អ្នក​បឹងកក់​ចង់​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​អ្នកស្រី ទេព វន្នី

0:00 / 0:00

អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា​ប្រមាណ ៣០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សាជាថ្មី​នៅ​សហគមន៍​បឹងកក់ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប នៅ​ខណៈ​ពន្លឺ​យុត្តិធម៌​សម្រាប់​អ្នក​ជាប់​ឃុំ​នៅ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង។ ពួក​គេ​ប្ដេជ្ញា​ថា​នឹង​ធ្វើ​យុទ្ធនាការ​នេះ​រៀង​រាល់​សប្ដាហ៍។

ការ​ប្រកាស​ជំហរ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សាជាថ្មី​ដោយ​អ្នក​បឹងកក់ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា បន្ទាប់​ពី​ពួក​គេ​ខកខាន​មិន​បាន​ធ្វើ​យុទ្ធនាការ​នេះ​អស់​ពីរ​សប្ដាហ៍ ដោយសារ​អ្នក​បឹងកក់​មួយ​ចំនួន​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ក្នុង​នាម​ជា​ដើម​បណ្ដឹង ពី​រឿង​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​សមាធិ​នៅ​ក្បែរ​វត្ត​ភ្នំ ដែល​គេ​ចោទ​ថា​សមត្ថកិច្ច​ចម្រុះ​ជា​អ្នក​ប្រព្រឹត្តិ​កាល​ពី​ឆ្នាំ​២០១៣។

ការ​ធ្វើ​យុទ្ធនាការ​នេះ លោកស្រី បូវ សោភា ឲ្យ​ដឹង​ថា អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា​មាន​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រព័ន្ធ​តុលាការ ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នកស្រី ទេព វន្នី មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ១​រូប៖ « ទោះ​យ៉ាង​ណា​ក៏​គាត់​រក​កិច្ច​អន្តរាគមន៍​ដោះលែង បើក​កាមេរ៉ា​សុវត្ថិភាព ទោះ​មិន​មាន​ក្ដី​សង្ឃឹម ទោះ​តិច​ក៏ដោយ តែ​ខ្ញុំ​ជឿជាក់ វា​នឹង​ជ្រួតជ្រាប​ទៅ​នៅ​ថ្នាក់​ក្រោម​ដែល​ព្យាយាម​ប្ដឹង​លាប​ពណ៌​អ្នកស្រី ទេព វន្នី ក៏​មាន​ខ្លបខ្លាច​អំណាច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ​ចា៎»។

គិត​មក​ដល់​ពេល​នេះ តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់ ៧៦​ថ្ងៃ ចំណែក​មន្ត្រី​អាដហុក ៤​រូប រួម​ទាំង​មន្ត្រី គ.ជ.ប ១​រូប ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់ ២៦​សប្ដាហ៍​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​មួយ​មុន​អង្គ​សេចក្ដី​សម្រេច​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប បន្ថែម ៦​ខែ​ទៀត ក្រោម​ហេតុផល​ត្រូវ​សាកសួរ​សាក្សី និង​ស្វែងរក​ភស្តុតាង​បន្ថែម​ទៀត ខណៈ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ។

ជុំវិញ​ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី អ្នក​បឹងកក់​នឹង​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដើម្បី​ស្នើ​ឲ្យ​លោក​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​អ្នកស្រី ទេព វន្នី ដោយ​ជួយ​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​សកម្មភាព​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​មាន​ជម្លោះ​ដីធ្លី និង​ក្រុម​សមត្ថកិច្ច​កាល​ពី​ឆ្នាំ​២០១៣។ ពួក​គេ​សង្ឃឹម​ថា មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ផ្ដល់​យុត្តិធម៌​ដល់​អ្នកស្រី ទេព វន្នី៕

ទស្សនា​វីដេអូ

អ្នក​បឹងកក់​ និង​អ្នក​បុរីកីឡា​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ អ្នក​បឹងកក់​ និង​អ្នក​បុរីកីឡា​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។