ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ឆែកឆេរ នៅ​ពន្ធនាគារ​រាជធានី​ខេត្ត

0:00 / 0:00

អតីត​អ្នក​ជាប់ឃុំ​ដោយ​មូលហេតុ​នយោបាយ និង​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​គណៈកម្មការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ក្នុង​ពន្ធនាគារ បំពេញ​ការងារ​ដោយ​ពិតប្រាកដ និង​មិន​ស៊ីសំណូក​ជាមួយ​មន្ត្រី​ពន្ធនាគារ​។ ការ​អំពាវនាវ​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ ទើប​បង្កើត​គណៈកម្មការ​ថ្មី​មួយ​នេះ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ធានា​មិន​ឱ្យ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​នៅ​តាម​ពន្ធនាគារ​រាជធានី​ខេត្ត​ទាំងអស់។

អតីត​អ្នក​ជាប់ឃុំ​ដោយ​មូលហេតុ​នយោបាយ លោក គង់ ម៉ាស់ សាទរ​ដែល​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ពន្ធនាគារ​នេះ​ឡើង ដើម្បី​តាមដាន​រាល់​បទល្មើស​នានា ដែល​កើតមានឡើង​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​មានការ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក គង់ ម៉ាស់ ដែល​ទើប​ទទួល​បាន​សេរីភាព​ជិត​ពីរ​សប្ដាហ៍​មកនេះ ថ្លែង​ថា កន្លងមក​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​កើតមាន​ក្នុង​ពន្ធនាគារ ដូចជា អំពើពុករលួយ ឃុបឃិត​គ្នា​រវាង​មន្ត្រី​ពន្ធនាគារ​ និង​អ្នក​ទោស ការ​ជួញដូរ ភាព​មិន​ស្មើភាព​គ្នា​រវាង​អ្នកមាន​លុយ និង​អ្នកក្រ ដែល​អ្នកមាន​លុយ​អាច​រស់នៅ​ក្នុង​បន្ទប់​មួយ​ដែល​ទូលាយ អាច​មាន​សិទ្ធ​ដើរហើរ​បាន​សេរី អាច​ប្រើប្រាស់​ទូរស័ព្ទ​មានឱកាស​ចេញ​ជួប​គ្រួសារ​ច្រើនជាង​អ្នកក្រ និង​អ្នក​ទោស​នយោបាយ​ជាដើម​។ រីឯ​អ្នកក្រ និង​អ្នក​ទោស​​នយោបាយ​ត្រូវ​រង​ការ​គៀបសង្កត់​ពី​មន្ត្រី​ពន្ធនាគារ រស់នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​ណែន គ្មាន​ទូរស័ព្ទ​ប្រើប្រាស់ សូម្បី​ការ​ចេញ​ជួប​គ្រួសារ​ក៏​មាន​ការ​រឹតត្បិត​ដោយមាន​ការ​តាមដាន និង​យាមកាម​ជាដើម៖ «ខ្ញុំ​សូម​ស្នើ​ទីដល់​គណៈកម្មការ​ហ្នឹង​ដែរ ដែល​មាន​ភារកិច្ច​ចុះ​ទៅ​ហ្នឹង ហើយ​ទន្ទឹម​នឹង​នេះ​ក៏សុំ​ឲ្យ​គណៈកម្មការ​ហ្នឹង​មេត្តា​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ហ្នឹង​ទៅ។ កុំត្រួត​ពិនិត្យ​ហើយ ទៅ​ដល់​ហ្នឹង​យក​តែ​លុយ​របស់​មណ្ឌល​មក ហើយ​ទៅ​បាត់ អាហ្នឹង​ក៏​មិន​ល្អដែរ មាន​ន័យ​ថា ពេល​ខ្លះ​គាត់​ទៅតែ​មើល​ហ្នឹង ខាង​នោះ​បិទ​មាត់​ចឹង​ទៅ ដាក់​មួយ​កញ្ចប់ ពីរ​កញ្ចប់​អោយ​ចឹង​ទៅ គឺ​ឲ្យ​ស្ងាត់​ជ្រាប​ចឹង​ទៅ​ណា! ល្អៗ​រហូត​ចឹង​ទៅ​ណា! ចឹង​សូម​ឲ្យ​គណៈកម្មការ​ចុះ​ទៅ សូម​ឲ្យ​សុក្រឹត​ទៅ​ដល់​ការ​អង្កេត​ហ្នឹង សូម​ប្រើ​ភាព​ជាក់ស្តែង កុំ​ប្រើ​ពេល​នេះ​ឆ្លៀត​ឱកាស។ អញ្ចឹង​សូម​ឲ្យ​ពេល​ដែល​ចុះ​ទៅ​ហ្នឹង ប្រើ​ដែល​គេ​ហៅថា វិជ្ជា​ជីវៈក្នុង​នាម​មន្ត្រី​ដោយ​ផ្តោត​ទៅលើ​ភាព​ពុក​រលួយទេ។ ទាំង​អ្នក​ទោស​នយោបាយ ទាំង​អ្នក​ទោស​ទូទៅ ទាំង​អ្នកទោស​ដែល​មាន​អំណាច ដែល​ជាប់​នៅ​ខាង​ក្នុង ហើយ​នឹង​ទាំង​អ្នកមាន សូម​ឲ្យ​អនុវត្ត​ស្មើៗគ្នា ឲ្យ​គោរព​គ្នា​ទៅ យើង​មិន​មើល​ងាយ​អ្នកទោស​ទេ អ្នក​ទោស​ណា​ក៏​យើង​ឲ្យ​តម្លៃ​ទាំងអស់​គ្នា​ដែរ។ សូម​ប្រើ​ក្រមសីល​ធម៌​វិជ្ជា​ជីវៈក្នុង​នាម​ជាមន្ត្រី។ យើង​ត្រូវ​ប្រើ​ពាក្យ​ឲ្យ​សមរម្យ សីលធម៌​ខ្ពស់​និយាយ​ទៅ​រក​ពួក​គាត់»។

