មេធាវី​អន្តរជាតិ​គ្រោង​ដាក់​ភស្តុតាង​​បន្ថែម​ពាក់ព័ន្ធ​ចេតនា​សម្លាប់​អ្នក​តវ៉ា​ទៅ​តុលាការ ICC

ដោយ មួង ណារ៉េត
2017-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith

មេធាវី​អន្តរជាតិ គ្រោង​ដាក់​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​ពាក់ព័ន្ធ​នឹង​ចេតនា​សម្លាប់​ហ្វូង​បាតុករ​ដោយ​អហិង្សា ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​អំពី​ចេតនា​ឧក្រិដ្ឋ​នេះ។ មេធាវី​រូប​នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ចាត់​ការ​ក្នុង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់។

​មេធាវី​អន្តរជាតិ និង​ជា​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា​លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ខាង​មុខ​នេះ។ លោក​អះអាង​ថា មូលហេតុ​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​នេះ ដោយសារ​តែ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​រង្គាល​ទៅ​លើ​ហ្វូង​អ្នក​តវ៉ា​ដែល​តវ៉ា​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ជាតិ កាល​ពី​ឆ្នាំ​២០១៣។

លោក រីឆាត រ៉ូជើរ (Richard Rogers) បញ្ជាក់​បន្ថែម​ថា ឯកសារ​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​នេះ រួម​មាន​សម្តី​លោក ហ៊ុន សែន និង​ករណី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ៖ «សម្ដី​របស់​លោក ហ៊ុន សែន គឺ​ជា​ភស្តុតាង​ដាក់​បន្ទុក​មួយ ដែល​បង្ហាញ​ច្បាស់​ណាស់​អំពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​បក្ស​កាន់​អំណាច។ នេះ​ជា​ចេតនា​ឧក្រិដ្ឋ​ដែល​លោក ហ៊ុន សែន មាន​តាំង​ពី​មុន និង​ទៅ​អនាគត។ ទាំង​នេះ​ហើយ​ដែល​រឹតតែ​បន្ថែម​ទម្ងន់​ទៅ​លើ​ភស្តុតាង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​ប្រមូល​បាន​ដើម្បី​គាំទ្រ​ពាក្យ​បណ្ដឹង ដែល​យើង​ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កន្លង​មក។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ពិនិត្យ​មើល​អាទិភាព​នៃ​សំណុំ​រឿង​នេះ»

​សារ​ដែល​មេធាវី​អន្តរជាតិ​រូប​នេះ​ចាត់​ទុក​ថា ជា​ភស្តុតាង​សំខាន់​បន្ថែម និង​រឹង​មាំ​មួយ​ក្នុង​ការ​ដាក់​បន្ទុក​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​សំដៅ​លើ​ការ​ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់​ដេរ​ជិត ៥.០០០​នាក់​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ ដែល​ពេល​នោះ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ ដោយ​ឥត​ញញើត និង​ឥត​លាក់លៀម ក្នុង​ការ​សម្លាប់​ហ្វូង​មនុស្ស​រាប់​សែន​នាក់ ដែល​ក្រោក​តវ៉ា​ដោយ​អហិង្សា​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី នៃ​លទ្ធផល​បោះឆ្នោត​ជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៣។

លោក ហ៊ុន សែន អះអាង​ថា លោក​ស្ដាយ​ដែល​មិនបាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឲ្យ​អស់ ព្រោះ​លោក​ទើប​តែ​នឹង​ដឹង​អំពី​ផែនការ​ដែល​លោក​ចោទ​ថា ជា​គម្រោង​ផ្ដាច់ព្រ័ត្រ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា អ្នក​ដែល​លោក​មិន​បាន​សម្លាប់​ទាំង​នោះ ពិត​ជា​សំណាង​ណាស់​ដែល​បាន​នៅ​រស់ ព្រោះ​លោក​ទើប​ដឹង​ដំណឹង​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​តាំង​ពី​ហ្នុង ប្រហែលជា​ចុង​ឆ្នាំ​២០១៣ និង​ដើម​២០១៤ គឺ​ពួក​នេះ​ងាប់​អស់​ហើយ។ គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​រំលំ​យើង។ បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នុង អ្នក​ទាំង​នេះ​ងាប់​តាំង​ពី​ហ្នុង ពេល​នេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នុង​ទៀត។ ស្ពាយ​ណាស់! សំណាង​ដែល​ខ្ញុំ​អត់​បាន​មើល​ឃ្លីប​នេះ បើ​សិន​បាន​មើល​ឃ្លីប​នេះ ថ្ងៃ​ដែល​គេ​ប្រកាស​ហ្នឹង ប៉ុន្មាន​ម៉ោង​ក្រោយ វ៉ៃ​សង្គ្រុប​យក៍​ហ្មង»

