អ្នក​ច្បាប់៖ ការ​ឃុំ​ខ្លួន​មន្ត្រី​អាដហុក និង​លោក នី ចរិយា គឺ​ខុស​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2016-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី  លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
RFA

វាសនា​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ​ថា តើ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ខាង​មុខ​នេះ តុលាការ​ជាន់​ខ្ពស់​នឹង​សម្រេច​ឲ្យ​ក្រៅ​ឃុំ​ដូច​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​របស់​ពួកគាត់ ឬ​យ៉ាង​ណា ក្រោយ​ពី​តុលាការ​ជាន់​ទាប​បាន​បដិសេធ​ហើយ​នោះ។

ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​នេះ ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ច្បាប់​លើក​ឡើង​ថា តុលាការ​ជាន់​ទាប​គ្មាន​សំអាង​ហេតុ​ច្បាស់លាស់ និង​ខុស​នីតិវិធី។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ៤​រូប និង​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង ២០០​ថ្ងៃ​ហើយ។

​ទោះ​បី​ជា​ក្រុម​មេធាវី​របស់​ពួកគាត់​បាន​ព្យាយាម​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ទាំង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ក្ដី តែ​មិន​បាន​សម្រេច​នោះ​ឡើយ។ តុលាការ​ទាំង​ពីរ​ថ្នាក់​នេះ បាន​ច្រានចោល​ការ​ស្នើ​សុំ​របស់​ពួកគេ។

​ទាក់ទង​នឹង​ករណី​នេះ អង្គការ​ធ្វើ​ការ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ មាន​ដូច​ជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​ជំនួយ​ផ្នែក​ច្បាប់ អង្គការ​ពិភពលោក​ប្រឆាំង​ទារុណកម្ម និង​អង្គការ​មួយ​ចំនួន​ទៀត បាន​ចេញ​របាយការណ៍​វិភាគ​ផ្លូវ​ច្បាប់​ជុំវិញ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ៤​រូប​ទៀត គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ថា ជា​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អ្នក​ទាំង ៥​នេះ មិន​ស្រប​នឹង​ច្បាប់​ជាតិ ហើយ​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ក៏​អនុវត្ត​ខុស​ពី​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ ដែល​មាន​អានុភាព​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​ច្បាប់​ជាតិ។

​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ឃុំ​ខ្លួន ឬ​ការ​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥ ព្រមទាំង​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ តុលាការ​គ្មាន​សំអាង​ហេតុ​សមស្រប។ ការ​ឃុំ​ខ្លួន និង​ការ​ពន្យារ​ពេល​ថ្មីៗ​នេះ អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​មិន​ស្របច្បាប់​ដែល​ជា​ការ​រំលោភ​ទៅ​លើ​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៩ នៃ​កតិកា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ របាយការណ៍​ដដែល​បញ្ជាក់​ថា ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទាំង​៥ ស្រប​តាម​ច្បាប់​ជាតិ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ តុលាការ​ត្រូវ​តែ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥ ជា​បន្ទាន់។

មាត្រា​៩ នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ត្រង់​ចំណុច​ទី​៣ បញ្ញត្ត​ថា បុគ្គល​ណា​ដែល​បាន​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​ពី​បទ​ព្រហ្មទណ្ឌ នឹង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ចំពោះ​មុខ​ចៅក្រម ឬ​អាជ្ញាធរ​ណា​មួយ​ផ្សេង​ទៀត​ដែល​អនុញ្ញាត​ដោយ​ច្បាប់​ឲ្យ​បំពេញ​មុខ​ងារ​តុលាការ ក្នុង​រយៈពេល​ខ្លី​បំផុត និង​ត្រូវ​បាន​ជំនុំជម្រះ​ក្នុង​រយៈពេល​សមស្រប ឬ​ត្រូវ​ដោះលែង។ ការ​ឃុំ​ខ្លួន​មនុស្ស ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ គឺ​មិនមែន​ជា​វិធាន​ទូទៅ​ទេ ប៉ុន្តែ​ការ​ឲ្យ​នៅ​ក្រៅ​ឃុំ ត្រូវ​តែ​មាន​ការ​ធានា​ការ​ចូល​ខ្លួន​របស់​ជន​នោះ នៅ​ពេល​សវនាការ ឬ​នៅ​គ្រប់​ដំណាក់កាល​ដទៃ​ទៀត​នៃ​នីតិវិធី ហើយ​ត្រូវ​មាន​មុខ​ក្នុង​ការ​អនុវត្ត​សាលក្រម។

នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ មាន​ប្រសាសន៍​ថា ទម្រង់​ថ្មី​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ត្រូវ​មាន​សំអាង​ហេតុ​ច្បាស់លាស់ តែ​ករណី​អ្នក​ទាំង​៥ នេះ ការ​ឃុំ​ខ្លួន និង​ការ​ពន្យារ​ឃុំ​ខ្លួន​នេះ ចៅក្រម​ពុំ​មាន​សំអាង​ហេតុ​ផ្លូវច្បាប់​ច្បាស់លាស់​ទេ៖ «ចំណុច​ដែល​យើង​សង្កេត​ឃើញ នៅ​ពេល​ដែល​មាន​ដីកា​ឃុំ​ខ្លួន បង្គាប់​ឲ្យ​ឃុំ​ខ្លួន និង​ពន្យារ​ឲ្យ​ឃុំ​ខ្លួន​ហ្នឹង គឺ​មិន​បាន​ដូច​ថា គ្រាន់តែ​ចង្អុលបង្ហាញ​ត្រឹម​មាត្រា​២០៥ ចំណុច​មួយ​ចំនួន​នៅ​ក្នុង​មាត្រា​២០៥ ក៏ប៉ុន្តែ​មិន​បាន​ផ្ដល់​សំអាង​ហេតុ​បន្ថែម​ទៀត​ថា តើ​គេ​តម្រូវ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ឲ្យ​ឃុំ​ខ្លួន​អ៊ីចឹង»

​លោក ឌុច ពិសិដ្ឋ ពន្យល់​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អ្នក​ទាំង ៥​នេះ អាច​មក​ពី​តុលាការ​ជាន់​ទាប​រង​សម្ពាធ​ផ្នែក​នយោបាយ ព្រោះ​សំណុំ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ។ តែ​យ៉ាង​នេះ​ក្ដី លោក​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​តុលាការ​កំពូល ក្នុង​ការ​សម្រេចចិត្ត​លើ​បណ្ដឹង​សាទុក្ខ​នៅ​តុលាការ​កំពូល​ក្នុង​ការ​សម្រេច​ដោះលែង​ពួកគេ​នៅ​ពេល​ខាង​មុខ៖ «ពាក់ព័ន្ធ​នឹង​តួអង្គ​នយោបាយ​រឿងរ៉ាវ​ផ្ដើម​ចេញ​ពី​ភាគី​នយោបាយ​នៅ​ក្នុង​សំណុំរឿង​ហ្នឹង ហើយ​មួយ​ទៀត អាច​ជា​បញ្ហា​មួយ​ដែរ ជា​ការ​ព្រួយបារម្ភ សង្គម​ស៊ីវិល​យើង ព្រោះ​ថា អ្នក​ជាប់​ពាក់ព័ន្ធ​ទាំង ៥​រូប​ហ្នឹង​ជា​អ្នក​ដែល​ធ្វើការ​ទាក់ទង​នឹង​សិទ្ធិមនុស្ស»

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់​ថា បើសិនជា​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ មាន​ជំនាញ​ផ្នែក​ច្បាប់​ខ្លាំង គឺ​ត្រូវ​យក​របាយការណ៍​នេះ​ឲ្យ​ក្រុម​មេធាវី​សម្រាប់​តវ៉ា​ទៅ​តុលាការ​បាន៖ «បើសិនជា​គាត់​យល់​ថា សំអាង​ហេតុ​របស់​គាត់​ពិត​ជា​ត្រឹមត្រូវ​អស់​ហើយ ហើយ​តុលាការ​នៅ​តែ​មិន​ធ្វើ​តាម​ទៀត នៅ​តែ​មិន​សម្រេច​អំណោយផល​ដល់​ភាគី​ដទៃ​ទៀត គាត់​អាច​ប្ដឹង​បន្ត​ទៅ​តុលាការ​កំពូល ហើយ​បើ​ការ​ម្រេច​ហ្នឹង​វា​ខុស​ច្បាប់​អន្តរជាតិ​ទៀត គាត់​អាច​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម»

​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ទាំង ៤​រូប លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ រី​ឯ​លោក នី ចរិយា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​នៅ​ក្នុង​បទល្មើស​ដូច​គ្នា។

នៅ​ក្នុង​របាយការណ៍​វិភាគ​ផ្លូវ​ច្បាប់​ដដែល​សរសេរ​ថា បទ​ចោទ​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​ទំនាក់ទំនង​ស្នេហា រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង ខុម ចាន់តារាទី ហៅ​ស្រីម៉ុំ។ ក្នុង​តួនាទី​របស់​ខ្លួន​ជា​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស បុគ្គលិក​សមាគម​អាដហុក បាន​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​សម្ភារៈ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ជាប់​ជា​ប្រចាំ​ដល់​អ្នកនាង ខុម ចាន់តារាទី បាន​ស្នើ​សុំ​ជំនួយ​ពី​សមាគម​អាដហុក ក្រោយ​ពី​ខ្លួន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​ទំនាក់ទំនង​ស្នេហា​នេះ។

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា​២០៣ ចែង​ថា ជម្រើស​ដំបូង​គួរតែ​ថា ជន​ត្រូវ​ចោទ ត្រូវ​មាន​សេរីភាព​មាន​តែ​ករណី​លើកលែង​ពិសេស​ប៉ុណ្ណោះ ដែល​ជន​ត្រូវ​ចោទ​អាច​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បាន។ បើ​ជន​ត្រូវ​ចោទ​ឃុំ​ខ្លួន​មែន​នោះ ការ​ឃុំ​ខ្លួន​ត្រូវ​តែ​អនុលោម​តាម​លក្ខខណ្ឌ ដែល​បាន​បញ្ញត្ត​នៅ​ក្នុង​ផ្នែក​ដែល​បាន​រៀបរាប់​អំពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ត្រូវ​អនុវត្ត​ជា​ជម្រើស​ចុង​ក្រោយ ហើយ​ចៅក្រម​គួរ​ចាប់ផ្ដើម​ពី​ការ​សន្មត​ថា ជន​ជាប់​ចោទ​គ្រប់​រួប​គួរ​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​រហូត​ដល់​ពេល​ជំនុំជម្រះ ឬ​ក៏​គួរ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

​តុលាការ​កំពូល​បើ​សវនាការ​ជា​សាធារណៈ​លើ​បណ្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​ក្រុម​មេធាវី​ការពារ​មន្ត្រី​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

អ្នក​ជាប់​ចោទ​ទាំង ៥​រូប ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ថ្មី ហើយ​ពួកគាត់​ដាក់​លិខិត​ឆ្លង​ដែន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដាក់​ជូន​តុលាការ​ដើម្បី​ជៀសវាង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ថា​ជា​ការ​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស ឬ​ចូល​តាម​ការ​កោះ​ហៅ​របស់​តុលាការ ហើយ​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។

មេធាវី​ការពារ​ក្ដី លោក​មេធាវី សំ សុគង់ សម្ដែង​សុទិដ្ឋិនិយម​ថា តុលាការ​កំពូល​នឹង​ដោះលែង​កូន​ក្ដី​របស់​លោក ព្រោះ​ថា ការ​ឃុំ​ខ្លួន​កូនក្ដី​របស់​លោក​កន្លង​មក​នេះ ជា​រឿង​មិន​សម​ហេតុផល និង​ផ្ទុយ​ពី​នីតិវិធី៖ «តុលាការ​កំពូល​ក៏​ជា​ការ​សម្រេច​មួយ​ដែល​ជា​គំរូ ហើយ​ក៏​ជា​យុទ្ធសាស្ត្រ​ជាន់​ទាប និង​តុលាការ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​អ្វី​ដែល​យើង​ឃើញ​ការ​សួរ​ដេញដោល ការ​ជជែក និង​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​សវនាការ​នេះ ក្រុម​មេធាវី​យល់​ឃើញ​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​នេះ ពុំ​មាន​ភាព​ចាំបាច់​ទេ ហើយ​ក្រុម​មេធាវី​យល់​ឃើញ​ថា តុលាការ​កំពូល​នឹង​ផ្ដល់​ភាព​ត្រឹមត្រូវ​មួយ និង​ភាព​យុត្តិធម៌​មួយ»

ទាក់ទង​នឹង​សំណុំ​រឿង​នេះ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​បាន​ចាត់​ទុក​ថា ជា​សំណុំរឿង​នយោបាយ ហើយ​ករណី​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​កន្លង​មក ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំង ៥​រូប​នោះ​វិញ​ជា​បន្ទាន់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បើប្រាប់ក្មេងថាខុស គាត់នឹងកែ ប៉ុន្តែបើប្រាប់មនុស្សក្បាលកញ្ចាស់ថាខុសគឺពិតជាខាតពេល ខាតកំលាំងហើយ!!!

Nov 25, 2016 04:38 AM

គេហទំព័រ​ទាំងមូល