ក្រុម​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម​ស្នើសុំ​ឲ្យ​ដោះ​លែង​លោក ស៊ាង ចែត មេ​ឃុំ​ពី​បក្ស​សម រង្ស៊ី

ដោយ សូត សុខប្រាថ្នា
2016-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រពន្ធ​របស់​លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម គឺ​អ្នកស្រី ស្រេង សុខឃឿន (ស្ដាំ) និង​ក្រុម​គ្រួសារ​របស់​លោក ស៊ាង ចែត ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Saut Sokpratha
ប្រពន្ធ​របស់​លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម គឺ​អ្នកស្រី ស្រេង សុខឃឿន (ស្ដាំ) និង​ក្រុម​គ្រួសារ​របស់​លោក ស៊ាង ចែត ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Saut Sokpratha
RFA/Saut Sokpratha

ក្រុម​គ្រួសារ លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ព្រម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ ហៅ​ការ​នាំ​ខ្លួន​លោក​មេ​ឃុំ​រូប​នេះ​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថា​ជា​រឿង​អយុត្តិធម៌។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​លោក ស៊ាង ចែត មក​អង្គភាព​ដើម្បី​សាកសួរ​បន្ត ជុំវិញ​រឿង​ទឹក​ប្រាក់ ៥០០​ដុល្លារ បម្រុង​នឹង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ក្រុម​គ្រួសារ​មេ​ឃុំ​ស្រក មក​ពី​គណបក្ស សម រង្ស៊ី និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ ព្រម​ទាំង​ម្តាយ​របស់​អ្នក​នាង ខុម ចាន់តារាទី អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោះ​លែង​មេ​ឃុំ​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ការ​ស្នើ​នេះ ដោយ​ពួក​គាត់​យល់​ឃើញ​ថា ការ​ឃាត់​ខ្លួន​លោក ស៊ាង ចែត ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយសារ​រឿង​ប្រាក់ ៥០០​ដុល្លារ​នោះ​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ។ បន្ថែម​ពី​នេះ​ទៀត ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ក៏​មិន​បាន​ទទួល​ប្រាក់​ទាំង​នោះ​ដែរ។

ប្រពន្ធ​លោក​មេ​ឃុំ ស៊ាង ចែត គឺ​អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ថា ប្រាក់​នោះ គឺ​ជា​ប្រាក់​ទទួល​បាន​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​ដើម្បី​ឲ្យ​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី មិន​មែន​ជា​ប្រាក់​សម្រាប់​ឲ្យ​ជា​ថ្នូរ​នឹង​ការ​បិទ​បាំង​រឿង​អាស្រូវ​ស្នេហា​អ្វី​ទេ។ អ្នកស្រី​ហៅ​ការ​ឃាត់​ខ្លួន​ប្ដី​របស់​ខ្លួន​ថា​ជា​រឿង​អយុត្តិធម៌៖ «ប្ដី​ខ្ញុំ​ថា ចែ! ចែ​ឯង​គេ​ផ្ញើ​លុយ​មក ៥០០​ដុល្លារ ចែ​ឯង​យក​អត់​គេ​ផ្ញើ​ពី​ស្រុក​ក្រៅ​មក។ គាត់​ថា អញ​អត់​យក​ទេ រឿង​ហ្នឹង​ស្ងប់​ហើយ»

ការ​ទាមទារ​យុត្តិធម៌​នេះ បន្ទាប់​ពី​មេ​ឃុំ​ស្រក លោក ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​ខ្លួន​ដើម្បី​ទៅ​សាកសួរ​បន្ត​នៅ​អង្គភាព​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ មេសា។

ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ល្ពាក ឃុំ​ស្រក អ្នកស្រី អុន ញ៉ ឲ្យ​ដឹង​ថា លោក ស៊ាង ចែត ជា​អ្នក​ដឹក​នាំ​ល្អ​នៅ​ក្នុង​ឃុំ ដោយ​មាន​ការ​ស្រឡាញ់​រាប់​អាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន ចេះ​ជួយ​ទុក្ខ​លំបាក​អ្នក​ភូមិ​ទូទៅ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ការ​ឃាត់​ខ្លួន លោក ស៊ាង ចែត គឺ​ជា​រឿង​អយុត្តិធម៌ ដ្បិត​ការ​ចោទ​ប្រកាន់​ទាំងឡាយ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «ហ្នឹង​ទៅ​ពពាយនាយ​ហ្នឹង​ដើម្បី​ឲ្យ​អង្គការ។ អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ស្អី​ក៏ដោយ ឲ្យ​ជួយ​លើក​លែង​ទោស​មេ​ឃុំ​ខ្ញុំ​ឲ្យ​មក​កន្លែង​វិញ»

កាល​ពី​ថ្ងៃ​ទី​២៥ មេសា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ជុំវិញ​ការ​ឃាត់​ខ្លួន​មេ​ឃុំ​ស្រក ក្នុង​នោះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា ការ​អញ្ជើញ​លោក ស៊ាង ចែត ទៅ​សាកសួរ​នៅ​អង្គភាព​ដើម្បី​បន្ត​នីតិវិធី និង​រហូត​ឈាន​ទៅ​ឃាត់​ខ្លួន គឺ​យោង​ទៅ​តាម​ចម្លើយ​របស់​មេ​ឃុំ​រូប​នោះ ដោយ​មិន​អាស្រ័យ​លើ​លិខិត​ចំហ​របស់​អ្នក​នាង ស្រី​មុំ តែ​មួយ​នោះ​ឡើយ។ លោក​ថា ការ​អញ្ជើញ​លោក ស៊ាង ចែត ទៅ​អង្គភាព គឺ​ជា​នីតិវិធី​ទី​មួយ ហើយ​លោក​មេ​ឃុំ ស្ម័គ្រ​ចិត្ត​ទៅ​តាម​ការ​អញ្ជើញ​របស់​អង្គភាព​ថែម​ទៀត៖ «មោះ! សុំ​អញ្ជើញ​ទៅ​អង្គភាព​បន្ត​ការ​ស្តាប់​ចម្លើយ ព្រោះ​ខ្ញុំ​អស់​ពេល​នៅ​ទីនោះ​ហើយ បើ​គាត់​មក​គឺ​មក​តាម​សម្រួល»

២៥-មេសា-២០១៦៖ សាលា​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ RFA/Saut Sokpratha
២៥-មេសា-២០១៦៖ សាលា​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ RFA/Saut Sokpratha RFA/Saut Sokpratha

ទោះ​បី​ជា​បែប​នេះ​ក្តី មនុស្ស​ជំនិត​មេ​ឃុំ​ស្រក គឺ​លោក សែម កុសល ដែល​ជា​អ្នក​ដឹង​រឿង​នេះ​បញ្ជាក់​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ឱម យ៉ិនទៀង។ លោក​ថា នៅ​ពេល​លោក ឱម យ៉ិនទៀង សួរ​នាំ​ចប់ ក៏​ស្នើសុំ​អភិបាល​ស្រុក​កំពង់សៀម ដើម្បី​អញ្ជើញ​លោក ស៊ាង ចែត ទៅ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ថែម។ ក្រោយ​មក អង្គរក្ស​របស់​លោក​ពីរ​នាក់ ក៏​ចាប់​ក្រៀក​ស្មា​លោក​មេ​ឃុំ​រូប​នោះ​បណ្ដើរ​ចូល​ឡាន ហើយ​នាំ​មក​ភ្នំពេញ​តែ​ម្តង។ លោក​ហៅ​ការ​ឃាត់​ខ្លួន​មេ​ឃុំ​ស្រក ថា​ធ្វើ​ឡើង​ដើម្បី​បំបាក់​ស្មារតី​គណបក្ស​ប្រឆាំង​ច្រើន​ជាង៖ «អា​នេះ! ខ្ញុំ​ជា​កសិករ​ស្វែង​យល់​ថា រឿង​នេះ​អយុត្តិធម៌​ពេក ព្រោះ​អត់​មាន​តាម​ដាន​ឲ្យ​ការ​ពិត​ផង»

ទន្ទឹម​នឹង​នេះ លោក សែម កុសល ដែល​ជា​មនុស្ស​ជំនិត​របស់​មេ​ឃុំ​ស្រក កំពុង​បារម្ភ​ខ្លាច​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​លើ​រូប​លោក ហើយ​ឈាន​ទៅ​ចាប់​ខ្លួន​លោក​តែ​ម្តង។

ចំណែក​ម្តាយ​អ្នក​នាង ខុម ចាន់តារាទី គឺ​អ្នកស្រី សៀន លន ដែល​ត្រូវ​ជា​ជីទួត​មួយ​ប្រពន្ធ​លោក ស៊ាង ចែត ព្រម​ទាំង​រស់នៅ​ក្បែរ​ផ្ទះ​គ្នា​នោះ​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ថា ប្រាក់​ចំនួន ២​លាន​រៀល​ដែល​លោក​មេ​ឃុំ​បម្រុង​ប្រគល់​ឲ្យ​អ្នកស្រី គឺ​គាត់​មិន​បាន​ទទួល​ទេ ពីព្រោះ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​បន្ត​ទៀត។ អ្នកស្រី​បញ្ជាក់​ថា ប្រាក់​នោះ​ជា​ប្រាក់​ជំនួយ​មក​ពី​ក្រៅ​ប្រទេស ដោយ​មិន​មាន​ចេតនា​ណា​មួយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី បិទ​បាំង​រឿង​អាស្រូវ ឬ​បញ្ចប់​រឿង​ដែល​កំពុង​តែ​កើត​ឡើង​ថ្មីៗ​នោះ​ឡើយ៖ «អត់​ទេ អត់​សោះ​ហើយ និយាយ​ថ្ងៃ​ថ្មើរ​ហ្នឹង អត់​មាន​ប្រាថ្នា​ឲ្យ​និយាយ​ថា​ម៉េចៗ​សោះ អត់​សោះ។ មេ​ឃុំ​ហ្នឹង​អត់​មាន​និយាយ ឃើញ​ថា​លុយ​ហ្នឹង​វា​អ៊ីចេះ​វា​អ៊ីចុះ អត់​មាន​និយាយ​ត​សោះ​ហើយ អត់​មាន​និយាយ​ច្រើន​ទេ»

