អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការ​អនុម័ត​ច្បាប់​សមាគម-​អង្គការ

ដោយ​ សុ ជីវី
2015-07-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
Photo: RFA

អង្គការ-​សមាគម​អន្តរជាតិ ការពារ​សិទ្ធិ​មនុស្ស​បន្ត​ប្រតិកម្ម​ចំពោះ​ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ក្រុម​អ្នក​តំណាងរាស្ត្រ​​គណបក្ស​កាន់​អំណាច​បាន​នាំ​គ្នា​លើក​ដៃ​យល់​ព្រម​ដោយ​ឯកបក្ស ក្នុង​សម័យ​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​អនុម័ត​ច្បាប់​នេះ​ថា ជា​ចេតនា​នយោបាយ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​គ្រប់គ្រង ឬ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ ស្រប​គ្នា​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​ស្នើ​អោយ​ព្រឹទ្ធ​សភា​ពិចារណា​ច្រាន​ចោល​ច្បាប់​នេះ។

បណ្ដាញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​កាត់​ថា ហ្វីដ (FIDH) និង​គណៈកម្មការ​អន្តរជាតិ​ប្រឆាំង​អំពើ​ទារុណកម្ម ដែល​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ចំនួន​ផ្សេង​គ្នា​មាន ក្រុង​ប៉ារីស ក្រុង​ហ្ស៊ឺណែវ និង​ក្នុង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ទើប​អនុម័ត​នេះ ជា​ច្បាប់​ដែល​មាន​គ្រោះថ្នាក់​ដល់​សង្គម​ស៊ីវិល​ឯករាជ្យ។

នាយក​បណ្ដាញ​ហ្វីដ លោក ការីម ឡាហីដជិ (Karim Lahidji) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​បណ្ដាញ​នេះ​ថា ច្បាប់​នេះ ជា​ឧបករណ៍​សម្រាប់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ប្រើប្រាស់​ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​អង្គការ​សមាគម ក្រុម​ដែល​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ឯករាជ្យ៖ «នេះ​ជា​សញ្ញា​ប្រាប់​ថា នឹង​មាន​ច្បាប់​ដែល​ពុំ​មាន​ខ្លឹម​សារ​ដទៃ​ទៀត​នឹង​ត្រូវ​គណបក្ស​កាន់​អំណាច​អនុម័ត​ដោយ​ឯកតោ​ភាគី​នៅ​ក្នុង​អនាគត​ដ៏​ខ្លី»

សេចក្ដី​ថ្លែងការណ៍​ដដែល​ក៏​បាន​ស្រង់​សម្ដី​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មការ​អន្តរជាតិ​ប្រឆាំង​ទារុណកម្ម លោក ហ្ស៊េរ៉ា ស្តាប៊ើរ៉ុក (Gerald Staberock) ដែល​ថា ការ​អនុម័ត​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​ជា​វាយប្រហារ​ធ្ងន់ធ្ងរ​ទៅ​លើ​សង្គម​ស៊ីវិល​ដែល​មិន​រឹងមាំ និង​ថ្មោងថ្មី៖ «ប្រសិន​បើ​ច្បាប់​ថ្មី​នេះ​ត្រូវ​គេ​ដាក់​អោយ​អនុវត្ត​នៅ​ក្រោម​ទម្រង់ និង​ខ្លឹមសារ​ដូច​​ដែល​ច្បាប់​នេះ​បាន​អនុម័ត​នោះ ពលរដ្ឋ​កម្ពុជា នឹង​ជួប​មហន្តរាយ ដោយសារ​ផល​ប៉ះពាល់​របស់​វា​អស់​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត»

បណ្ដាញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ បាន​លើក​ឡើង​ទៀត​ថា ពួកគេ​ធ្លាប់​ទាមទារ​ថា ច្បាប់​នេះ​គួរ​តែ​ត្រូវ​បាន​ដកចេញ ព្រោះ​ច្បាប់​នេះ​ពុំ​បាន​ឆ្លងកាត់​ការ​ពិគ្រោះ​យោបល់​ដ៏​ពិត​ប្រាកដ ដើម្បី​ទទួល​យក​ក្ដី​បារម្ភ​របស់​អ្នក​ពាក់​ព័ន្ធ​ឡើយ។ ច្បាប់​ថ្មី​នេះ​មាន​ចំណុច​រឹតត្បិត ដែល​មិន​ចាំបាច់ ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ ការ​ដាក់​ទណ្ឌកម្ម​ហួសហេតុ និង​អំណាច​នៃ​ការ​បិទ មិន​ចុះ​បញ្ជី ឬ​ចុះ​បញ្ជី​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល។

