តុលាការ​ខេត្ត​មណ្ឌលគិរី​ផ្ដន្ទាទោស​ពលរដ្ឋ ៣នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ រឿង​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ

ដោយ ខែ សុណង
2021-07-23
Share
តុលាការ​ខេត្ត​មណ្ឌលគិរី​ផ្ដន្ទាទោស​ពលរដ្ឋ ៣នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ រឿង​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ សាលាដំបូងខេត្តមណ្ឌលគិរី ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី២៣ កក្កដា បាន​ប្រកាស​សាល​ក្រម​ឱ្យ​ តំណាង​ជនជាតិ​ដើម​ភាគ​តិច​ ៣​នាក់​ចាញ់​ក្ដី​ ក្នុង​សំណុំ​រឿង​​រុះ​រើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ភ្នំ​មួយ​កន្លែង ឋិត​ក្នុង​ក្រុង​សែន​មនោរម្យ។ ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា លម្អៀង​ទៅ​រក​អ្នក​មាន​អំណាច​ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ ទ្រព្យ​សម្បត្តិ​ជាតិ​។

ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ញាណ សុវណ្ណ បាន​សម្រេច​ផ្ដន្ទាទោស​ជន​ជាតិ​ដើម​ភាគ​តិច ៣នាក់ គឺ​លោក​ស្រី ផ្លឹក ភីរុំ លោកស្រី ផ្លឹក ណាវី និង​លោក​ស្រី ខ្វើង ទុំ ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពិន័យ​ចូល​រដ្ឋ ១០លាន​រៀល និង​សង​ការ​ខូច​ខាត​ឱ្យ​ដើម​បណ្ដឹង ឈ្មោះ ឃុន សមណា ចំនួន ២ពាន់​ដុល្លារ និង​សង​ជំងឺ​ចិត្ត ៣ពាន់​ដុល្លារ​ទៀត។ លើស​ពី​នេះ តុលា​ការ​តម្រូវ​ឱ្យ​ពួក​គាត់​ត្រូវ​សង​ការ​ខូច​ខាត ឱ្យ​ដើម​បណ្ដឹង​ម្នាក់​ទៀត​ឈ្មោះ បូ ផាន់ណា ចំនួន ៨ពាន់​ដុល្លារ និង​សង​ជំងឺ​ចិត្ត ៣ពាន់​ដុល្លារ​បន្ថែម​ទៀត។

តុលាការ​បាន​ផ្ដន្ទាទោស​ពួក​គាត់ ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលវត្ថុ​ដោយ​សុចរិត​ ផ្អែក​តាម​ក្រម​ព្រហ្មទណ្ឌ​ មាត្រា ៤១១ និង​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិ​បាល។ ទោះ​ជា​យ៉ាង​ណា ចៅក្រម​មិន​បាន​បង្គាប់​ឱ្យ​នាំ​ខ្លួន​ពួក​គាត់​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ដូច្នេះ​តំណាង​ពលរដ្ឋ​ទាំង​បី​នាក់​អាច​ស្ថិត​នៅ​ក្រៅ​ឃុំ រហូត​ទាល់តែ​មាន​ការ​សម្រេច​ជា​ថ្មី​ទៀត។

តំណាង​ជន​ដើម​ភាគ​តិច​ព្នង លោកស្រី ផ្លឹក ភីរុំ ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌ និង​ ជា​ការ​បំបាក់​ទឹក​ចិត្ត​ពលរដ្ឋ​ ដែល​លះ​បង់​កម្លាំង​កាយ​ចិត្ត​ ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ​។ លោកស្រី​លើក​ឡើង​ថា សកម្មភាព​របស់​លោកស្រី និង​ពលរដ្ឋ​ដទៃ​ទៀត គឺ​ដើម្បី​ថែទាំ​ធនធាន​ធម្ម​ជាតិ​ ដែល​ត្រូវ​ក្រុម​អ្នក​មាន​អំណាច ឃុបឃិត​ជាមួយ​អាជ្ញាធរ​លប​ធ្វើ​ប្លង់​ កាន់​កាប់​ដោយ​ខុស​ច្បាប់។ លោក​ស្រី​បន្ថែម​ថា ពួក​លោក​ស្រី​នឹង​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​នៅ​ពេល​ឆាប់ៗ នេះ៖ «អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ជា​ជនជាតិ​ដើម​ភាគ​តិច ហើយ​ជា​ស្ត្រី​ទៀត ដែល​គេ​ធ្វើ​អ៊ីចឹង តើ​យើង​មាន​ពេល​ទៅ​ចិញ្ចឹម​កូន​ទេ។ ពួក​ខ្ញុំ​ថែរក្សា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ត្រូវ​ជាប់​ទោស វា​អយុត្តិធម៌​មែនទែន រឿង​ហ្នឹង។ ពួក​គាត់​រក​ភាព​យុត្តិធម៌​ដែរ មួយ​ភូមិ​ហ្នឹង គឺ​គាត់​មិន​យល់​ព្រម​សាលក្រម​ ចេញ​ផ្ដេសផ្ដាស​អ៊ីចឹង​ទេ។ ពួក​ខ្ញុំ​នឹង​ចូល​ទៅ​ប្ដឹង​ឧទ្ធរណ៍ ​អត់​មាន​ឈប់​ត្រឹមត្រូវ​ទេ អត់​មាន​ចាប់​ដាក់​គុក អ៊ីចឹង​ទេ។ ចេះ​តែ​និយាយ​ចៅក្រម។

