តុលាការ​មិន​ឆ្លើយតប​នឹង​សំណើសុំ​បំបែក​ថ្ងៃ​ជំនុំជម្រះ​សំណុំរឿង​អតីត​បុគ្គលិក​អាស៊ីសេរី

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ​រក្សាទុក​ថ្ងៃ​ជំនុំជម្រះ​សំណុំរឿង​ទាំងពីរ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​ក្នុង​ថ្ងៃ​តែមួយ​ដដែល។ មន្ត្រី​សិទ្ធិមនុស្ស​ថា សវនាការ​បែបនេះ​អាច​មាន​ភាព​ខ្វះ​ចន្លោះ និង​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ជនជាប់ចោទ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក សំ ចំរើន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា ចៅក្រម​ជំនុំជម្រះ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​កូន​ក្តី​លោក ដែល​សុំ​លើក​ពេល​សវនាការ​សំណុំរឿង​ទី​ពីរ​ទៅ​ថ្ងៃក្រោយ​នោះ​ទេ​។ ទោះជា​យ៉ាងណា លោក​ថា លោក​នឹង​ស្នើសុំ​ដោយ​ផ្ទាល់​មាត់​ទៅ​តុលាការ​នៅ​ថ្ងៃ​ជំនុំជម្រះ​មុន​ចាប់​ផ្តើម​នីតិវិធី​សួរដេញដោល​។ លោក​នៅតែ​ចង់​ឱ្យ​តុលាការ​បំបែក​ថ្ងៃ​ជំនុំជម្រះ​សំណុំរឿង​ទាំងពីរ ដើម្បី​ទុក​ពេល​ជជែក​ដេញដោល​សំណុំរឿង​នីមួយៗ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្ថែម​ថា ការ​ជម្រះ​រឿង​ក្តី​ពីរ​ក្នុង​ថ្ងៃ​តែមួយ ជា​រឿង​ដ៏​ប្រថុចញ៉ុច ដែល​អាច​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កូន​ក្តី​របស់​លោក៖ «និយាយ​ជា​រួម រហូតមកដល់​ពេលនេះ មិន​ទាន់​មាន​ការ​ឯកភាព​ឱ្យ​លើក​សំណុំរឿង​ហ្នឹង​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃ​ណា​ទេ អ៊ីចឹង​បញ្ហា​នេះ​មុន​ពេល​ដែល​ចាប់ផ្ដើម​នីតិវិធី​សួរដេញដោល យើង​នឹង​លើក​បញ្ហា​ហ្នឹង​ទៅ​ជជែក​ជាមួយ​លោក​ចៅក្រម»។

តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើកសវនាការ​សំណុំរឿង​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​។ តុលាការ​គ្រោង​លើក​យក ទាំង​សំណុំរឿង​ធ្វើ​ចារកម្ម និង​វីដេអូ​អាសអាភាស មក​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​តែមួយ​តែម្ដង ហើយ​សំណើសុំ​លិខិត​ឆ្លងដែន និង​វត្ថុ​ចាប់​យក​ដទៃ​ទៀត ក៏​នឹង​ត្រូវ​ចៅក្រម​សម្រេច​នៅ​ថ្ងៃ​នោះ​ដែរ។

អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែង​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​សវនាការ​សំណុំរឿង​ទាំងពីរ​នេះ​។ លោក​បញ្ជាក់​ថា ដោយសារតែ​បារម្ភ​ខ្លាច​សវនាការ មាន​ពេល​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ដេញដោល ទើប​ពួក​លោក​ស្នើ​សុំ​ឱ្យ​តុលាការ​បើកសវនាការ​សំណុំរឿង​ទាំងពីរ នៅ​ពេល​វេលា​ផ្សេងគ្នា​វិញ៖ «ខ្ញុំ​ចង់​ឱ្យ​បាន​ទទួល​យុត្តិធម៌​ភាព​ច្បាស់លាស់​ហ្នឹង​ឱ្យ​បាន​ជ្រះស្រឡះ​ឆាប់ៗ​។ ខ្ញុំ​មិន​ចង់​រស់នៅ​របៀប​ដូច​សព្វ​ថ្ងៃ​ដែល​គ្មាន​សេរីភាព សូម្បីតែ​ទៅ​ស្រុកកំណើត​ជួប​ឪពុកម្ដាយ ក៏​មិនបាន ហើយ​ចេះ​តែ​មាន​ការ​ព្រួយបារម្ភ​ជាប់​ជានិច្ច​នៅ​ក្នុង​ខ្លួន ទាំង​គ្រួសារ ទាំង​កូនចៅ និង​ទាំង​ខ្ញុំ​នោះ​ទេ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ចៅក្រម អ៊ឹម វណ្ណៈ ជា​ច្រើនដង​ដើម្បី​សាកសួរ​អំពី​រឿង​នេះ ក៏ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទប្រកាន់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ចំនួន​ពីរ​បទ​ចោទ គឺ​បទ​"​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​” និង​“​ផលិត​វីដេអូ​អាសអាភាស​” បន្ទាប់ពី​បាន​ឃាត់ខ្លួន​ពួកគេ​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​អស់​រយៈពេល​ជាង ៩​ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្ដែង​ការ​ងឿងឆ្ងល់​ថា តើ​តុលាការ​នឹង​ធ្វើ​របៀប​ណា បើ​ពេលវេលា​តែមួយ​ព្រឹក ហើយ​ត្រូវ​ជំនុំជម្រះ​រឿង​ក្តី​ពីរ​បែប​នេះ។ លោក​ថា នេះ​ករណី​ដ៏​កម្រ និង​មិន​សម​ទំនង ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ជនជាប់ចោទ៖ «សំណុំរឿង​ពីរ​ដាច់ដោយឡែក​ពី​គ្នា ហើយ​យក​ទៅ​បញ្ចូល​ក្នុង​រឿង​តែមួយ អ៊ីចឹង​ទៅ​វា​អាច​នឹង​មាន​ភាព​ខ្វះ​ចន្លោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌​សម្រាប់​ការ​ដេញដោល​នៅ​ក្នុង​សវនាការ។ អ៊ីចឹង យើង​ចង់​ឱ្យ​មាន​ពេលវេលា​ហ្នឹង​យូរ ហើយ​និង​ដាច់ដោយឡែក​ពី​គ្នា ទើប​សវនាការ​ហ្នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ដែល​យើង​ដាក់​ជាន់គ្នា​នៅ​ក្នុង​ពេល​តែមួយ​អ៊ីចឹង»។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ទាមទារ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​លើកលែង​បទចោទប្រកាន់​លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប ក្រោយ​ពិនិត្យ​ឃើញ​ថា នេះ​ជា​សំណុំរឿង​បែប​ប្រឌិត និង​អយុត្តិធម៌។ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន បើក​ទូលាយ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ ព្រមទាំង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។