ចំណែក​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម ក្នុង​ស្រុក និង​សហគមន៍​មូលដ្ឋាន​ជិត ៥០​ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ដោយ​ស្នើ​អោយ​ព្រឹទ្ធសភា ដែល​ស្ថាប័ន​បន្ទាប់ ដែល​ទទួល​យក​ច្បាប់​ដែល​ត្រូវ​រដ្ឋសភា​អនុម័ត​នោះ​អោយ​ពិចារណា​បដិសេធ​ច្បាប់​នេះ។

នាយិកា​អង្គការ​លីកាដូ (Licadho) អ្នកនាង ណាលី ពីឡូក មាន​ប្រសាសន៍​ថា ការ​អនុម័ត​ច្បាប់​នេះ​គឺ​ជា​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សំឡេង​ពលរដ្ឋ​គាប​សង្កត់​សំឡេង​រិះគន់ និង​គ្រប់គ្រង​អោយ​បាន​ទាំង​ស្រុង​លើ​ពលរដ្ឋ​អោយ​បាន​មុន​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ។

នាយក​ប្រតិបត្តិ​គណៈកម្មការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា ថ្លែង​នៅ​ក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា ច្បាប់​ថ្មី​នេះ​មិន​បាន​ដើរ​តាម​លំអាន​រដ្ឋធម្មនុញ្ញ ដែល​ច្បាប់​កំពូល​របស់​កម្ពុជា​ឡើយ។

លោក​ក៏​ប្រាថ្នា​អោយ​ស្ថាប័ន​កំពូល​របស់​ជាតិ មាន​តួនាទី​ពិនិត្យ​ធម្មនុញ្ញភាព​របស់​ច្បាប់​នេះ​នឹង​បដិសេធ​ច្បាប់​នេះ៖ «ច្បាប់​ថា ចង់​ការពារ​សិទ្ធិ​សេរីភាព តែ​បែរ​ជា​ធ្វើ​ច្បាប់​មួយ​ដែល​បញ្ជាក់​ថា សេរីភាព​ធ្វើ​សមាគមគឺ​ជា​បទ​ល្មើស។ សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ក្នុង​វប្បធម៌​ ក្នុង​សេដ្ឋកិច្ច​សង្គម និង​ចូលរួម​នយោបាយ​ទៅ​ជា​បទល្មើស។ យើង​មើល​ទៅ​គឺ​មាន​បញ្ហា​ដូច​មាត្រា ៣៧ មាត្រា​៩  សេរីភាព​សមាគម ទាំង​អ្នក​ចុះ​ឈ្មោះ​ មិន​ចុះ​ឈ្មោះ​ក្ដី ជា​ពិសេស​មិន​ចុះ​ឈ្មោះ​តែ​ធ្វើ​សកម្មភាព​ទៅ​ជា​បទល្មើស​ហើយ។ តើ​យើង​បាន​ការពារ​សេរីភាព​អោយ​គេ​ទេ? យើង​ធ្វើ​អោយ​គេ​ក្លាយ​ជា​ជន​ល្មើសគឺ​យើង​រំលោភ​រដ្ឋធម្មនុញ្ញមាត្រា​​៤២ ដែល​និយាយ​ពី​សេរីភាព​សមាគម»

រដ្ឋសភា​ដែល​មាន​តែ​សមាជិក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev
រដ្ឋសភា​ដែល​មាន​តែ​សមាជិក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev

យ៉ាង​នេះ​ក្ដី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្ទើរ​តែ​ពុំ​មាន​ជំនឿ​ទេ​ថា ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​នឹង​ពិចារណា​បដិសេធ​ច្បាប់​នេះ។