ការ​ប្ដឹង​ផ្តល់​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ជិត​ ១រយនាក់ (១០០កាល​ចុង​ឆ្នាំ​ ២០២០​បាន​ទៅ​រុះ​រើ​របង​ ដែល​អ្នក​មាន​អំណាច​ពីរ​នាក់​ រស់​នៅ​រាជធានី​ភ្នំពេញ​ ឈ្មោះ ឃុន សមណា និង បូ ផាន់ណា ហ៊ុមព័ទ្ធ រំលោភ​យក​ភ្នំ​តើងគើល មាន​ទំហំ ៧,៨ហិកតារ ឋិត​ក្នុង​តំបន់​របៀង​ជីវចម្រុះ នៃ​ភូមិ​ឡៅការ សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ។ អ្នក​ភូមិ​ចាត់​ទុក ការ​ទិញ​លក់​ដី​ភ្នំ​នេះ ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​តំបន់​នោះ ជា​ដី​សមូហភាព ដែល​ពួក​គាត់​អាស្រ័យ​ផល​រួម​មាន ឃ្វាល​គោ​ក្របី សែន​អារក្ស​អ្នកតា រក​ថ្នាំ​បុរាណ និង​អនុផល​ព្រៃ​ឈើ​ជា​ច្រើន​ជំនាន់​មក​ហើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ភាគី​ដើម​បណ្តឹង ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៣ កក្កដា ចំណែក​ចៅក្រម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ញាណ សុវណ្ណ ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

ប៉ុន្តែ​ចៅ​ក្រម​រូប​នេះ បាន​ថ្លែង​ក្នុង​ពេល​សវនាការ កាល​ពី​សប្ដាហ៍​មុន​ថា ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ គ្មាន​ប្លង់​កម្ម​សិទ្ធិ​លើ​ដី​នៅ​តំបន់​នោះ​ទេ និង​បាន​រុះរើ​របង​ដី កម្មសិទ្ធិ​របស់​គេ​យ៉ាង​អនាធិបតេយ្យ។ លោក​ថា ដី​នៅ​តំបន់​នោះ មាន​ប្លង់​កម្មសិទ្ធិ​រួច​រាល់​ហើយ ប៉ុន្តែ​លោក​ពុំ​បញ្ជាក់​លម្អិត​ថា ជា​ប្លង់​រឹង ឬ​ប្លង់​ទន់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស សុំ​មិន​បំភ្លឺ​រឿង​នេះ​ឡើយ ដោយ​លោក​ថា វា​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ ប៉ុន្តែ​បើ​ជន​ជាប់​ចោទ​មិន​សុខ​ចិត្ត ពួកគេ​អាច​ប្ដឹង​ទាស់ ទៅ​សាលា​ឧទ្ធរណ៍​បាន។

