្ញា ថា ម្ដាយជាអ្នកផ្ដិតមេដៃទទួលដីកាជួស ខណៈកញ្ញា កំពុងស្នាក់នៅក្រុងភ្នំពេញ។ កញ្ញា ប្រាប់ថា ការយកដីកាឲ្យកៀកនឹងថ្ងៃកំណត់បែបនេះ ធ្វើឲ្យរូបនាង ពិបាកក្នុងការស្វែងរកមេធាវីឲ្យជួយ។
កាលពីថ្ងៃទី១៤ កុម្ភៈ ព្រះរាជអាជ្ញារង លោក សាយ ណូរ៉ា បានសម្រេចបើកការស៊ើបអង្កេត បេក្ខជនតវ៉ាលទ្ធផលសិស្សចៅក្រមម្នាក់រួចហើយ គឺលោក គង់ ប៊ុនរិទ្ធិ។ បណ្ដឹងនោះ ប្ដឹងដោយមន្ត្រីក្រសួងយុត្តិធម៌ចំនួន ៣នាក់ និងតំណាងសិស្សជាប់ចៅក្រមជ័យលាភី ចំនួន ៣នាក់ ដែលចោទថា បេក្ខជនតវ៉ាលទ្ធផលសិស្សចៅក្រមរូបនេះ បរិហារកេរ្តិ៍ជាសាធារណៈ មូលបង្កាច់កេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង នៅពេលដែលបេក្ខជនរូបនេះ បានបង្ហោះវីដេអូឃ្លិបថា ទទួលបានព័ត៌មាន នៃភាពមិនប្រក្រតីការប្រឡងចូលសិស្សចៅក្រមជំនាន់ទី១០។
ព័ត៌មាននៃភាពមិនប្រក្រតី ដែល លោក គង់ ប៊ុនរិទ្ធិ ធ្វើជាវីដេអូឃ្លិបបង្ហោះនោះ គឺអំពើពុករលួយជាប្រព័ន្ធនៃការប្រឡង ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាអ្នកនៅពីក្រោយការទទួលសំណូកក្នុងតម្លៃចាប់ពី ៦ម៉ឺន (៦០.០០០) ដុល្លារអាមេរិក ដល់ដប់ប្រាំម៉ឺន (១៥០.០០០) ដុល្លារ និងបេក្ខជនខ្លះ បានសូកលុយ តាំងពីកន្លះឆ្នាំមុនការប្រឡង។
តែទោះជាយ៉ាងណា មន្ត្រីក្រសួងយុត្តិធម៌៣នាក់ ដែលមានឈ្មោះថា ជាអ្នកធ្វើសកម្មភាពទទួលសំណូកផ្ទាល់ ឈ្មោះ ពៅ វិបុល សុង សំនិត និង តូច វិចិត្រ បានប្ដឹង ថា លោក គង់ ប៊ុនរិទ្ធិ ថា បរិហារបង្កាច់កេរ្តិ៍ មន្ត្រីរាជការ។
ក្នុងពេល សាកសួរ កាលពីថ្ងៃទី១៤ កុម្ភៈ ព្រះរាជអាជ្ញារង លោក សាយ ណូរ៉ា បានស្នើសុំដកហូតទូរស័ព្ទ និងកុំព្យូទ័រយួរដៃរបស់លោក គង់ ប៊ុនរិទ្ធិ ជាហេតុឲ្យមានការកោះហៅកញ្ញា សើ ស្រីម៉ៅ បន្តទៀត ក្នុងសំណុំរឿងនេះ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទសុំការបញ្ជាក់បន្ថែមពីព្រះរាជអាជ្ញារង លោក សាយ ណូរ៉ា នៅថ្ងៃទី២៥ កុម្ភៈ តែទូរស័ព្ទរោទ៍ច្រើនដងគ្មានអ្នកទទួល។
កញ្ញា សើ ស្រីម៉ៅ សង្ឃឹមថា ក្រៅពីបទចោទប្រឆាំងរូបនាង កញ្ញាចង់ឲ្យតុលាការស៊ើបអង្កេតដល់ករណីភាពមិនប្រក្រតីនៃការប្រឡងចូលសិស្សចៅក្រម ព្រោះកញ្ញា នៅតែទាមទារឲ្យបង្ហាញពិន្ទុវិញ្ញាសា ជាសាធារណៈ តាមការស្នើសុំ ទើបអាចជឿជាក់ថា ការប្រឡងមានតម្លាភាព។ កញ្ញា អះអាងថា ការទាមទាររកតម្លាភាពនេះ មិនមែនតែសម្រាប់កញ្ញា ឬក្រុមបេក្ខជនតវ៉ាលទ្ធផលមួយក្រុមទេ គឺសម្រាប់ជាប្រយោជន៍ពលរដ្ឋទាំងមូល ក្នុងការទទួលបានចៅក្រម ដែលមានចំណេះដឹងពិតប្រាកដក្នុងវិស័យច្បាប់។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការចេញដីកាកោះហៅក្រុមអ្នកតវ៉ាលទ្ធផលសិស្សចៅក្រម ហាក់ជារឿងផ្ទុយពីកម្មវត្ថុ នៃការទាមទារ។ លោក ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើតម្រុយអនាមិករបស់ក្រុមបេក្ខជន ជាជាងការកោះហៅបេក្ខជនតវ៉ាទៅតុលាការ។ លោក សន ជ័យ បន្តថា ដើម្បីរួមចំណែកលុបបំបាត់ភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំស្រាវជ្រាវ រកឲ្យឃើញភាពត្រឹមត្រូវ ទើបជាការជ្រោមជ្រែង រកយុត្តិធម៌ពិតប្រាកដ សម្រាប់ ក្រុមអ្នកតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។