អតីត​អ្នកទោស​មនសិការ​មួយ​រូប​ទៀត យុវជន គង់ រ៉ៃយ៉ា ជឿ​ថា ការ​បង្កើត​គណៈកម្មការ​ថ្មី​ក្នុង​ការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ពន្ធនាគារ​នេះ ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​បង្កើន​តួនាទី​ទៅលើ​មន្ត្រី​ដែល​មាន​តួនាទី​ស្រាប់​ប៉ុណ្ណោះ​។ លោក​យល់ថា ពុំ​បាច់​បង្កើត​ឲ្យ​មាន​គណៈកម្មការ​​ថ្មី​អ្វី​នោះ​ទេ ដោយ​ក្រសួង​គួរតែ​យកចិត្តទុកដាក់​នៃ​ការ​កែប្រែ​ប្រព័ន្ធ​នៃ​ការ​បោសសម្អាត​អំពើពុករលួយ​ក្នុង​ពន្ធនាគារ ជាជាង​បង្កើត​គណៈកម្មការ ដើម្បី​យក​តែ​តំណែង និង​ប្រាក់ខែ​រដ្ឋ តែ​ការងារ​គ្មាន​ប្រសិទ្ធភាព។

លោក​លើក​យក​ករណី​មន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់​ចុះទៅ​ត្រួតពិនិត្យ​ទឹកនោម​របស់​អ្នក​ជាប់ឃុំ​ថា មុននឹង​មន្ត្រី​ក្រសួង​ចុះទៅ ៣-៥​ថ្ងៃ មន្ត្រី​ពន្ធនាគារ​បាន​ជូនដំណឹង​ដល់​អ្នកទោស​រួច​ទៅ​ហើយ ដើម្បី​ឲ្យ​អ្នក​ជាប់ឃុំ​ផ្អាក​ប្រើប្រាស់​ដើម្បី​កុំ​ឲ្យ ពិនិត្យ​ឃើញ​មាន​សារធាតុ​គ្រឿងញៀន​ក្នុង​ខ្លួន​។ ក្រៅ​ពី​នេះ លោក​ថា ក្នុង​ពន្ធនាគារ​មាន​ករណី​ជួញដូរ​គ្រឿងញៀន ករណី​មន្ត្រី​ពន្ធនាគារ​ជំរិត​ទារ​ប្រាក់​ពី​ជន​ជាប់ឃុំ ការ​លេង​ល្បែងស៊ីសង និង​ការ​សំ​លត់​គំរាមកំហែង​ទៅលើ​អ្នក​ជាប់ឃុំ ការ​បំបិទ​សិទ្ធ​សេរីភាព​អ្នក​ទោស​នយោបាយ​មិន​ឲ្យ​ដើរហើរ​ដូច​អ្នក​ទោស​ដទៃ តាម​ដាន និង​ឃ្លាំមើល​ជាដើម។