លោក គល់ បញ្ញា បន្ត​ថា បើ​ទោះ​ជា​មិន​សង្ឃឹម​ដ៏​តិចតួច ក៏​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​តែ​បន្ត​តវ៉ា​ទៅ​បណ្ដា​ស្ថាប័ន​ទាំង​នោះ​បន្ត​ទៀត៖ «អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​ប្រហែល​ជា​តស៊ូ​មតិ​ជាមួយ​ពួកគាត់​ទៀត ដើម្បី​អោយ​យល់​អំពី​អ្វី​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​រដ្ឋធម្មនុញ្ញ។ ក្នុង​រយៈពេល​វែង​យើង​គិត​ថា យន្តការ​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​នេះ​ត្រូវ​បង្កើត​ច្បាប់ ដែល​ក្នុង​ចំណោម​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​មើល​ថា តើ​ច្បាប់​នេះ​មាន​ទំហំ​ប៉ះពាល់​កម្រិត​ណា?​​​​​​ យើង​នឹង​ចងក្រង​ឯកសារ​ទុក ដើម្បីផ្ញើ​ទៅ​អង្គការ​អន្តរជាតិ​ ​​ទៅ​អង្គការ​សហប្រជាជាតិ ទៅ​សហគមន៍​អន្តរជាតិ​នានា​ ដែល​គេ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ»

លើស​ពី​នេះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ថ្លែង​ដែរ​ថា ក្រុម​តំណាងរាស្ត្រ​បក្ស​របស់​លោក បាន​ត្រៀម​ជា​ស្រេច​ថា នឹង​ស្នើ​អោយ​មាន​វិសោធនកម្ម​ច្បាប់​នេះ​ដែរ៖ «ប្រហែល​ជា​ពេល​នេះ​យើង​នឹង​ប្រើ​យន្តការ​ជជែកគ្នា​អោយ​ស្រួល​គ្នា ថា​នែក យើង​រក​វិធី​យ៉ាង​ម៉េច​អោយ​សម្រួល​គ្នា​ផង កុំ​អោយ​តែ​ខាង​រដ្ឋាភិបាល​ចង់​ដាក់​ច្បាប់​អី​មក ​​អាក្រក់​យ៉ាង​ណា​ក៏​ចេះ​តែ​ទៅៗ​ អាង​តែ ៦៨​នាក់។ យើង​នឹង​រក​វិធី​ធ្វើ ពីព្រោះ​ជា​ទូទៅ​ប្រទេស​មិនមែន​ជា​កម្មសិទ្ធិ​ដាច់​ថ្លៃ​របស់​នរណា​ទេ។ យើង​ត្រូវ​ធ្វើ​ច្បាប់​អី​មួយ​ដើម្បី​បម្រើ​ពលរដ្ឋ ដើម្បី​បម្រើ​ជាតិ មិន​មែន​ដើម្បី​ត្រួតត្រា​ពលរដ្ឋ​ដែល​រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​​​របស់​ពលរដ្ឋ​ទេ»

ផ្ទុយ​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង សមាគម​យុវជន​កំណែ​ទម្រង់​រដ្ឋ បាន​ចេញ​មុខ​មក​គាំទ្រ​ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​សំអាង​ហេតុផល​ថា ច្បាប់​នេះ​មាន​ភាព​ចាំបាច់ ដើម្បី​អោយ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្លាយ​ជា​នីតិបុគ្គល​ស្រប​ច្បាប់ និង​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់។ សមាគម​នេះ​បញ្ជាក់​ថា ជាក់​ស្ដែង​ច្បាប់​នេះ​មាន​ការ​ពិគ្រោះ​យោបល់ និង​ពិភាក្សា​ចាប់តាំង​ពី​ឆ្នាំ​​១៩៩៥ ហើយ​មក​ដល់​ឆ្នាំ​១៩៩៩ ក៏​មាន​សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ស្នើ​អោយ​បង្កើត​ច្បាប់​នេះ​ដែរ។

សមាគម​នេះ​បាន​លើក​ឡើង​ដូច​នឹង​អ្វី​ដែល​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ក្នុង​សភា​ក្នុង​ពេល​អនុម័ត​ច្បាប់​នេះ​ដែរ។ កាល​ណោះ លោក ស ខេង បញ្ជាក់​ថា ច្បាប់​នេះ​មាន​គោល​បំណង​ធានា​ការពារ​សិទ្ធិ​សេរីភាព ក្នុង​ការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាមួយ​នឹង​អាជ្ញាធរ​សាធារណៈ។

