មេធាវី​ស្នើ​ឱ្យ​តុលាការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន

ដោយ ហេង សាកល
2017-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

អ្នកច្បាប់​អះអាង​ថា ចំណាត់​ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ និង​ឃុំខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​ពី​បទ​ឧក្រិដ្ឋ ជា​ការ​រំលោភច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។ មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក កែវ វ៉ាន្នី បាន​ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។ លោក​មេធាវី​បន្ត​ថា គ្មាន​ហេតុផល​ចាំបាច់​ណាមួយ​ដែល​ចៅក្រម​ស៊ើបសួរ​ត្រូវ​ឃុំខ្លួន​កូន​ក្តី​លោក​ទាល់តែសោះ ដោយ​ហេតុថា កូន​ក្តី​របស់​លោក​ទាំង​ពីរ​មាន​ទីលំនៅ​ច្បាស់លាស់។ លោក​អះអាង​ថា កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ នឹង​មិន​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ​មានការ​ច្របូកច្របល់​ឡើយ។ លោក​មេធាវី​បញ្ជាក់​ថា ជា​គោលការណ៍​ច្បាប់ ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព។

លោក​មេធាវី​បាន​ឱ្យ​ដឹង​បន្ត​ថា ចៅក្រម​ស៊ើបសួរ​នឹង​ឆ្លើយតប​តាម​ពាក្យ​ស្នើ​សុំ​របស់​លោក​នៅ​ចុង​សប្ដាហ៍​នេះ ថា​ឱ្យ​កូន​ក្តី​លោក​ទាំងពីរ​នៅ​ក្រៅ​ឃុំ ឬ​បន្ត​ការ​ឃុំ​ខ្លួន។

ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឬ​ហៅ យាង សុជាមេត្តា ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។ អ្នក​ទាំងពីរ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​លួច​ផលិត ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី៧ ទៅ ១៥​ឆ្នាំ។

ដើមហេតុ​នៃ​ការ​ចោទ​ប្រកាន់​នេះ ក្រោយ​សមត្ថកិច្ច​ចុះ​ឆែកឆេរ រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ដូចជា មាន​បន្ទប់​ស្ទូឌីយោ និង​កុំព្យូទ័រ​ជាដើម។ ប៉ុន្តែ​លោក អ៊ួន ឈិន បាន​ឆ្លើយ​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ តាំងពី​ដំណាក់កាល​ដំបូង​ថា ឧបករណ៍​ទាំងនេះ លោក​រៀបចំ​ឡើង​សម្រាប់​បម្រើ​ការ​ថត​ចម្រៀង​ដើម្បី​រក​កម្រៃ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ។ ហើយ​លោក យាង សុធារិន្ទ ក៏​បាន​បដិសេធ​ដែរ​ថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នេះ​ឡើយ។

លោក​មេធាវី កែវ វ៉ាន្នី បាន​ឱ្យ​ដឹង​បន្ត​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា បាន​កោះហៅ​កូន​ក្ដី​ទាំងពីរ​របស់​លោក​មក​ឆ្លើយ​បំភ្លឺ​បន្ថែម។ លោក​មេធាវី​បញ្ជាក់​ថា លោក យាង សុធារិន្ទ ស្លៀក​សំលៀកបំពាក់​ជា​ជន​ត្រូវ​ចោទ​ពណ៌​ទឹកក្រូច​ចាស់ដៃ​ជាប់​ខ្នោះ អម​ដោយ​មន្ត្រី​ពន្ធនាគារ​នាំមក​ឆ្លើយ​នៅ​ពេល​ព្រឹក។ ចំណែក​លោក អ៊ួន ឈិន ក៏​ស្លៀក​សំលៀកបំពាក់​ជា​ជន​ត្រូវ​ចោទ​ពណ៌​ទឹកក្រូច​ចាស់ដៃ​ជាប់​ខ្នោះ​ដែរ អម​ដោយ​មន្ត្រី​ពន្ធនាគារ​នាំមក​ឆ្លើយ​នៅ​ពេល​រសៀល។

