អង្គការសង្គមស៊ីវិល ៨៦ស្ថាប័ន ស្នើឱ្យដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់អង្គការ និងសមាគមចំនួន ៨៦ នៅថ្ងៃទី១២ ខែកក្កដានេះ ចាត់ទុកការចាប់ខ្លួនសកម្មជនទាំងពីររូបនោះ គឺបង្ហាញទៅកាន់សាធារណជន ថាអាជ្ញាធរខ្វះការគោរពសេរីភាព ក្នុងការបញ្ចេញមតិ និងការជួបជុំគ្នាដោយសន្តិវិធី។
អង្គការទាំងនេះ ថាការប្រើប្រាស់កម្លាំងសន្តិសុខ ក្នុងការបង្ក្រាបពលរដ្ឋ អំឡុងពេលប្រារព្ធពិធីរម្លឹកខួប ៣ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី គឺទង្វើមិនសមហេតុផល ព្រោះយុវជនទាំងពីរ មិនបានប្រព្រឹត្តអ្វីខុស ដូចការចោទប្រកាន់ឡើយ ដោយពួកគាត់គ្រាន់តែប្រើប្រាស់សេរីភាព នៃការបញ្ចេញមតិ ដោយអហិង្សាប៉ុណ្ណោះ។
បណ្ដុំអង្គការដដែលនេះ បន្ថែមទៀតថា ការចោទប្រកាន់លើបុគ្គលទាំងនេះ បានធ្វើឱ្យការចងចាំលោកបណ្ឌិត កែម ឡី ក្លាយទៅជាសកម្មភាពខុសច្បាប់ ដូចជាការចូលរួមពិធីរម្លឹកខួប ឬ ពាក់អាវ យឺត ដែលមានរូប និងសម្រង់សម្ដីរបស់លោកបណ្ឌិត កែម ឡី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
