សមត្ថកិច្ចបានបញ្ជូនសំណុំរឿងក្លឹបកម្សាន្ត លុច្សសារី ទៅតុលាការ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ប៉ុន្តែជនសង្ស័យនឹងបញ្ជូនទៅតុលាការនៅថ្ងៃទី១២ ខែមិថុនា។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១០ ខែមិថុនាថា ជនសង្ស័យចំនួន ១៧នាក់ ដែលក្នុងនេះមានជនជាតិវៀតណាមចំនួន ៥នាក់ផងនោះ មានជាប់ពាក់ព័ន្ធនឹងការសម្រួលឱ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត។ ជនសង្ស័យទាំងនេះ គឺស្ថិតក្នុងចំណោមមនុស្សជាង ៤០០នាក់ ដែលបានឃាត់ខ្លួនក្នុងពេលចុះបង្ក្រាបកាលពីថ្ងៃទី៨ ខែមិថុនា។
លោក ឆាយ គឹមខឿន បញ្ជាក់ទៀតថា បន្ទាប់ពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន សមត្ថកិច្ចសម្រេចដោះលែងមនុស្សជិត ៣០០នាក់ (២៩៨) និងបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ចំនួន ៦២នាក់។ ដោយឡែកមនុស្សមួយចំនួនទៀត ក្នុងនោះមានជនជាតិចិន ១៤នាក់ វៀតណាម ១៤នាក់ ម៉ាឡេស៊ី ២នាក់ និងសិង្ហបុរីម្នាក់ សមត្ថកិច្ចបានសម្រេចបណ្ដេញចេញពីប្រទេសកម្ពុជា។
ដោយឡែកមនុស្ស ២៩៨នាក់ត្រូវបានដោះលែងវិញ ហើយមនុស្ស ៦២នាក់ផ្សេងទៀតសម្រេចបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីធ្វើការបន្សាបគ្រឿងញៀន។
ទោះយ៉ាងណា លោក ឆាយ គឹមខឿន បន្ថែមថា សមត្ថកិច្ចនឹងបន្តស្វែងរកម្ចាស់ក្លឹបកម្សាន្តលុច្សសារី ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ការចុះបង្ក្រាបគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្តលុច្សសារី កាលពីថ្ងៃទី៨ ខែមិថុនា សមត្ថកិច្ចរឹបអូសបានសារធាតុញៀនចំនួនបាន ១៦២,៧ក្រាម ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ដោយឡែក កាលពីថ្ងៃទី២៣ ខែកុម្ភៈ កម្លាំងសមត្ថកិច្ច ក៏បានបិទក្លឹបកម្សាន្តរ៉ក់ (Rock) ក្បែរសាកលវិទ្យាល័យច្បាប់ បន្ទាប់ពីរកឃើញថា មានចែកចាយគ្រឿងញៀន។ សមត្ថកិច្ច ក៏បានចាប់ខ្លួន ឧកញ៉ា គិត ធាង ជាបងប្រុសរបស់ឧកញ៉ា គិត ម៉េង និងជាម្ចាស់ម្ចាស់ក្លឹបកម្សាន្តរ៉ក់ (Rock) និងបញ្ជូនខ្លួនជនសង្ស័យ ១៧នាក់ ទៅតុលាការផងដែរ។ បច្ចុប្បន្ន លោក គិត ធាង កំពុងត្រូវឃុំខ្លួនក្នុងមន្ទីរពេទ្យ មិនមែនក្នុងមន្ទីរឃុំឃាំងនោះទេ ដោយសារតែលោកអះអាងថា លោកមានជំងឺ។
ក្រៅពីក្លឹបកម្សាន្តលុច្សសារី និងក្លឹបកម្សាន្តរ៉ក់ សមត្ថកិច្ចក៏រកឃើញក្លឹបកម្សាន្ត និងបារបារាំងចំនួនជាងមួយពាន់កន្លែងផ្សេងទៀត មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនដែរ ប៉ុន្តែសមត្ថកិច្ចគ្រាន់តែបង្គាប់ឱ្យម្ចាស់ក្លឹប និងបារ ទាំងនោះធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនតទៅទៀត។
ជុំវិញបញ្ហានេះ មន្ត្រីសង្គមស៊ីវិលបារម្ភថាចំណាត់ការបង្ក្រាបគ្រឿងញៀននៅតែមិនទាន់មានប្រសិទ្ធភាព និងស្នើឱ្យអាជ្ញាធរវែកមុខរកជនដែលនៅពីក្រោយការនាំចូលគ្រឿងញៀននេះ និងដាក់ទោសទណ្ឌឱ្យបានតឹងរ៉ឹងបំផុតទើបអាចកាត់បន្ថយចរាចរណ៍គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