ទន្ទឹម​គ្នា​នេះ លោក គង់ រ៉ៃយ៉ា ទទួលស្គាល់​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​បណ្ណាល័យ​សម្រាប់​ឲ្យ​អ្នកទោស​បាន​អាន​សៀវភៅ ប៉ុន្តែ​ហាក់​នៅ​មាន​កម្រិត ហើយ​មន្ត្រី​ពន្ធនាគារ​មិនបាន​លើកកម្ពស់​ក្នុង​ការ​អាន​សៀវភៅ​នោះ​ទេ​។​ចំណែក មុខជំនាញ​ផ្សេងៗ​ដែល​បាន​រៀបចំ​ឲ្យ​អ្នកទោស​សិក្សា​នោះ លោក​យល់ថា ពុំ អាច​ឲ្យ​អ្នកទោស​យក​ទៅ​ប្រើប្រាស់​បាន​នោះ​ទេ គ្រាន់តែ​ដាក់​តាំង ឲ្យ​ល្អមើល​ប៉ុណ្ណោះ៖ « ខ្ញុំ​គិតថា មិន​បាច់​ចាំ​បង្កើត​គណៈកម្មការ​ថ្មី​ស្អីទេ ! ការត្រួត​ពិនិត្យ​របស់​មន្ត្រី​ពន្ធ​នាគារ​មាន​គ្រប់​តាម​ឋានៈរួច​ទៅ​ហើយ នាយកដ្ឋាន​ពន្ធ​នាគារគួរ​តែ​ធ្វើ​ការងារ​ហ្នឹង​ខ្លួន​ឯងទៅ ប៉ុន្តែ​ប្រសិន​ជាវា​មាន​ជាប្រ​ព័ន្ធ​អំពើ​ពុក​រលួយ តាំង​ពីថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​លើ អាហ្នឹង​ទោះ​បី​បង្កើត បី​ទៅ​បួន​រយ​គណៈកម្មការ​ទៀត​​ក៏វា​នៅតែ​មិនអាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពន្ធ​នាគារ​ហ្នឹង​មាន​ភាព​ប្រសើរ​ដែរ ពីព្រោះ​អំពើ​ពុករលួយ​នៅក្នុង​ពន្ធនាគារ​គឺ​សាហាវ​ខ្លាំង​មែនទែន គឺ​អាករ​យក​ស្រស់ៗ​តែម្តង»។

ការ​លើក​ឡើង​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ដើម្បី​ពង្រឹង​ការងារ និង​តាមដាន​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ខេត្ត​ទាំងអស់ ប្រសិនបើ​ពួកគេ​សង្ស័យ​ថា មាន​បទល្មើស​កើតឡើង​ក្នុង​ពន្ធនាគារ​។ លទ្ធផល​ត្រួតពិនិត្យ និង​ឆែកឆេរ នោះ ត្រូវ​រាយការណ៍​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​លម្អិត​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បានទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ​។ ទោះ​យ៉ាងណា លោក នុត សាវនា ប្រាប់​វិទ្យុ​បារាំង (RFI) ថា គណៈកម្មការ​ថ្មី​នេះ មាន​សិទ្ធិ​ឆែកឆេរ​សម្ភារៈ​ហាមឃាត់​នៅ​ក្នុង​ពន្ធនាគារ​ដូចជា ទូរស័ព្ទ គ្រឿងញៀន អាវុធ​ជាតិ ផ្ទុះ​ជាដើម ប៉ុន្តែ​មិន​គ្របដណ្ដប់​ចំពោះ​សំណុំរឿង​ធ្វើ​ទារុណកម្ម និង​ការប្រើប្រាស់​ហិង្សា​រវាង​អ្នកទោស និង​អ្នកទោស​នៅ​កន្លែង​ឃុំខ្លួន​ឡើយ។

