តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហជីពឯករាជ្យ ៦ស្ថាប័ន បានដាក់ញត្តិស្នើសុំឱ្យក្រសួងមហាផ្ទៃ លោក ស ខេង អន្តរាគមន៍ទៅនគរបាល ខណ្ឌមានជ័យ ឱ្យបញ្ឈប់ការស្រង់ស្ថិតិបុគ្គលិក ដែលកំពុងបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះព្រួយបារម្ភ ពីការរំខាន យាយីពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ប៉ះពាល់ភារកិច្ចការងារ និងសិទ្ធិសេរីភាពរបស់ពួកគេ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ ខែតុលាថា ពួកគេបានយកញត្តិដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រួចហើយ កាលពីសប្ដាហ៍មុន តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបនៅឡើយទេ។
ខ្លឹមសារញត្តិ ៤ទំព័រ បានស្នើលោក ស ខេង ឱ្យបញ្ឈប់សកម្មភាពរបស់កម្លាំងនគរបាលខណ្ឌមានជ័យ ដែលបានចុះដល់ការិយាល័យរបស់ពួកគេធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតពីអត្តសញ្ញាណបុគ្គលិកម្នាក់ៗ រួមទាំងរូបថត កាលពីចុងខែកក្កដាកន្លងទៅ។ ពួកគេចាត់ទុកទង្វើនេះថា ផ្ទុយពីច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា ទង្វើរបស់នគរបាលខណ្ឌមានជ័យ មិនត្រឹមតែគំរាមកំហែង និងបំភិតបំភ័យ បុគ្គលិក និងសហការី របស់អ្នកស្រីនោះទេ វាហាក់ដើរបញ្ច្រាសពីគោលការណ៍ច្បាប់របស់ក្រសួងការងារ។ អ្នកស្រីថា ប្រសិនបើក្រុមនគរបាលទាំងនោះ ចង់ស្រង់ទិន្នន័យ និងស្ថិតិបុគ្គលិក គួរតែទំនាក់ទំនងទៅក្រសួងការងាវិញ ព្រោះស្ថាប័នសហជីពរបស់អ្នកស្រីបានចុះបញ្ជី ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ៖ «ត្រូវធ្វើតាមបែបបទបានន័យថា បើសិនជាគាត់ចង់បានអ្វីផ្សេងៗ គួរតែគាត់ទំនាក់ទំនងទៅក្រសួងការងារវិញ មិនគួរមានការចុះមកដល់ស្ថាប័នយើង ដើម្បីសួរនាំបញ្ហាអ្វីផ្សេងៗអ៊ីចឹងទេ។ វាហាក់ដូចជាដើរអស់សង់តង់គ្នា ធ្វើដើម្បីបង្ហាញសាធារណជន ឬក៏បំភិតបំភ័យ បំបាក់ស្មារតីរបស់ពួកយើងទៅវិញ អ្វីដែលបានធ្វើមកកន្លងមកនេះ »។
កាលពីចុងខែកក្កដាកន្លងទៅ អធិការខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានជូនដំណឹងឲ្យអង្គការ សមាគម និងសហជីពដែលធ្វើការដោយឯករាជ្យ យ៉ាងហោចណាស់ចំនួនប្រាំពីរស្ថាប័នឲ្យត្រៀមឯកសារទាំងអស់ ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះទៅស្រង់បច្ចុប្បន្នភាពស្ថិតិកម្មករ និយោជិតខ្មែរ និងបរទេស និងត្រួតពិនិត្យលើរចនាសម្ព័ន្ធ នៃសមាគម ចាប់ពីថ្ងៃទី៣ កញ្ញាតទៅ។ ក្រោយពេលក្រុមអង្គការសមាគមទាំងនេះ បដិសេធមិនសហការនោះ អធិការខណ្ឌមានជ័យ បានជូនសុំលើកត្រួតពិនិត្យនេះទៅពេលក្រោយដោយមិនកំណត់ពេលវេលា។
អាស៊ីសេរីបានព្យាយាមទាក់ទង ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភគ៌ លោក ផាត សុផានិត និងលោក ម៉ែន ប៊ុនរិទ្ធ ដើម្បីសុំការបំភ្លឺរឿងនេះ តែពួកលោកមិនលើកទូរសព្ទ និងខ្លះចុចផ្ដាច់ទូរស័ព្ទ នៅថ្ងៃទី៦ តុលា។
តែយ៉ាងណា នាយផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោក ភិន ផល ធ្លាប់ប្រាប់អាស៊ីសេរីថា ការចុះទៅស្រង់បច្ចុប្បន្នភាពស្ថិតិបុគ្គលិករបស់ អង្គការ សមាគម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការស្នាក់នៅ និងការគ្រប់គ្រងបុគ្គលិក ដែលបម្រើការងារក្នុងស្ថាប័នទាំងនោះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ទង្វើរបស់នគរបាលខណ្ឌមានជ័យ គឺជាបំភិតបំភ័យ និង គំរាមកំហែង ដល់បុគ្គលិកអង្គការ និងសមាគម ព្រោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហជីពឯករាជ សុទ្ធតែបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈ នៅក្រសួងមហាផ្ទៃ៖ «ចំណុចដែលថា អាជ្ញាធរមកធ្វើការត្រួតពិនិត្យចំនួនបុគ្គលិក គឺអត់មានចែងទេ ក្នុងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយប្រសិនបើធ្វើអីចឹង វាអាំចបំភិតបំភ័យ និងគំរាមកំហែង និងទី២ ប៉ះពាល់ការងាររបស់ពួកគេផង »។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមាត្រាមាត្រា១០ ចែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាអក្សរពីព័ត៌មានគណនេយ្យសម្រាប់កិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅធនាគារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជី។ សមាគមត្រូវជូនដំណឹងជាអក្សរទៅក្រសួងមហាផ្ទៃក្នុងករណីដែលផ្លាស់ប្ដូរលក្ខន្តិកៈផ្លាស់ប្ដូរទីស្នាក់ការ និងផ្លាស់តំណែងប្រធាន ឬនាយកប្រតិបត្តិ។ ក្រុមអង្គការសមាគម និងសហជីពលើកឡើងថា ពួកគេព្រួយបារម្ភចំពោះសំណើត្រួតពិនិត្យរបស់នគរបាល ដែលមានគោលដៅធ្វើឡើងតែចំពោះអង្គការសមាគម និងសហជីពណា ដែលសកម្ម និងមានបេសកម្មលើវិស័យសិទ្ធិមនុស្សដោយឯករាជ្យ និងស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។