មេធាវី​​គ្រោង​ទាមទារ​សម្ភារៈ​និង​ប្រាក់​មួយ​ចំនួន​ដែល​សមត្ថកិច្ច​រឹបអូស​ពី​សកម្មជន​បក្ស​ប្រឆាំង

មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​ប្រឆាំង​របស់ ម៉ៃ ហុងស្រៀង គឺ​លោក កែត ឃី ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២ សីហា ថា លោក​នឹង​ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ប្រគល់​សម្ភារៈ​មួយ​ចំនួន​ដែល​បាន​រឹបអូស​ពី​កូន​ក្តី​របស់​លោក ក្នុង​អំឡុង​ពេល​ចាប់ខ្លួន​មក​ឱ្យ​ក្រុម​គ្រួសារ​វិញ​នៅ​សប្ដាហ៍​ក្រោយនេះ។

លោក​បញ្ជាក់​ថា តាមច្បាប់​បើ​មានការ​ស្នើសុំ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ​ទៅ​តុលាការ​ដើម្បី​ផ្ដល់​សម្ភារៈ​ដែល​សមត្ថកិច្ច​បាន​រឹបអូស​ក្នុង​ពេល​ចាប់ខ្លួន។

អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ក្រុងព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុភិន កាល​ពី​រសៀល​ថ្ងៃ​ទី១ សីហា​បាន​សម្រេច​ចោទ​ប្រកាន់ ពី​បទ «ជេរប្រមាថ​របប​ក្រុងភ្នំពេញ និង​ញុះញង់ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)»។ ក្រោយ​មក​លោក​ត្រូវ​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស។

លោក ម៉ៃ ហុងស្រៀង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ក្រោយពី​លោក​បាន​រត់គេច​ខ្លួន​ចេញ​ពី​ផ្ទះ​អស់​រយៈពេល​ជាច្រើន​ខែ។

ភរិយា លោក ម៉ៃ ហុងស្រៀង គឺ អ្នកស្រី គា ស៊ីសុគន្ធី មាន​ប្រសាសន៍​ថា នៅ​ពេល​អ្នកស្រី​ទៅ​ជួប​ស្វាមី​ក្នុង​មន្ទីរឃុំឃាំង លោក ម៉ៃ ហុងស្រៀង និយាយ​ថា អាជ្ញាធរ​រឹបអូស ទូរស័ព្ទ​ចំនួន ២​គ្រឿង និង ប្រាក់​នៅ​ជាប់​នឹង​ខ្លួន​ចំនួន​ជិត ៣០០​ដុល្លារ ពី​ប្តី​របស់​លោកស្រី។ អ្នកស្រី​បញ្ជាក់​ថា នៅ​សប្ដាហ៍​ក្រោយ​អ្នកស្រី​ស្នើសុំ​ទៅ​តុលាការ តាមរយៈ​មេធាវី​ការពារ​ក្តី​ដើម្បី​យក​សម្ភារៈ​ទាំងនោះ​ត្រឡប់​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។