យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​កើន​ឡើង​ជាង ១ម៉ឺន ៣ពាន់​នាក់

ដោយ ខែ សុណង
2020-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា
ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា
Screenshot from Change.org

យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​ចុះហត្ថលេខា​ជិត ១​ម៉ឺន​៣​ពាន់​នាក់ (13,122) គិត​មក​ត្រឹម​យប់​ថ្ងៃទី ១៤ ខែ សីហា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនា​ការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិ​ធម៌​ជូន​ក្រុម​ជន​រង​គ្រោះ មួយ​ចំនួន ដែល​រួមមាន​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​ជា​តារា​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ ព្រះតេជ​ព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ និង​មន្ត្រី​សហជីព ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងថា យុទ្ធនាការ​នេះ​នឹង​មិន​កំណត់​ពេល​វេលា​បញ្ចប់​ពេល​ណា​នៅ​ឡើយ​ទេ។ អ្នកស្រី រីករាយ ដែល​បាន​ឃើញ​សន្ទុះ​នៃ​ការ​ចូលរួម​ពី​ពលរដ្ឋ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាមមេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ តាម​បណ្តាញ​អ៊ិនធើណិត តាម​គេហទំព័រ change.org ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា “Together We Fight to End Impunity” ឬ​ប្រែ​ថា យើង​រួមគ្នា​បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា។

គណបក្ស​នេះ​បាន​ផលិតវីឌីអូ​ខ្លី បង្ហាញ​ពី​របៀប​ចុះ​ហត្ថលេខា លើ​ញត្តិ តាម​អនឡាញ ក្នុង​យុទ្ធនាការ​នេះ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​អ្នក​ចូលរួម​កាន់​តែ​ច្រើន។

ចាស! យើង​នឹង​មាន​ភ្ញៀវ​មួយ​រូប​គឺ អតីត​សមាជិក​ប្រតិបត្តិ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សៅ ឧសភា នឹង​ចូលខ្លួន​មក​បកស្រាយ រួម​ទាំង​ជំហាន​បន្ទាប់​ក្នុង​ដំណើរការ​រក​សំឡេង​គាំទ្រ​នេះ។

សូម​លោក​អ្នក​នាង​រង់ចាំ​ទស្សនា​កិច្ច​សម្ភាសន៍​នេះ នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ី​សេរី​នៅ​ពេល​បន្តិច​ទៀត គឺ​ពី​ម៉ោង​៨​កន្លះ ដល់​ម៉ោង​៩​យប់​នេះ បន្ទាប់​ពី​កម្មវិធី​ផ្សាយ​វិទ្យុ​អាស៊ី​សេរី។ សូមអរគុណ

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល