តុលាការ​សួរ​​ដេញដោល​លោក កឹម សុខា អំពី​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី និង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ ក្នុង​ថ្ងៃ​ទី១ នៃ​សប្តាហ៍​ទី៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១២ ខែ​កុម្ភៈ។ សវនាការ​នៅ​ថ្ងៃ​នេះ គឺ​មាន​ការ​ជជែក​ដេញដោល​តានតឹង​អំពី​ភស្តុតាង ដែល​តុលាការ​ប្រមូល​យក​មក​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ដេញ​ដោល លើ​អង្គហេតុ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា នៅ​ពេល​ដែល​តុលាការ​ទទួល​យក​ភស្តុតាង ដែល​មាន​ប្រភព​មិន​ត្រឹម​ត្រូវ​បែប​នេះ គឺ​នាំ​ឲ្យ​សាធារណជន មិន​ជឿ​ទុក​ចិត្ត​ក្នុង​ដំណើរ​ការ​រក​យុត្តិធម៌ ខណៈ​មជ្ឈដ្ឋាន​ទូទៅ​វាយ​តម្លៃ​រួច​ហើយ​ថា សំណុំ​រឿង​នេះ មាន​ចរិត​នយោបាយ។

ការ​ជជែក​ដេញដោល​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ មាន​ភាព​តានតឹង​រវាង​សហ​មេធាវី​ការពារក្តី​លោក កឹម សុខា និង​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពីរ​រូប គឺ​លោក ប្លង់ សុផល និង​លោក វង្ស ប៊ុនវិសុទ្ធ។

ការ​ចាប់​ផ្តើម​សវនាការ​នៅ​ថ្ងៃ​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក​ចៅក្រម កូយ សៅ បាន​អនុញ្ញាត​ឲ្យ​ភាគី​មេធាវី​លោក កឹម សុខា និង​ភាគី​មេធាវី​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្ដឹង រួម​ទាំង​តំណាង​អយ្យការ អាច​បញ្ជាក់ ឬ​បន្ថែម​នូវ​អ្វី​ដែល​មិន​បាន​លើក​ឡើង​ក្នុង​សវនាការ​កាល​ពី​សប្ដាហ៍​មុន។

សហ​មេធាវី​ការពារ​ក្តី លោក កឹម សុខា គឺ​មាន​លោក​មេធាវី ចាន់ ចេន បាន​បន្ត​ឡើង​ជំទាស់​នឹង​ការ ប្រើប្រាស់​ភស្តុតាង​ជា​រូបថត ដែល​បាន​គណនី​ហ្វេសប៊ុក​អនាមិក​ឈ្មោះ «កូនខ្មែរ» ក្រោម​ហេតុផល ថា មិន​ដឹង​ម្ចាស់​ហ្វេសប៊ុក​នេះ ឈ្មោះ​អី​ពិត​ប្រាកដ ភេទ​អ្វី អាយុ​ប៉ុន្មាន និង​ទីលំនៅ​កន្លែង​ណា​ជា ដើម? ប៉ុន្តែ​ខាង​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល អះអាង​ថា ភស្តុតាង​នេះ​នៅ​តែ​មាន​តម្លៃ​ស្រប​តាម​ច្បាប់​ដដែល និង​ថែម​ទាំង​បន្ទោស​ទៅ​ក្រុម​មេធាវី​លោក កឹម សុខា វិញ​ថា មិន​បាន​បដិសេធ ឬ​សុំ​ធ្វើ​មោឃភាព​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ។ សវនាការ​សួរ​ដេញ ដោ​លើ​ភស្តុតាង​នេះ ចំណាយ​ពេល​ជាង ១ម៉ោង។

សវនាការ​បន្ទាប់​មក​ទៀត តុលាការ បាន​សួរ​ដេញដោល​ទៅ​លើ​អង្គហេតុ​ជុំវិញ​ទំនាក់​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី និង​ដំណើរ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ពេល​នោះ ខាង​ភាគី​មេធាវី​រដ្ឋាភិបាល ក៏​បាន​ស្នើ​ឲ្យ​ចាក់​វីដេអូ​មួយ​ដែល​មាន​រូប លោក សម រង្ស៊ី ថ្លែង​ក្នុង​រដ្ឋ ម៉ាសាជូ សេត សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១១ ដែល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ និង​កងទ័ព ងើប​បះបោរ​ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន ។ ក្រោយ​ការ​ចាក់ វីដេអូ​នេះ តំណាង​អយ្យការ​មួយ​រូប គឺ​លោក វង្ស ប៊ុនវិសុទ្ធ បាន​ចោទ​សួរ​ថា តើ​លោក កឹម សុខា មាន​ជំហរ​ដូច​លោក សម រង្ស៊ី ដែរ ឬ​យ៉ាង​ណា ប៉ុន្តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​តប​ថា លោក​គ្មាន​ជំហរ​បែប​នោះ​ទេ គឺ​ជំហរ​របស់ លោក គឺ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌។

តំណាង​អយ្យការ​បន្ត​ចោទ​សួរ​ទៀត​ថា តើ លោក កឹម សុខា បាន​ស្គាល់ លោក សម រង្ស៊ី ពេលណា ដោយ​របៀប​ណា អ្នក​ណា​ចាប់​ផ្តើម​មុន និង​ការ​ចរចា​របៀប​ណា ខ្លះ​ទម្រាំ​ឈាន​ដល់​ការ​បង្កើត គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​សួរ​ថា ហេតុ​អ្វី​បាន​ជា​គណបក្ស សម រង្ស៊ី បាន​សំឡេង​ធំ​ជាង បែរ​ជា​ទៅ​ចាប់​ដៃគូ​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​មាន​សំឡេង​តិច។ សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ផ្ទុះ សំណើច​ក្នុង​តុលាការ។ លោក កឹម សុខា ឆ្លើយ​តប​ថា បើ​សួរ​ពាក់ព័ន្ធ នឹង​លោក សម រង្ស៊ី គួរ​តែ​សួរ លោក សម រង្ស៊ី ផ្ទាល់ មិន​ត្រូវ​សួរ​លោក​បែប​នេះ ហើយ​សំណួរ​ខ្លះ លោក​បដិសេធ​មិន​ឆ្លើយ​តប ដោយសារ​កើត​ឡើង​យួរ ដូច្នេះ​លោក​មិន​អាច​ចងចាំ​ទាំង​អស់​នោះ​ទេ។ តំណាង​អយ្យការ​ចោទ សួរ​ទៀត​ថា ហេតុ​អ្វី​ពេល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​រួច ប៉ុន្តែ​នៅ​តែ​រក្សា​ទុក​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ទៀត។ លោក កឹម សុខា ថា ការ​មិន​រំលាយ​គណបក្ស​ទាំង​ពីរ ព្រោះ​ចង់​រក្សា​អាសនៈ ដែល​បាន​ពី​ការ​បោះ​ឆ្នោត​មុន​បក្ស​ទាំង​ពីរ​រួបរួម​គ្នា។

ក្នុង​ដំណើរ​ការ​សួរ​ដេញដោល​នេះ គឺ​ខាង​តំណាង​អយ្យការ នៅ​តែ​សួរ​សំណួរ​ដដែលៗ និង​មាន​លក្ខណៈ​បង្ខំ​ឲ្យ​លោក កឹម សុខា ត្រូវ​តែ​ឆ្លើយ។ មេធាវី​លោក កឹម សុខា ស្នើសុំ​ទៅ​ចៅក្រម​ជួយ​សម្របសម្រួល​សំណួរ ព្រោះ​សំណួរ​ណា​ដែល​លោក កឹម សុខា ឆ្លើយ​ថា មិន​ដឹង ហើយ​មិន​គួរ​សួរ​ដដែល ៗ ទៀត​នោះ​ទេ ព្រោះ​នាំ​ឲ្យ​កូន​ក្ដី​របស់​មាន​អារម្មណ៍​ធុញ​ទ្រាន់។

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​បញ្ចប់​សវនាការ​នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែ​កុម្ភៈ លោក​មេធាវី​ការពារ​ក្តី លោក កឹម សុខា គឺ​លោក អាង ឧត្ដម លើក​ឡើង​ថា មាន​ភស្តុតាង​ចំនួន​ពីរ មាន​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​សវនាការ។ លោក​ភស្តុតាង​ទាំង​ពីរ​នេះ គឺ​ទី១ តុលាការ​យក​មក​ពី​គណនី​ហ្វេសប៊ុក​កូន​ខ្មែរ ដែល​ជា​ប្រភព​អនាមិក និង​ភស្តុតាង​ទី២ គឺ​ពាក់ព័ន្ធ​ឯកសារ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី៖ «»

ចំណែក​មេធាវី​រដ្ឋាភិបាល គី តិច បដិសេធ​មិន​ឆ្លើយ​តប​ជា​មួយ​អ្នក​សារ​ព័ត៌មាន​នោះ​ទេ។

បរិយាកាស​នៅ​ខាង​ក្រៅ​តុលាការ​វិញ ពុំ​សូវ​មាន​អ្នក​គាំទ្រ​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ប្រដាប់​ដោយ​កាំភ្លើង ត្រូវ​បាន​ដាក់​ពង្រាយ​ខាង​មុខ​តុលាការ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា ដែល​បាន​ចូលរួម​តាម​ដាន​សវនាការ​នេះ លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។ ភាព​មិន​ប្រក្រតី​នោះ គឺ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ហាក់​ដូច​ជា​ផ្ដល់​ឱកាស និង​ឯកភាព​ច្រើន​ដល់​ក្រុម​មេធាវី​រដ្ឋាភិបាល និង​តំណាង​អយ្យការ​ច្រើន​ជាង​ក្រុម​មេធាវី​លោក កឹម សុខា។ លោក ស៊ឹង សែនករុណា បន្ត​ថា ករណី​មួយ​ទៀត នៅ​ពេល​ក្រុម​មេធាវី​លោក កឹម សុខា ទាមទារ​ឲ្យ​មាន​ការ​បក​ស្រាយ​អំពី​ការ​ដាក់ ឯកសារ​ភស្តុតាង​ខ្លះ​មិន​មាន​តម្លាភាព និង​មិន​ប្រក្រតី​នោះ ប៉ុន្តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​មិន​មាន ការ​បញ្ជាក់​នោះ​ទេ៖ «»

តុលាការ​នឹង​បន្ត​សវនាការ​លើ​លោក កឹម សុខា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​កុម្ភៈ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។