​កាលពី​ចុង​ឆ្នាំ​២០១៣ ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រាប់​សែន​នាក់ បាន​ចូល​ធ្វើ​មហា​បាតុកម្ម​អហិង្សា ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ជាតិ ដែល​ពួកគាត់​ចោទ​គណបក្ស​កាន់​អំណាច ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត ក្បត់​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគាត់ ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង។ ស្រប​ពេល​ជាមួយ​គ្នា នៅ​ពេល​នោះ​ដែរ កម្មករ​រោងចក្រ​ក៏​ផ្ទុះ​ការ​តវ៉ា​នៅ​លើ​ផ្លូវ​វ៉េងស្រេង ដើម្បី​ទាមទារ​​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ។ ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​នេះ រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ពី​សមត្ថកិច្ច ដែល​បាញ់​សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​​អស់ ៤​នាក់ របួស​ជាង ២០​នាក់ និង​មាន​អ្នក​នៅ​បាត់​ខ្លួន​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ លោក ហ៊ុន សែន ចោទ​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​ប្រឆាំង​ថា នៅ​ពីក្រោយ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង នេះ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន បង្ហាញ​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់។ មិន​តិច​ជាង​បី​លើក​ទេ ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ឲ្យ​មនុស្ស​បក្ស​ប្រឆាំង​ត្រៀម​មឈូស​បើ​ចង់​តតាំង​ប្រឆាំង​គាត់។ កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ដោយ​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស ១០០ ទៅ ២០០​នាក់ ដែល​លោក​អះអាង​ថា កម្ទេច​ចោល​ដើម្បី​ការពារ​សន្តិភាព។

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean

​លោក រីឆាត រ៉ូជើរ ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ថា​មិន​ស័ក្ដិសម​ជា​សម្ដី​របស់​អ្នកដឹកនាំ​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ លោក​ថា សម្ដី​បែប​នេះ​មិន​ខុស​ពី​សម្ដី​របស់​មេដឹកនាំ​ផ្ដាច់ការ និង​ឃោរឃៅ​បំផុត ដូចជា​លោក សាដាម ហ៊ូសេន លោក មូអាម៉ា ហ្កាដាហ្វ៊ី និង ប៉ុល ពត។ លោក​បន្ថែម​ទៀត​ថា សម្ដី​របស់​លោក ហ៊ុន សែន ដែល​បង្ហាញ​ពី​ចេតនា​សម្លាប់​អ្នក​ប្រឆាំង​បែប​នេះ គឺ​រឹតតែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា នរណា​ជា​ឃាតក​ពិតប្រាកដ​ដែល​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ និង ការ​សម្លាប់​សកម្មជន​ដទៃ​ទៀត​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

លោក រីឆាត រ៉ូជើរ៖ «លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស មាន​ចេតនា​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​សម្លាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ការ​ដឹកនាំ​របស់​គាត់។ ច្បាស់​ណាស់ គាត់​ហ៊ាន​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ក៏​មិន​ខ្វល់​ដែរ ឲ្យ​តែ​គាត់​អាច​បន្ត​ក្រាញ​អំណាច​បាន​ត​ទៅ​មុខ​ទៀត។ គាត់​មិន​ខ្វល់​នឹង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​សុខុមាលភាព​របស់​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ គាត់​ខ្វល់​តែ​ពី​រឿង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​នៅ​កាន់​អំណាច​បាន​យូរ ដើម្បី​ប្រយោជន៍​បុគ្គល​ខ្លួន​គាត់ និង​ប្រយោជន៍​បក្សពួក ព្រម​ទាំង​ក្រុម​គ្រួសារ​គាត់​ប៉ុណ្ណោះ។ សម្តី​របស់​គាត់​ស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ»

​អ្នក​វិភាគ​សង្គម និង​នយោបាយ​ហៅ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ​ថា ជា​បទល្មើស​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា សម្ដី​របស់​មេដឹកនាំ​មួយ​វា​គួរ​តែ​មាន​សេចក្ដី​ថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់​ជាង​នេះ។ លោក​ចាត់​ទុក​សម្ដី​បែប​នេះ​ថា បង្ហាញ​នូវ​ភាព​ឃោរឃៅ​ក្នុង​នាម​ជា​មេដឹកនាំ ដែល​ជា​ការ​មិន​ត្រឹមត្រូវ ខុស​ទាំង​សីលធម៌ ខុស​ទាំង​វិន័យ​កងទ័ព ខុស​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​នោះ​ទេ។

​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ក៏​ដូចជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធ​តែ​ធ្លាប់​អះអាង​ដូចៗ​គ្នា​ថា តុលាការ​អន្តរជាតិ ICC គ្មាន​យុត្តាធិការ​លើ​ដែន​សមត្ថកិច្ច​កម្ពុជា ​​នោះ​ទេ។ លោក ផៃ ស៊ីផាន អះអាង​ថា អ្វី​ដែល​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​សំឡេង​ប្រឆាំង គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​មិន​អាច​ឲ្យ​អន្តរជាតិ​មក​ជ្រៀតជ្រែក​បាន​ឡើយ។ ថ្មីៗ​នេះ​ទៀតសោត មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម ដោយ​ចំអក​ឲ្យ​អ្នក​ដែល​ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ ថា​ធ្វើ​រឿង​គួរ​ឲ្យ​អស់​សំណើច​ណាស់។

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួមមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ធាតុ​ផ្សំ​មួយ​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ គឺ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដូចជា​ការ​ធ្វើ​បាប​បក្ស​ប្រឆាំង រួម​ទាំង​ចេតនា​ឧក្រិដ្ឋ ក្នុង​ការ​សម្លាប់​មនុស្ស​ដែល​ក្រោក​តវ៉ា​នេះ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល