ក្រុម​សហជីព​ទទូច​ឱ្យ​ក្រសួង​ការងារ​បើក​កិច្ចពិភាក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​បន្ថែម​ទៀត

0:00 / 0:00

ក្រុម​សហជីព​រួមគ្នា​ស្នើ​ឱ្យ​ក្រសួង​ការងារ​បើក​កិច្ចពិភាក្សា​ធ្វើ​វិសោធនកម្ម​បន្ថែម​ទៀត​លើ ច្បាប់​ស្ដីពី​សហជីព ដោយសារ​ការ​កែប្រែ​ខ្លះ​កន្លង​មក មិន​ទាន់​បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើត​សហជីព​នៅតែ​មាន​ការ​រើសអើង និង​មិន​​មាន​ចន្លោះប្រហោង​ឱ្យ​មានការ​រំលោភ​លើ​សិទ្ធិ។

ក្រុម​សហជីព និង​អង្គការ​-​សមាគម​ប្រមាណ ២០​ស្ថាប័ន ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដាក់​លិខិត​រួមគ្នា​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ក្នុង​គោលបំណង ស្នើ​ឱ្យ​ពិនិត្យ​ឡើងវិញ​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​សហជីព។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍ថា មន្ត្រី​ក្រសួង​ការងារ បាន​ទទួលយក​លិខិត​របស់​ពួកគេ​នោះ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​បែប​ណា​នៅឡើយ​ទេ​។ លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​កោះ​ប្រជុំ​ភាគី​ពាក់ព័ន្ធ​បន្ទាន់​មួយ ដើម្បី​ពិនិត្យ​ច្បាប់​នេះ​ឡើងវិញ​។ មន្ត្រី​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​រូប​នេះ បន្ត​ថា ក្រុម​សហជីព និង​អង្គការ​-​សមាគម បាន​ធ្វើ​ការវិភាគ​រួមគ្នា​ទៅលើ​មាត្រា​ជាង​១០​នៅ​ក្នុង​ច្បាប់​ស្ដីពី​សហជីព ហើយ​ពិនិត្យ​ឃើញ​ថា ទោះបីជា​កន្លង​មក​មាន​ការ​កែ​សម្រួល​ខ្លះ​ក្តី ក៏​ច្បាប់​នេះ នៅតែ​មិនទាន់​ស្រប​តាម​ស្តង់ដារ ការងារ​អន្តរជាតិ​ជាពិសេស​ស្តង់ដារ​ដែល​បាន​កំណត់​ដោយ​អនុសញ្ញា​ស្នូល​លេខ​៨៧ និង​លេខ​៩៨ របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ ដែល​ប្រទេស​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​តាំងពី​ឆ្នាំ​១៩៩៩៖ «កាលពី​ព្រឹក​មិញ​នេះ យើង​បាន​ដាក់​សំណើ និង​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ធ្វើ វិសោធនកម្ម​ឡើងវិញ​។ ឯកសារ​ស្នើ​នោះ មាន​ចំនួន​ជាង ៥០​ទំព័រ រួម​ជាមួយ​អនុសាសន៍ និង​ការវិភាគ​ល្អិតល្អន់​ទៅ​នឹង​មាត្រា​ដែល​បាន​ធ្វើ​វិសោធនកម្ម​កន្លង​មក​។ យើង​សង្ឃឹមថា ក្រសួង​នឹង​ពិនិត្យ​មើល​ឱ្យ​មាន​ការ​កែប្រែ ព្រោះ​អនុសាសន៍​ទាំង​អស់នេះ គឺជា​ចំណុច នៃ​ក្តី​កង្វល់​របស់​យើង​ដែល​ជា​សហព័ន្ធ​សហជីព អង្គការ​គាំទ្រ​ចលនា​សហជីព ក៏ដូចជា​អង្គការ​ពល កម្ម​អន្តរជាតិ រួម​ទាំង​របស់​សហភាព​អឺរ៉ុប ហើយ​នឹង​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ដែរ។ យើង​នៅតែ​ទទូច​ដដែល»។

មាត្រា​ដែល​ស្នើសុំ​ឱ្យ​មានការ​ពិភាក្សា និង​កែប្រែ​ឡើងវិញ​នោះ រួមមាន មាត្រា​៣ មាត្រា​១២ មាត្រា ១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ ។

ក្រុម​សហជីព និង​អង្គការ​ទាំងនេះ​ពិនិត្យ​ឃើញ​ថា មាត្រា​ទាំងនេះ នៅតែ​បន្ត​ការ​រឹតត្បិត​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស តាមរយៈ​ការ​កម្រិត​សិទ្ធិ​សេរីភាព​ផ្នែក​សមាគម សិទ្ធិ​ក្នុង​ការ​ចងក្រង និង​សិទ្ធិ​ក្នុង​ការ​ចរចា​ជា​សមូហភាព​ជាដើម។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែង​ថា អ្វី​ដែល​ពួក​លោក​កំពុង​ទាមទារ ទាំងនេះ គឺ​ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ​។ លោក​បន្ថែម​ថា សំណើ​ទាំងនេះ ប្រសិន​បើ​ក្រសួង​ការងារ​ពិនិត្យ និង​បើក​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ប្រកបដោយ​តម្លាភាព​ជាមួយ ភាគី​ពាក់ព័ន្ធ ក៏​ជា​ហេតុផល​សមរម្យ​មួយទៀត​សម្រាប់​រដ្ឋាភិបាល ក្នុង​ការ​ដាក់​សំណើ​ទៅ​សហភាព​អឺរ៉ុប​ឱ្យ​ពិចារណា​ឡើងវិញ​នូវ​ការ​ដកហូត​ប្រពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​EBA ពី​កម្ពុជា៖ «ប្រសិនបើ​ក្រសួង​ការងារ ឬក៏​រដ្ឋាភិបាល មិន​បាន​ពិនិត្យ​ទៅ​នឹង អ្វី​ដែល​ជា​កង្វល់​និង​សំណើ​របស់​យើង​ទេ មានន័យថា​អ្វី​ដែល​សហគមន៍​អឺរ៉ុប គេ​បាន​លើក​ឡើង​នោះ គឺ​មិន​ខុស​ទេ​ទៅ​នឹង​កង្វល់​របស់​សហគមន៍ អឺរ៉ុប​ដែរ ព្រោះ​អី​ក្នុង​នោះ​មាន​ចំណុច​សំខាន់ៗ​ដូច ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ជាដើម ។​ដូច្នេះ​នៅ​ក្នុង​នោះ​យើង​ឃើញ​ថា មាន​សិទ្ធិ​ការងារ ដែល​ពាក់ព័ន្ធ​នឹង​ការងារ​បំពេញការងារ​របស់​កម្មករ របស់​ភាគី​សហជីព​ក្នុង​ការ​តំណាង​ឱ្យ​កម្មករ ក្នុង​ការ​ដោះស្រាយ​វិវាទ​ផ្សេងៗ ក៏ដូចជា​មានការ​ជំរុញ​ឱ្យ​មាន ការ​លើក​កម្ពស់​សិទ្ធិ នៅ​ក្នុង​ថ្នាក់​មូលដ្ឋាន​អី​ទាំងអស់​នេះ»។

លោក ប៉ាវ ស៊ីណា ទទួលស្គាល់​ដែរ​ថា ច្បាប់​ស្ដីពី​សហជីព​នេះ ធ្លាប់​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ម្ដង រួចហើយ ដែល​បាន​អនុម័ត​ដោយ​សភា និង​ព្រឹទ្ធសភា​កាលពី​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ ប៉ុន្តែ​មិនបាន​អនុលោម​ទៅតាម​បទដ្ឋាន​ការងារ​អន្តរជាតិ​ផ្នែក​ការងារ និង​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន ដំណើរការ​ពិគ្រោះ​យោបល់​ឱ្យ​បាន​ល្អិតល្អន់​ជាមួយ​ភាគី​ពាក់ព័ន្ធ​នោះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ នោះ​ទេ ដោយ ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ លោក ហេង សួរ ត្រូវ​បាន​អ្នកសារព័ត៌មាន​រិះគន់​ថា ជា​មន្ត្រី​នាំ​ពាក្យ​ម្នាក់​ដែល​អសកម្ម ដែល​មិន​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​ខ្លួន​ជា​អ្នក​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន។

ក្រុម​សហជីព បាន​ព្យាយាម​ជំទាស់​នឹង​ច្បាប់​ស្ដីពី​សហជីព​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយហេតុថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សហជីព ដែល​ធ្វើការ​ការពារ​ប្រយោជន៍​កម្មករ​។ ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពុំ​បាន​ឆ្លើយតប និង​ផ្ដល់​ដំណោះស្រាយ​ជាទី​ពេញចិត្ត​នោះ​ទេ​។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​កន្លងទៅ សហភាព​អឺរ៉ុប បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ «Everything But Arms (EBA)» ២០​ភាគរយ​ពី​កម្ពុជា។ ការសម្រេច​របស់​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​ក្រោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​ការងារ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។