អ្នកស្រី​បន្ថែម​ថា កូន​អ្នកស្រី គឺ​អ្នក​នាង ខុម ចាន់តារាទី ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ម្តង​រួច​មក​ហើយ ប៉ុន្តែ​បែក​បាក់​គ្នា​ទៅ​វិញ។ ជាមួយ​គ្នា​នេះ អ្នកស្រី​អះអាង​ថា នឹង​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ឲ្យ​លោក​មេ​ឃុំ​ស្រក មាន​សេរីភាព​ថែម​ទៀត។

ដោយឡែក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កំពង់ចាម ដែល​ជា​អ្នក​យក​ប្រាក់​ទៅ​ប្រគល់​បន្ត​ឲ្យ​លោក ស៊ាង ចែត គឺ​លោក ម៉ៅ មុនីវណ្ណ។ លោក​អះអាង​ថា លុយ​នោះ​ជា​លុយ​សប្បុរសជន​នៅ​ប្រទេស​ណូវែលហ្សេឡង់ដ៍ (New Zealand) ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អ្នក​នាង ស្រី​មុំ ដោយ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ដឹង​ថា គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ ពោល​គឺ​ជា​ប្រាក់​មនុស្សធម៌​សុទ្ធសាធ មិន​ពាក់ព័ន្ធ​រឿង​ផ្សេង​ឡើយ។

លោក ស៊ាង ចែត គឺ​មនុស្ស​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ក្នុង​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង ហើយ​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ​ស្រក កាល​ពី​ឆ្នាំ​២០១២។ លោក​មាន​អាយុ​ជាង ៤០​ឆ្នាំ និង​មាន​កូន ៥​នាក់ សុទ្ធតែ​ប្រុស ព្រម​ទាំង​មាន​ឪពុក​ម្ដាយ​ចំណាស់​នៅ​ក្នុង​បន្ទុក​ផង។ នៅ​ថ្ងៃ​ទី​២៦ មេសា ក្រុម​គ្រួសារ​លោក ព្រម​ទាំង​ម្តាយ​អ្នក​នាង ស្រី​មុំ បាន​នាំ​គ្នា​ទៅ​សួរ​សុខ​ទុក្ខ​លោក ស៊ាង ចែត នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាន​បំណង​ស្នើ​ឲ្យ​អង្គភាព​ដោះ​លែង​មេ​ឃុំ​រូប​នេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លើ​មេ​ឃុំ​ស្រក គឺ​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពង់ចាម យល់​ថា កាន់​តែ​ដុត​កម្ដៅ​នយោបាយ​ឲ្យ​កាន់​តែ​ក្តៅ​ឡើង។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក ប៊ូ វីរៈ ដែល​បាន​តាម​ដាន​ករណី​នេះ​មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​បាន​ធ្វើ​ឡើង​ដោយ​ទន់ភ្លន់​ឡើយ ប៉ុន្តែ​ជា​វិធានការ​ក្តៅ។ បញ្ហា​នេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ​នៅ​ឃុំ​ស្រក កាន់​តែ​មាន​ក្តី​បារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Ah Oum si Peang, the lighting will strike on his bald head soon. This thug arrest innocent poor people. I hope, he will have car accident soon.

Apr 26, 2016 10:07 PM

អ្នក​អាន​អនាមិក

If donation is illegal then all donations from CPP are illegal these including rice, noodle, blanket, krama and more. Orm Yin Tieng must investigate that as well.

May 03, 2016 07:53 PM

ភ្នំពេញ

ពី ភ្នំពេញ

តាមពិតម្នាក់ស្រី មុំ នោះ ធ្លាប់រៀបការម្ដងហើយនិង ហើយបច្ចុប្បន្នគឺជាស្រ្តីមេម៉ាយ ។ អូម៉ាយហ្កតណែស (Oh! my godness)

Apr 26, 2016 09:31 PM

អ្នក​អាន​អនាមិក

មុខខ្មែរ អង្គភាពយួនត្រូវ កំចាត់ ខ្មែរ អោយផុតពូជ !

Apr 26, 2016 10:04 AM

គេហទំព័រ​ទាំងមូល