លោក ស ខេង បញ្ជាក់​ថា ប្រសិន​បើ​អនុវត្ត​ទៅ​ឃើញ​ថា មាន​បញ្ហា​ច្បាប់ នេះ​អាច​នឹង​ត្រូវ​កែ​សម្រួល៖ «ហើយ​ក៏​ថ្លែង​ទៅ​កាន់​បង​ប្អូន​ប្រជាពលរដ្ឋ​​ ក៏​ដូច​ជា​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ដែរ​ថា ទោះបី​រដ្ឋ​សភា នៅ​ថ្ងៃ​នេះ​បាន​អនុម័ត​ច្បាប់​នេះ​ក៏​ពិត​មែន ប៉ុន្តែ​ដូច​ច្បាប់​នានា​ដែរ រាប់​ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ផង​នោះ ប្រសិន​បើ​ពេល​អនុវត្ត​មាន​​​​​​​​​​បញ្ហា​ណា​ ដែល​ធ្វើ​អោយ​ប៉ះពាល់​​ដល់​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ យើង​នៅ​តែ​មាន​លទ្ធភាព​ដើម្បី​ធ្វើ​វិសោធនកម្ម និង​កែប្រែ​អោយ​បាន​សមស្រប»

យ៉ាង​នេះ​ក្ដី ការ​អនុម័ត​ច្បាប់​របស់​រដ្ឋាភិបាល​ហាក់​ពុំ​បាន​ចាប់​អារម្មណ៍​នឹង​សារ​ព្រមាន​របស់​សហភាព​អឺរ៉ុប ដែល​អាច​នឹង​បាត់បង់​​ថវិកា​ជំនួយ​ដែល​​ដៃគូ​អភិវឌ្ឍន៍​នេះ​ផ្តល់​អោយ​កម្ពុជា ប្រមាណ​ ​ប្រហាក់ប្រហែល​ពី ៦០០ ទៅ ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។

កន្លង​មក​រដ្ឋាភិបាល​សម្រេច​កែប្រែ​ចំណុច​មួយ​ចំនួន​ដូច​ជា​មាត្រា​៥ ដែល​ចែង​ថា ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក តម្រូវ​ឲ្យ​មាន​សមាជិក​ស្ថាបនិក​ដែល​ជា​រូបវន្ត​បុគ្គល​សញ្ជាតិ​ខ្មែរ​ចំនួន ​យ៉ាង​តិច ៥​រូប មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ត្រូវ​ប្ដូរ​មក​ត្រឹម ៣​រូប។ លុប​ចោល​ការ​កំណត់​ថា "មិន​ធ្លាប់​បំពេញ​តួនាទី​ជា​ថ្នាក់​ដឹក​នាំ​នៃ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី"។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​បច្ចុប្បន្ន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​សកម្មភាព​នៅ​កម្ពុជា មាន​ចំនួន​សរុប ៥.០០០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ធ្វើទៅ ប្រតិកម្មទៅ កុំថាត្រឹមស្រែក លោកឯងចងកសម្លាប់ខ្លួនទាំង​អស់គ្នាទៀត ក៏មិនឈឹក្បាលសម្តេចខ្ញុំដែរទាន លោកស្គាល់ទេនេះ​ហើយ​គេថា​ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិប្បតេយ្យនោះ មាន​ន័យថាអ្នកាំណចង់ធ្វើអីធ្វើទៅ លោកចង់ស្រែកៗទៅ ចង់ពហិការៗ​ទៅ ខ្ញុំចង់ធ្វើចង់សម្រេចស្រេចតែសម្តេចខ្ញុំ មិនអញ្ចឹង និងបើចង់នាំ​គ្នារត់ចោលស្រុកទៀតរត់ទៅ មានអ្នកណាគេឃាត់ អត់ពួកលោកឯង​រិតតែអេម មិនអញ្ចឹងលោក កែវរ៉េមី?

Jul 15, 2015 06:10 AM

គេហទំព័រ​ទាំងមូល