អ្នកបឹងកក់ និងអ្នកបុរីកីឡាប្រមាណ ៣០នាក់ ប្រមូលផ្ដុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសាជាថ្មីនៅសហគមន៍បឹងកក់ ក្នុងគោលបំណងទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លី មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នៅខណៈពន្លឺយុត្តិធម៌សម្រាប់អ្នកជាប់ឃុំនៅមិនទាន់លេចចេញជារូបរាង។ ពួកគេប្ដេជ្ញាថានឹងធ្វើយុទ្ធនាការនេះរៀងរាល់សប្ដាហ៍។
ការប្រកាសជំហរធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសាជាថ្មីដោយអ្នកបឹងកក់ នៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីពួកគេខកខានមិនបានធ្វើយុទ្ធនាការនេះអស់ពីរសប្ដាហ៍ ដោយសារអ្នកបឹងកក់មួយចំនួនត្រូវតុលាការកោះហៅទៅសាកសួរក្នុងនាមជាដើមបណ្ដឹង ពីរឿងហិង្សាទៅលើប្រជាពលរដ្ឋដែលកំពុងធ្វើសមាធិនៅក្បែរវត្តភ្នំ ដែលគេចោទថាសមត្ថកិច្ចចម្រុះជាអ្នកប្រព្រឹត្តិកាលពីឆ្នាំ២០១៣។
ការធ្វើយុទ្ធនាការនេះ លោកស្រី បូវ សោភា ឲ្យដឹងថា អ្នកបឹងកក់ និងអ្នកបុរីកីឡាមានបំណងទាមទារឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រព័ន្ធតុលាការ ដោះលែង និងទម្លាក់ចោលការចោទប្រកាន់អ្នកស្រី ទេព វន្នី មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប៖ « ទោះយ៉ាងណាក៏គាត់រកកិច្ចអន្តរាគមន៍ដោះលែង បើកកាមេរ៉ាសុវត្ថិភាព ទោះមិនមានក្ដីសង្ឃឹម ទោះតិចក៏ដោយ តែខ្ញុំជឿជាក់ វានឹងជ្រួតជ្រាបទៅនៅថ្នាក់ក្រោមដែលព្យាយាមប្ដឹងលាបពណ៌អ្នកស្រី ទេព វន្នី ក៏មានខ្លបខ្លាចអំណាចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរចា៎»។
គិតមកដល់ពេលនេះ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារអស់ ៧៦ថ្ងៃ ចំណែកមន្ត្រីអាដហុក ៤រូប រួមទាំងមន្ត្រី គ.ជ.ប ១រូប ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់ ២៦សប្ដាហ៍ហើយ។
កាលពីថ្ងៃទី២៧ ខែតុលា តុលាការក្រុងភ្នំពេញចេញដីកាមួយមុនអង្គសេចក្ដីសម្រេចបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប បន្ថែម ៦ខែទៀត ក្រោមហេតុផលត្រូវសាកសួរសាក្សី និងស្វែងរកភស្តុតាងបន្ថែមទៀត ខណៈដែលមជ្ឈដ្ឋានទូទៅយល់ថា សំណុំរឿងនេះជារឿងនយោបាយ។
ជុំវិញការទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី អ្នកបឹងកក់នឹងទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីស្នើឲ្យលោកធ្វើជាសាក្សីក្នុងសំណុំរឿងអ្នកស្រី ទេព វន្នី ដោយជួយបង្ហាញកាមេរ៉ាសុវត្ថិភាពដែលថតបានសកម្មភាពប៉ះទង្គិចគ្នារវាងអ្នកមានជម្លោះដីធ្លី និងក្រុមសមត្ថកិច្ចកាលពីឆ្នាំ២០១៣។ ពួកគេសង្ឃឹមថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចផ្ដល់យុត្តិធម៌ដល់អ្នកស្រី ទេព វន្នី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
