ក្រុម​យុវជន​សង្គម​គ្រោង​ប្រារព្ធ​បុណ្យខួប៧ឆ្នាំនៃ​ឃាតកម្ម បណ្ឌិត កែម ឡី

ដោយ ជីវិតា
2023.06.12
ក្រុម​យុវជន​សង្គម​គ្រោង​ប្រារព្ធ​បុណ្យខួប៧ឆ្នាំនៃ​ឃាតកម្ម បណ្ឌិត កែម ឡី ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​ក្រុមយុវជន​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម​ ​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា ​និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ដ៏​ល្បី​មួយ​រូប​បណ្ឌិត កែម ឡី​ ដែល​ត្រូវ​ឃាតករបាញ់​សម្លាប់​លោក​អស់រយៈពេល៦ឆ្នាំ​កន្លង​មក ​នៅស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​ (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​សង្គម​គ្រោង​ធ្វើ​ពិធី​បុណ្យខួប៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា​ខាង​មុខ​នេះ ។ ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ក្ដី​នឹក​រលឹក​ដល់​គំរូវីរភាព និង​បន្ត​ការ​ទាមទារ​ឱ្យ​អាជ្ញាធរ​វែក​មុខ​ឃាតក​ពិត ដើម្បី​រក​យុត្តិធម៌​ជូន បណ្ឌិត កែម ឡី។

ខណៈ​ជិត​ដល់​ថ្ងៃ​ខួប ៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មន្ត្រី​សង្គម​ស៊ីវិល ក្រុម​យុវជន និង​ពលរដ្ឋ​ខ្មែរ បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល ស៊ើបអង្កេត​ដោយ​ឯករាជ្យ ឥត​លម្អៀង​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់ និង​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃ​ទី១១ មិថុនា ថា ការ​ប្រារព្ធ​ខួប ៧​ឆ្នាំ នៃ​ការ​បាត់បង់​ជីវិត​បណ្ឌិត កែម ឡី នេះ​គឺ​ក្រុម​យុវជន​ជួប​ជុំ​គ្នា​មុខ​នៅ​ហាង​កាហ្វេ​ស្ដារ​ម៉ាត (Star Mart) កាល់តិច(Caltex) រាជធានី​ភ្នំពេញ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ បង្សុកូល​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី តាម​ប្រពៃណី​ព្រះពុទ្ធសាសនា និង​ជា​សារ​ពញ្ញាក់​ដល់​អ្នក​នយោបាយ​ឱ្យ​និយាយ​ការ​ពិត មិន​និយាយ​ការពារ​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ ។ លោក​បន្ត​ថា ថ្វីត្បិត​រយៈ​ពេល ៧ឆ្នាំ​នេះ បណ្ឌិត កែម ឡី បាត់បង់​ជីវិត​ហើយ​ក្ដី ប៉ុន្តែ​យុវជន​ដែល​មាន​ឆន្ទៈ​បណ្ឌិត កែម ឡី នៅ​តែ​រក្សា​គោល​ជំហរ​និយាយ​ការ​ពិត និង​អនុវត្ត​តាម​គំរូវីរភាព​បណ្ឌិត កែម ឡី ជានិច្ច។

លោក កើត សារ៉ាយ៖ «ប្រសិន​បើជា​ប្រព័ន្ធ​នីតិរដ្ឋ​ដូច​តែ​រាល់ថ្ងៃ​នេះ​ខ្ញុំ​ដូចជា​មិន​ជឿ​ថា អាច​ស្វែងរក​យុត្តិធម៌​ជូន លោក បណ្ឌិត បាន​នោះ​ទេ ប្រសិន​ជា​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅ​តែ​ចាក់ស្រេះ​បែប​នេះ​ដដែល​ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា យុត្តិធម៌​នឹង​រក​ជូន លោក បណ្ឌិត នោះ​ទេ ដរាប​ណា​តុលាការ​នៅ​តែ​មិន​បង្ហាញ​ពី​អំណាច​ឯករាជ្យ​មួយ​ឱ្យ​ត្រឹមត្រូវ ខ្ញុំ​ក៏​នៅ​តែ​មិន​ជឿ​ថា នឹង​មាន​យុត្តិធម៌​សម្រាប់ លោក បណ្ឌិត»

លោក កើត សារ៉ាយ បន្ថែម​ថា ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​ស្លាប់​មួយ​ដែល​ទទួលរង​នូវ​ភាព​អយុត្តិធម៌​បំផុត​ដែល​មិន​អាច​ទទួល​យក​បាន ប៉ុន្តែ​នេះ​ក៏​ជា​សារ​ដាស់​តឿន​ទៅ​កាន់​រដ្ឋាភិបាល ឱ្យ​ស៊ើបអង្កេត​រក​អ្នក​ពាក់​ព័ន្ធ​ទាំងអស់ និង​ឃាតក​ពិតប្រាកដ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

លោក​ឱ្យ​ដឹង​ថា ក្រៅពី​ពិធី​រំឭក​ខួប​នេះ នៅ​មាន​ការ​សំដែង​មតិ​នៅ​តាម​ទី​សាធារណៈ ការ​ប្រកួត​កីឡា​បាល់ទាត់ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ឈប់​គំរាមកំហែង​ដល់​អ្នក​ស្រឡាញ់​កិច្ច​ការងារ​សង្គម ហើយ​បើក​លំហ​សិទ្ធិ​សេរីភាព​ឡើងវិញ។

ដោយ​ឡែក​យុវជន​សកម្ម​កិច្ច​ការងារ​សង្គម លោក នី ចាន់ដា យល់​ឃើញ​ថា ការ​​រំឭក​ខួប៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ​គឺ​ការ​ផ្ដល់​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ស្គាល់​លោក បណ្ឌិត កាន់​តែ​ច្រើន តាម​រយៈ​ការ​ចូលរួម​ប្រកួត​បាល់ទាត់ និង​ការ​សំដែង​មតិ​នៅ​ទី​សាធារណៈ។ លោក​បន្ត​ថា សោកស្ដាយ​ចំពោះ​ការ​បង់​វីរជន​មួយ​រូប​ដែល​ហ៊ាន​លះបង់​ជីវិត​ដើម្បី​បង្ហាញ​ការ​ពិត ដូច្នេះ​នេះ​គឺជា​គំរូ​មួយ​ដែល​យុវជន​គ្រប់​រូប​គួរតែ​រៀន​សូត្រ​តាម​បណ្ឌិត កែម ឡី។

លោក នី ចាន់ដា៖ «យើង​ចង់​បង្ហាញ​ស្មារតី​មួយ​ស្មារតី​រួបរួម​ជា​ក្រុម ជា​ស្មារតី​ស្រឡាញ់ ពូ កែម ឡី ហើយ​ក៏​បង្ហាញ​នូវ​វីរភាព​ដែល​គាត់​បាន​លះបង់​សម្រាប់​យើង​គ្រប់គ្នា យើង​ក៏​បង្ហាញ​ពី​ស្មារតី​រួបរួម​គ្នា ស្មារតី​តែ​មួយ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​រួម​ថ្វីត្បិតតែ​បើ​យើង​ធៀប​ទៅ​នឹង​ការ​លេង​បាល់​មាន​គោលដៅ​មួយ​អ៊ីចឹង​ថ្វីត្បិតតែ​អ្នក​លេង​មាន​តួនាទី​ផ្សេង​គ្នា​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បង្ហាញ​គឺ​ការ​ចូលរួម​ធ្វើ​ក្នុង​គោលបំណង​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​តែ​មួយ»

ជុំវិញ​រឿង​នេះ​មន្ត្រី​គម្រោង​ជាន់​ខ្ពស់​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) កញ្ញា អេង ស្រីពៅ យល់ថា ការ​បាត់បង់​លោក​បណ្ឌិត គឺជា​ការបាត់បង់​ធនធាន​មួយ​ដ៏​កម្រ​នៅ​កម្ពុជា​ដែល​លោក​តែងតែ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហ៊ាន​និយាយ​ការពិត តែ​ត្រូវ​បាន​ឃាតក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​ទឹកដី​របស់​ខ្លួន ដែល​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ថា​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ។ កញ្ញា​បន្ត​ថា អាជ្ញាធរ​គួរតែ​សហការ​ជាមួយ​ក្រុម​យុវជន​ដើម្បី​ប្រារព្ធ​កម្មវិធី​នៅ​ថ្ងៃទី១០ កក្កដា ខាងមុខ​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ មិនមែន​មក​រារាំង​យុវជន​មិន​ឱ្យ​ជួប​គ្នា​នោះ​ទេ។ កញ្ញា​បន្ថែម​ថា អំពើ​អយុត្តិធម៌​សង្គម​នឹង​បន្ត​កើត​ឡើង​ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​ជនល្មើស​រួចខ្លួន ហើយ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា។

កញ្ញា អេង ស្រីពៅ៖ «គោល​ជំហរ​ខ្ញុំ​ក្នុង​នាម​ជា​យុវជន​ជំនាន់​ថ្មី​ក៏​ដូចជា​អ្នក​ធ្វើ​ការងារ​ទាក់ទង​ទៅ​នឹង​រឿង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​គោល​ជំហរ គឺ​យើង​ហ្នឹង​នៅ​តែ​មិន​បោះបង់​គាត់​ចោល​ទេ​ទោះ​គាត់​ស្លាប់​ជា​ច្រើន​ឆ្នាំ​ហើយ ក៏​យើង​នៅ​តែ​បន្ត​ធ្វើ​កា​រំឭក​ខួប​របស់​គាត់ ហើយ​នៅតែ​ធ្វើ​សកម្មភាព​ដែល​គាត់​បង្ហាញ​យើង​មក​ថា និយាយ​ការ​ពិត​ជា​ជាង​និយាយ​ការពារ ហើយ​យើង​នឹង​មិន​ចុះចាញ់​ដោយ​គ្រាន់តែ​មាន​ការ​រារាំង​ពី​អាជ្ញាធរ​អី​ផ្សេងៗ​ទេ យើង​នៅ​តែ​ប្រកាន់​ខ្ចប់​នៅ​ការងារ​យើង»

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​ក្រោយ​ពី​អ្នកវិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លាតត្រដាង​នៅ​ក្នុង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លូបល វីតណេស (Global Witness)។ សំណុំ​រឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ តុលាការ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ផ្អែក​តាម​ចម្លើយ​សារភាព​របស់​បុរស​រូប​នោះ​ដែល​ថា គាត់​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ដោយសារ​លោក កែម ឡី មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន ៣.០០០ដុល្លារ។ ប៉ុន្តែ​ក្រុម​គ្រួសារ​លោក កែម ឡី និង​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​លោក អឿត អាង មិន​ជឿ​ថា ជា​ការណ៍​ពិត​នោះ​ទេ ព្រោះ​លោក អឿត អាង គឺ​ជា​មនុស្ស​ក្រីក្រ​រស់នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​សៀមរាប មិន​ដែល​ស្គាល់​គ្នា និង​គ្មាន​លុយ​ឯណា​ឱ្យ​លោក កែម ឡី ខ្ចី​នោះ​ទេ។ ក្រោយ​មាន​ការ​រិះគន់​ខ្លាំងៗ ពី​សាធារណជន តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស ក៏​ប៉ុន្តែ​តុលាការ​មិន​បាន​ផ្ដល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំ​រឿង​ទីពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

កន្លង​មក ភរិយា​របស់​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​ចោទ​ប្រកាន់​ត្រង់ៗ តាម​ហ្វេសប៊ុក​របស់​គាត់ និង​ចេញ​ជា​សេចក្ដី​ថ្លែងការណ៍​ថា គ្រួសារ​របស់​លោក ហ៊ុន សែន និង​របប​លោក ហ៊ុន សែន គឺជា​អ្នក​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​ស្វាមី​លោកស្រី ដូច្នេះ​ហើយ​ទើប​អ្នក​ផ្ដួច​ផ្ដើម​គំនិត អ្នក​ផ្ដល់​មធ្យោបាយ និង​ជន​ដៃ​ដល់​ពិត​ប្រាកដ បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។