សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការលើសំណុំរឿងរបស់យុវជន កែម ឡី និយម ដោយមិនកំណត់ពេលវេលាជាក់លាក់នោះទេ។ រីឯយុវជន គង់ រ៉ៃយ៉ា ស្នើសុំតុលាការ ឱ្យកំណត់ថ្ងៃជំនុំជម្រះឡើងវិញឱ្យបានឆាប់ និងសម្រេចទម្លាក់ចោលការចោទប្រកាន់លោក ដើម្បីឱ្យ លោកមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបមុខរបរ និងអាចចេញទៅព្យាបាលជំងឺនៅប្រទេសថៃ។
យុវជន កែម ឡី និយម គង់ រ៉ៃយ៉ា ប្រាប់អាស៊ីសេរីថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា បានសម្រេចលើកពេលសវនាការសំណុំរឿងរបស់លោកទៅពេលក្រោយ ដោយមិនកំណត់ពេលវេលាជាក់នោះទេ ក្រោមមូលហេតុថា អវត្តមានរូបលោកក្នុងបន្ទប់សវនាការ នៅព្រឹកថ្ងៃទី២០ ខែធ្នូ។ លោក គង់ រ៉ៃយ៉ា បញ្ជាក់ថា មូលហេតុដែលលោកអវត្តមាន ដោយសារលោកមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែលោកបានប្រគល់សិទ្ធិជូនមេធាវីការពារក្តីរួចហើយ។ យុវជនរូបនេះ ស្នើសុំឱ្យតុលាការកំណត់ថ្ងៃជំនុំជម្រះជាក់លាក់ឱ្យបានឆាប់ឡើងវិញ និងសម្រេចទម្លាក់ចោលការចោទប្រកាន់លើលោកទាំងស្រុង ព្រោះលោក មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។ លោកចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់កន្លងមកថា ជាអំពើព្រៃផ្សៃ និងអយុត្តិធម៌បំផុត ព្រោះលោកគ្រាន់តែលក់អាវយឺត ដែលមានរូប និងទស្សនបណ្ឌិត កែម ឡី ប៉ុណ្ណោះ ហើយប្រជាពលរដ្ឋផ្សេងទៀត ក៏បានបោះពុម្ព និងលក់អាវយឺតនេះដែរ ប៉ុន្តែបែរជាមិនទទួលទោសទណ្ឌដូចលោកទៅវិញ៖ « ទី១ សុំពន្លឿនការជំនុំជម្រះក្តីរបស់ខ្ញុំ ទី២ ស្នើសុំទម្លាក់ចោលការចោទប្រកាន់ និងដកបម្រាមហាមឃាត់លើរូបខ្ញុំទាំងអម្បាលមានចេញ ដូចជា ការហាមឃាត់ មិនផ្លាស់ប្តូរទីលំនៅ ការហាមឃាត់មិនខ្ញុំប្រើប្រាស់ហ្វេសប៊ុករបស់ខ្ញុំ និងការហាមឃាត់មិនឲ្យខ្ញុំចាកចេញទៅក្រៅប្រទេស ។ស្នើសុំនេះដកបម្រាបនេះទាំងអស់ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងជីវភាពរបស់ខ្ញុំខ្លាំង » ។
លោក គង់ រ៉ៃយ៉ា បញ្ជាក់ថា បច្ចុប្បន្ននេះ លោកកំពុងមានជំងឺឈឺចង្កេះធ្ងន់ធ្ងរ ដែលចាំបាច់ទៅ រកសេវាព្យាបាលពីគ្រូពេទ្យជំនាញនៅប្រទេសថៃ ប៉ុន្តែតុលាការដាក់បម្រាម មិនឱ្យចេញក្រៅ ប្រទេសនោះទេ។ លោកបារម្ភថា ស្ថានភាពជំងឺរបស់លោក នឹងកាន់តែធ្ងន់ធ្ងរ ព្រោះការព្យាបាល ក្នុងស្រុក មិនបានធូរស្បើយឡើយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត សម្ដែងការសោកស្ដាយ ដែលតុលាការពន្យារពេលសវនាការ ដែលធ្វើឱ្យសំណុំរឿងនេះ កាន់តែអូស បន្លាយពេលវេលាថែមទៀត។ លោកនៅតែជំរុញឱ្យតុលាការពន្លឿនសវនាការ និងទម្លាក់ចោលការ ចោទប្រកាន់មិនសមទំនងលើលោក គង់ រ៉ៃយ៉ា ដើម្បីឱ្យលោកមានសិទ្ធិសេរីភាពពេញលេញឡើង វិញ ព្រោះលោកពិនិត្យឃើញថា ការចាប់ខ្លួននិងចោទប្រកាន់កន្លងមក គ្មានមូលដ្ឋានគ្រប់គ្រាន់៖ « ខ្ញុំយល់ថា ជាការល្អ គឺតុលាការគួរតែកំណត់ពេលវេលាសវនាការឲ្យបានឆាប់ឡើងវិញ និងឲ្យមានការចូលរួមពីគ្រប់ភាគីហើយយ៉ាងណាក៏ដោយនៅតែទទូចឲ្យទម្លាក់ចោលការចោទប្រកាន់លើលោក គង់ រ៉ៃយ៉ា ព្រោះការចាប់ខ្លួននេះ គ្មានភស្តុតាងអីដែលបញ្ជាក់ថា លោក គង់ រ៉ៃយ៉ាង បានប្រព្រឹត្តដូចការចោទប្រកាន់ » ។
សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែកក្កដា ក្នុងផ្ទះជួលរបស់គាត់ ជាមួយកូនតូចអាយុ ៦ខែ និងភរិយា ព្រមទាំងបងប្អូនបង្កើត ២នាក់ទៀត បន្ទាប់ពីបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ សមាជិកគ្រួសារ របស់លោក គង់ រ៉ៃយ៉ា ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ ក្រោយត្រូវបង្ខំឱ្យស៊ីញេលើក្រដាស សន្យាឈប់រំលោភច្បាប់។ តុលាការ ចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ក្រោយជាប់ក្នុងពន្ធនាគារជិត ៥ខែ តុលាការក្រុងភ្នំពេញ បានសម្រេចដោះលែង លោក គង់ រ៉ៃយ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ វិច្ឆិកា ប៉ុន្តែបានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន ដូចជា មិនឱ្យចាកចេញពីប្រទេសកម្ពុជា ត្រូវបង្ហាញខ្លួននៅមុខតុលាការជារៀងរាល់ខែ មិនឱ្យចូលរួមធ្វើសកម្មភាព និងបណ្ដាញសកម្មភាពក្នុងសង្គម និងត្រូវសហការជាមួយតុលាការជានិច្ច។ ការដោះលែងឱ្យនៅ ក្រៅឃុំបណ្ដោះអាសន្ននេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសបញ្ជាឱ្យដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយទាំងអស់ ស្របពេលសហភាពអឺរ៉ុប កំពុងបន្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។