យុវជន គង់ រ៉ៃយ៉ា ស្នើសុំឲ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង ដោយលោកអះអាងថា សកម្មភាពលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី មិនមែនជាអំពើខុសច្បាប់នោះទេ។ ការស្នើសុំនេះ ខណៈតុលាការក្រុងភ្នំពេញ គ្រោងបើកសវនាការជំនុំ ជម្រះសំណុំរឿងយុវជន កែម ឡីនិយម រូបនេះ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ។
យុវជន កែម ឡី និយម លោក គង់ រ៉ៃយ៉ា ស្វាគមន៍ដែលតុលាការក្រុងភ្នំពេញ បញ្ជូនសំណុំរឿង របស់លោកទៅជំនុំជម្រះឡើងវិញ បន្ទាប់ពីប្រកាសលើកពេលកាលពីចុងឆ្នាំ២០១៩ ប៉ុន្តែលោក ស្នើសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ដើម្បីឲ្យលោកមានសិទ្ធិសេរីភាពពេញលេញ ដូច ពលរដ្ឋទូទៅ។ លោកចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់រូបលោកកន្លងមកថា ជាអំពើព្រៃផ្សៃ និងអយុត្តិធម៌បំផុត ព្រោះលោកគ្រាន់តែលក់អាវយឺត ដែលមានរូប និងទស្សនៈបណ្ឌិត កែម ឡី ដូចពលរដ្ឋមួយចំនួនទៀតប៉ុណ្ណោះ៖ « ខ្ញុំយល់ឃើញថា ការចោទប្រកាន់របស់តុលាការ គឺធ្ងន់ធ្ងរហួសហេតុខ្លាំងមែនទែន ដោយសារតែខ្ញុំបានលក់អាវបណ្ឌិត កែម ឡី នេះ ជាង ២ឆ្នាំហើយ មិនទាន់មាន ជាព្យសនកម្មណាមួយ ដែលប៉ះពាល់ដល់សង្គមនោះទេ ហើយពលរដ្ឋនៅតែពាក់អាវបណ្ឌិត កែម ឡី ហើយពួកគាត់មិនដែលបញ្ចេញទង្វើណាមួយ ដែលធ្វើឲ្យប៉ះពាល់សង្គមតាមរយៈ ទស្សនៈបណ្ឌិត កែម ឡី ដែរ។ ខ្ញុំយល់ឃើញថា ចាប់ខ្លួនខ្ញុំ និងការដាក់បទចោទដ៏ធ្ងន់ធ្ងរបែបនេះ គ្រាន់តែជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា និងចង់គំរាមយុវជន ដែលគាត់ហ៊ាន រិះគន់បញ្ហាសង្គម ក៏ដូចជា ភាពកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាល។ »
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សំម ឬទ្ធីវាសនា បានចេញដីកា អញ្ជើញមេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា ចូលរួមសវនាការនៅថ្ងៃទី២០ ខែឧសភា ពាក់ព័ន្ធនឹងដំណើររឿងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងករណីមិនរាងចាលក្នុងបទមជ្ឈិម ដែលប្រព្រឹត្ត កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
លោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ ឲ្យដឹងថា លោកមិនទាន់ឃើញដីកាកោះហៅលោកចូលរួមសវនាការនៅឡើយទេ ហើយលោក ក៏នឹងមិនទៅចូលរួមការកាត់ក្តីនេះដែរ ដោយសារបច្ចុប្បន្ន លោក កំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស។ ទោះជាយ៉ាងណា យុវជនរូបនេះអះអាងថា លោកបានជជែក និងបានប្រគល់សិទ្ធិជូនមេធាវីការពារក្តីរបស់លោករួចហើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សកម្មភាពលក់អាវយឺតដែលមានរូប និងទស្សនៈបណ្ឌិត កែម ឡី គឺជាសិទ្ធិសេរីភាព មិនមែនជាអំពើខុសច្បាប់នោះទេ។ លោកយល់ថា តុលាការ គួរតែពិចារណាទម្លាក់ចោលការចោទប្រកាន់មិនសមទំនងលើលោក គង់ រៃយ៉ា ដើម្បីឲ្យរូបគេមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ព្រោះ លោកពិនិត្យឃើញថា ការចាប់ខ្លួន និងចោទ ប្រកាន់កន្លងមក គ្មានមូលដ្ឋានគ្រប់គ្រាន់នោះឡើយ៖ « តុលាការគួរតែពិចារណាទម្លាក់បទចោទនេះចោល ព្រោះថា ការចាត់ការទៅលើករណីនេះវានាំឲ្យប៉ះពាល់មុខមាត់របស់សមត្ថកិច្ចកម្ពុជា និងតុលាការដែរ ព្រោះរឿងនេះមិនស័ក្ដិសមនឹងចាត់វិធានការផ្លូវច្បាប់រហូតដល់មានការឃុំខ្លួននោះទេ»។
ទាក់ទងនឹងករណីនេះ អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា ជាលើកទី២ កាលពីថ្ងៃទី៩ ខែកក្កដា ក្នុងផ្ទះជួលរបស់គាត់ ជាមួយកូនតូចអាយុ ៦ខែ និងភរិយា ព្រមទាំងបងប្អូនបង្កើត ២នាក់ទៀត បន្ទាប់ពីរូបគេបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ សមាជិកគ្រួសារ របស់លោក គង់ រ៉ៃយ៉ា ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ ក្រោយត្រូវបង្ខំឲ្យស៊ីញេលើក្រដាស់ សន្យាឈប់រំលោភច្បាប់។ តុលាការ ចោទប្រកាន់លោក គង់ រ៉ៃយ៉ា និងបានឃុំខ្លួនលោក ក្នុងពន្ធនាគារជាង ៤ខែ ទើបដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យដោះលែងអ្នកជាប់ឃុំ ពាក់ព័ន្ធនឹងរឿងនយោបាយទាំងអស់ ស្របពេលសហភាពអឺរ៉ុបពេលនោះ កំពុងបន្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ថា ចំណាត់ការរបស់អាជ្ញាធរក្រុងភ្នំពេញលើ យុវជន គង់ រ៉ៃយ៉ា គឺមានគោលដៅធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិ និងការជួបប្រជុំគ្នាដោយសន្តិវិធី។ ពួកគេ អំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់លើលោក គង់ រ៉ៃយ៉ា និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដូច្នេះតទៅទៀត៕