សមាជិក​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ហួស​ចិត្ត​ដែល​តុលាការ​បកស្រាយ​ថា ដី​ភ្នំ​តើងគើល​ឋិត​ក្នុង​របៀង​ជីវចម្រុះ នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច បែរ​ជា​មាន​ប្លង់​កម្ម​សិទ្ធិ។ លោក​ថា ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ​រឿង​នេះ ឱ្យ​គ្រប់​ជ្រុង​ជ្រោយ ព្រោះ​ដី​ដែល​ពលរដ្ឋ​ការពារ​នោះ ជា​តំបន់​អភិរក្ស​គ្រប់​គ្រង​ដោយ​ក្រសួង​បរិស្ថាន ពុំ​មាន​សិទ្ធិ​គ្រប់គ្រង​ជា​សម្បត្តិ​ឯក​ជន​នោះ​ទេ។ លោក​ចាត់​ទុក សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ថា ជា​ការ​ចូល​រួម​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​វាយ​បំបាក់​ទឹកចិត្ត​ពលរដ្ឋ ​ដែល​ការពារ​ប្រយោជន៍​រួម៖ «គាត់​មិន​គិត​ថា ជា​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ណា​មួយ​ទេ ​គាត់​គិត​ថា​ ជា​ទ្រព្យ​សម្បត្តិ​ទាំង​អស់​គ្នា ​ដែល​ជា​មាន​ការ​ទិញ​លក់​តំបន់​ហ្នឹង ​ដែល​គេ​ហៅ​ថា​ ច្រក​របៀង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច​ទៀត។ ម៉េច​បាន​ជា​ត្រូវ​អាជ្ញាធរ​ហ៊ាន​លើក​ដៃ​ចុះ​ហត្ថលេខា បើ​ខ្ញុំ​ជា​តុលាការ ខ្ញុំ​ត្រូវ​ហៅ ​អាជ្ញាធរ​ដាក់​ទោស​វិញ មិន​មែន​ហៅ បង ភីរុ ទៅ​ដាក់​ទោស​ទេ»

ជុំ​វិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ក្រសួង​បរិស្ថាន​គួរ​តែ​ខ្មាស​ពលរដ្ឋ​ ដែល​លះ​បង់​ការពារ​ធនធាន​ធម្មជាតិ ឋិត​ក្នុង​តំបន់​អភិរក្ស បែរ​ជា​មាន​ទោស​ទណ្ឌ​ទៅ​វិញ ស្រប​ពេល​ដែល​ក្រសួង​សាមី​មួយ​នេះ តែង​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​/ក្រុង ​មោឃ​ភាព​រាល់​ការ​ចេញ​លិខិត​កាន់កាប់ និង​ផ្ទេរ​សិទ្ធិ​គ្រប់​ទម្រង់។ លោក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​ចុះ​ហត្ថលេខា ផ្ទេរ​សិទ្ធិ និង​លក់​ដូរ​ដី​ឋិត​ក្នុង​តំបន់​អភិរក្ស ត្រូវ​មាន​ទោស ហើយ​តុលា​ការ​គួរ​តែ​ស្រាវ​ជ្រាវ​រឿង​នេះ​ឱ្យ​ស៊ី​ជម្រៅ មិន​គួរ​ទម្លាក់​កំហុស​មក​លើ​តែ​ពលរដ្ឋ​ទេ៖ «ទាំង​ចៅក្រម និង​ព្រះរាជអាជ្ញា គួរ​តែ​ខ្មាស​ខ្លួន​ឯង ចំពោះ​ការ​កាត់​ក្ដី មិន​ត្រឹម​ត្រូវ និង​អយុត្តិធម៌​ ទោះ​បី​គាត់​មាន​ឆន្ទានុសិទ្ធិ​មែន ក៏​ប៉ុន្តែ​សតិ​ក្នុង​នាម​កូន​ខ្មែរ ត្រូវ​ប្រកាន់​យុត្តិធម៌ តំណាង​ឱ្យ​ព្រះ​មហាក្សត្រ មិន​មែន​ធម្មតា​ទេ មុន​ពេល​កាន់​តួនាទី ត្រូវ​តែ​ស្បថ»

សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខ្លះ​នៅ​តែ​ហ៊ាន​លើក​ដៃ ចុះ​ហត្ថលេខា ឃុបឃិត​គ្នា​ធ្វើ​ប្លង់​រឹង ប៉ះចំ​ដី​សមូហភាព​សហគមន៍ និង​ព្រៃ​អភិរក្ស ក្នុង​ខេត្ត​មណ្ឌលគិរី។ ពួក​គាត់​ថា ករណី​នេះ​នៅ​តែ​កើត​មាន​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ក្លាយ​ជា​ជន​រង​គ្រោះ​ ជាប់​បណ្ដឹង​នៅ​តុលាការ​ជា​ច្រើន​ករណី ដោយ​សារ​តែ​ចេញ​មុខ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល