បេក្ខជនតវ៉ាលទ្ធផលប្រឡងប្រជែងសិស្សចៅក្រមជំនាន់ទី១០ លោក គង់ ប៊ុនរិទ្ធិ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីរាយការណ៍ពីភាពមិនប្រក្រតីនៃការប្រឡងសិស្សចៅក្រម និងស្នើសុំពឹងពាក់មេធាវីរបស់ យូអិន (UN) ជួយការពារក្ដីក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ បរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង។
លោក គង់ ប៊ុនរិទ្ធិ ឲ្យដឹងថា តំណាងអង្គការសហប្រជាជាតិនៅក្រុងភ្នំពេញ បានហៅលោក ចូលជួបកាលពីថ្ងៃទី៤ កុម្ភៈ និងសន្យាថា យកសំណើរបស់លោកទៅពិនិត្យមើល។ លោក គង់ ប៊ុនរិទ្ធិ កំពុងធ្វើញត្តិ សុំកិច្ចអន្តរាគមន៍នៅស្ថាប័នកំពូលរបស់ជាតិមួយចំនួនទៀត ដូចជា ព្រះបរមរាជវាំង ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម និង រដ្ឋសភា។ លោកថា លោកកំពុងរង់ចាំជំនួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំណុំរឿងនេះដែរ។
លោក គង់ ប៊ុនរិទ្ធិ គឺជាបេក្ខជនម្នាក់ ក្នុងចំណោមច្រើននាក់ ដែលមិនពេញចិត្តនឹងលទ្ធផលប្រឡងប្រជែងចូលសិស្សចៅក្រមជំនាន់ទី១០។ លោក អះអាងថា មន្ត្រី និងមិត្តភ័ក្ដិរបស់លោកធ្វើការក្នុងវិស័យច្បាប់ខ្លះ បានលួចផ្ញើព័ត៌មានប្រាប់លោកថា ដំណើរការប្រឡងប្រជែងសិស្សចៅក្រមជំនាន់ទី១០ កាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ មានអំពើពុករលួយជាប្រព័ន្ធ ដោយសាររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្គាប់ឲ្យមន្ត្រីចំនួន ៥នាក់ ទទួលយកសំណូកពីបេក្ខជនម្នាក់ខ្ទង់ ៦ម៉ឺនដុល្លារឡើង។
ក្រោយការទម្លាយព័ត៌មាននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទលោក គង់ ប៊ុនរិទ្ធិ ថា បានបរិហារកេរ្តិ៍ បរិហារបង្កាច់កេរ្តិ៍ និងញុះញង់ ហើយតម្រូវឲ្យចូលខ្លួនឆ្លើយបំភ្លឺ នៅថ្ងៃទី១៤ កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។