រីឯ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍ថា លោក​មិន​ដឹង​ថា ក្រសួង​បាន​ពិនិត្យ​ឃើញ​ភាព​មិនប្រក្រតី ឬ​ញ្ហា នៅ​ក្នុង​ពន្ធនាគារ​យ៉ាងណា​នោះ​ទេ ដែល​ត្រូវ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ ឆែកឆេរ នៅ​តាម​ពន្ធនាគារ​នេះ ឬ​ការ​មិន​ទុក​ចិត្ត​ចំពោះ​ការ​គ្រប់​គ្រង់ ខណៈ​ពន្ធនាគារ​ក៏​មាន​ប្រធាន និង​មន្ត្រី​នៅ​តាម​សាខា​ពន្ធនាគារ​ទូទាំង​ប្រទេស​ប្រចាំការ​រួច​មក​ហើយ​។ លោក​យល់​ថា ខាង​ថ្នាក់ដឹកនាំ​មើល​ឃើញ​ពី​ការ​គ្រប់​គ្រង់​របស់​ខ្លួន​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទើប​បង្កើត​ក្រុមការងារ​នេះ៖ « អ្នក​ទោស​ទាំង​អស់ គាត់​បាត់បង់​តែ​សេរីភាព​ទេ។ គាត់​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ហើយ​គាត់​នៅ​តែ​មានសិទ្ធ មាន​តម្លៃ​ក្នុងនាម​ជាមនុស្ស​ជាតិ​នៅឡើយ ហើយ​មិន​គួរ​គប្បីថា ត្រូវ​ទទួល​រង​នូវទុក្ខ​ទោស​បន្ថែម​លើស​ពី​ហ្នឹង​ទៀត​ទេ។ ទាំង​ពិរុទ្ធ​ជន ឬក៏​ទណ្ឌិត​ហ្នឹង​ត្រូវ​មានភាព​ស្មើភាព​គ្នា មិន​គួរ​ណា​មាន​អ្នក​ទោស​ថ្នាក់​ទាប ថ្នាក់​ខ្ពស់​អីទេ ហើយ​ក៏មិន​ត្រូវមាន​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធ​នាគារ​ហ្នឹង​ដែរ។ គួរតែ​មាន​ការផ្តល់​សិទ្ធិ​ស្មើគ្នា​ទៅដល់​អ្នក​ទាំង​អស់​ហ្នឹង ហើយក៏កុំ​មាន​ការ​រើស​អើង​ទៅ​លើ​ក្រុម​និន្នាការ​នយោបាយ​ណាមួយ​ដោយ​ការ​អនុវត្ត​ច្បាប់​ឬក៏វិន័យ​ក្នុង​ពន្ធនាគារ​ហ្នឹង ក៏គួរ​ធ្វើ​ឡើង​ឲ្យ​សមស្រប ឲ្យ​ស្មើភាព​គ្នា​ហ្នឹង​ផងដែរ»។

មាត្រា​២ នៅ​ក្នុង​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឆ្នាំ​២០១២ ចែងថា ច្បាប់​នេះ​មាន​គោលដៅ​អប់រំ កែប្រែ និង​ស្ដារ​នីតិសម្បទា ដើម្បី​ធ្វើ​សមាហរណកម្ម​ជន​ជាប់ឃុំ​ទៅ​ក្នុង​សង្គម​វិញ និង​ទប់ស្កាត់​បទល្មើស​សាជាថ្មី​។ ទោះ​យ៉ាងណា អ្នក​ទោស​នយោបាយ មើល​ឃើញ​ថា ក្នុង​ពន្ធនាការ គ្មាន​កម្មវិធី​អប់រំ​កែប្រែ​ឬ​ស្ថាន​នីតិ​សម្បទាន​ឡើយ ដូច្នេះ​ហើយ​ទើប​អ្នកទោស​គ្រឿងញៀន និង​អ្នកទោស​ឧក្រិដ្ឋ​មួយ​ចំនួន ពិបាក​កែប្រែ​ជោគវាសនា​អាក្រក់​របស់​ខ្លួន​ពី​អាក្រក់​មក​ល្អ​វិញ​។ លើស​ពី​នេះ ពន្ធនាគារ​នៅ​ក្នុង​ប្រ​ទស​កម្ពុជា ក៏​រង​ការរិះគន់​ជា​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ការ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​រហូតដល់​ស្លាប់ និង​ករណី​ហិង្សា​រវាង​អ្នកទោស និង​អ្នកទោស​ក្នុង​កន្លែង​ជាប់ឃុំ​ជាដើម។

គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២០ កម្ពុជា​មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៨.៩៩០) នាក់​ក្នុង​នោះ​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ជាង ២​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​បាន ធ្វើ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។