លោក​មេធាវី កែវ វ៉ាន្នី អះអាង​ថា កូន​ក្ដី​របស់​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ។ លោក​មេធាវី​បញ្ជាក់​ថា អង្គ​ហេតុនេះ គ្មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចោទប្រកាន់​កូន​ក្ដី​លោក​ឡើយ។ «»

លោក​មេធាវី កែវ វ៉ាន្នី បាន​លើក​ឡើង​ថា តុលាការ​អាច​ចោទប្រកាន់​ជន​ណា​ម្នាក់​តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ លុះត្រាតែ​អ្នក​បុគ្គល​នោះ​បាន​ប្រព្រឹត្តិ​យក​ព័ត៌មាន​សម្ងាត់​របស់​ជាតិ ទៅ​ប្រគល់​ឱ្យ​ខ្មាំងសត្រូវ ដែល​ពួកគេ​កំពុងតែ​ឈ្លានពាន​បូរណភាព​ដែនដី​របស់​កម្ពុជា ហើយ​ព័ត៌មាន​ដែល​ទម្លាយ​ចេញ​នោះ បាន​ធ្វើ​ឱ្យ​ជាតិ​អន្តរាយ ទើប​ចាត់​ទុក​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ​នេះ។ «»

លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​ពុំ​ឃើញ​មាន រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​ជា​ផ្លូវការ​ប្រាប់​ដល់​សាធារណជន ថា​កម្ពុជា​កំពុង​រង​ការ​អន្តរាយ ដោយសារ​អំពី​ផ្ដល់​ព័ត៌មាន​សម្ងាត់​របស់​ជាតិ ឬ​ប្រទេសជាតិ​ជិត​អន្តរាយ ឬ​ជិត​ត្រូវ​បាន​បរទេស​ឈ្លានពាន ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​របស់​អ្នក​ទាំងពីរ​នេះ​ទេ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ក្រុម​អ្នកច្បាប់​បាន​រិះគន់​សមត្ថកិច្ច និង​តុលា​ការដែល​បាន​ឃាត់ខ្លួន​អតីត​អ្នករាយការណ៍​អាស៊ីសេរី លើស​រយៈពេល​កំណត់​មិន​ព្រម​ដោះលែង។ លោក​មេធាវី ហែម សុជាតិ បាន​ពន្យល់​ថា សមត្ថកិច្ច​អាច​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ ៤៨ ម៉ោង ហើយ​អាច​បន្ថែម ២៤ ម៉ោង​ទៀត ក្នុង​ករណី​ដែល​មាន​តម្រុយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ពិរុទ្ធ​លើ​បុគ្គល​ដែល​ឃាត់ខ្លួន បើ​មិន​ដូច្នោះ គឺ​ត្រូវ​ដោះលែង​បុគ្គល​ទាំងនោះ។ សមត្ថកិច្ច​មិនបាន​ដោះលែង លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នោះ​ទេ ទោះ​បីកាល​នោះ តំណាង​អយ្យការ មិន​ទាន់​បាន​ចោទប្រកាន់​អ្នក​ទាំងពីរ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​អ្វីមួយ​នៅឡើយ ក្រោយ​ការ​ឃាត់ខ្លួន​លើស​រយៈ​៧២​ម៉ោង។

មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​៖ ការចោទប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​ជន​ណាមួយ នឹង​អាច​ធ្វើ​ទៅ​កើត​លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។ វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ។

លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​កាល​ព្រលប់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ក្នុង​ផ្ទះសំណាក់ ម៉ារ៉ាឌី ជិត​គល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្រុងភ្នំពេញ។ គិត​មក​ដល់​ថ្ងៃ​ទី​២៨ វិច្ឆិកា មាន​រយៈពេល ១៥​ថ្ងៃ​ហើយ ដែល​តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល