«បើ​គ្មាន​យុត្តិធម៌​សង្គម​ទេ» ទិវា​សន្តិភាព​នៅ​កម្ពុជា​នឹង​មិន​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​នោះ​ឡើយ

ដោយ ជីវិតា
2024.01.05
«បើ​គ្មាន​យុត្តិធម៌​សង្គម​ទេ» ទិវា​សន្តិភាព​នៅ​កម្ពុជា​នឹង​មិន​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​នោះ​ឡើយ (ឆ្វេងក្រោយ) លោក ហ៊ុន ម៉ាណែត និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ព្យុហយាត្រា​កងទ័ពជើង​គោកខួប​២២​ឆ្នាំនៃ​ការ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកកងទ័ពជើងគោក

អ្នក​សិក្សា​ផ្នែក​ច្បាប់​លើកឡើង​ថា ទិវា​សន្តិភាព​នៅ​កម្ពុជា​នឹង​មិន​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​នោះ​ទេ បើ​សិន​ជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ធ្វើ​នយោបាយ​ផ្សះផ្សា​ជាតិ និង​លើក​កម្ពស់​យុត្តិធម៌​សង្គម។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បើសិន​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ នោះ​ការ​សាទរ​ទិវា​សន្តិភាព មិន​មាន​អត្ថន័យ​ទូលំទូលាយ​នោះ​ឡើយ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​សាទរ​ទិវា​សន្តិភាព​ចេញពី​ចិត្ត​ពិតប្រាកដ រដ្ឋាភិបាល​គួរ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាមរយៈ​ការ​បើក​លំហ​ប្រជាធិបតេយ្យ និង​ផ្សះផ្សា​ជាតិ។

អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា ពាក្យ​ថា អរគុណ​សន្តិភាព និង​ការបង្កើត​ទិវា​សន្តិភាព មិន​មាន​អត្ថន័យ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នោះ​ទេ ប្រសិនបើ​បញ្ហា​សង្គម​នៅតែ​បន្ត​កើតមាន​ឥត​ស្រាកស្រាន្ត​នោះ​។ លោក​បន្ត​ថា ដើម្បី​ឱ្យ​ទិវា​សន្តិភាព​នៃ​កម្ពុជា​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ លុះត្រាតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លើកកម្ពស់​នីតិរដ្ឋ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកនយោបាយ ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។

លោក វ៉ន ចាន់ឡូត៖ «អ្នក​ដែល​ចេញ​សារ​អបអរសាទរ​នេះ​ក៏​មិន​ចម្លែក​ដែរ បើសិនជា​គ្មាន​បាន​ប្រយោជន៍​សេដ្ឋកិច្ច ប្រយោជន៍​អំណាច បុណ្យស័ក្ដិ តួនាទី ម្ល៉ោះហើយ​ចាំបាច់​ឱ្យ​អ្នក​ទាំង​អស់ហ្នឹង​អបអរសាទរ»

ការ​លើកឡើង​របស់​អ្នក​សិក្សា​ផ្នែក​ច្បាប់​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​មន្ត្រី​រាជការ កម្លាំង​សមត្ថកិច្ច និង​ស្ថាប័ន​រដ្ឋ បាន​នាំគ្នា​ចេញ​សារ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គាំទ្រ លោក ហ៊ុន ម៉ាណែត ដែល​ប្រកាស​មិន​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា និង​ជំនួស​មកវិញ​ដោយ​ការ​ប្រារព្ធ​ទិវា​សន្តិភាព​នៃ​កម្ពុជា ២៩ ធ្នូ ដែល​ជា​ថ្ងៃ​រម្លឹក​ខួប​នយោបាយ​ឈ្នះៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ដូច្នេះ ក្នុង​ពេល​លោក​សម្ពោធ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើង​ឯក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែធ្នូ។

ក្រុម​អ្នក​ចេញ​លិខិត​គាំទ្រ​ចំពោះ​ការលើកតម្កើង​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ លោក ហ៊ុន សែន ថា ជា​អគ្គមគ្គុទ្ទេសក៍​ឯក ដែល​ពួកគេ​អះអាង​ថា ជា​អ្នក​បញ្ចប់​ការ​បែកបាក់​ជាតិ​ក្នុង​រយៈពេល​៥០០ឆ្នាំ​ចុងក្រោយ​នេះ។

ទោះជា​យ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន មិន​គាំទ្រ​ចំពោះ​ការ​លើកតម្កើង​នយោបាយ​ឈ្នះៗ ទៅជា​ទិវា​សន្តិភាព​នៃ​កម្ពុជា​នោះ​ឡើយ​។ លោក​បន្ត​ថា ពាក្យ​ឈ្នះៗ របស់ លោក ហ៊ុន សែន គឺ​សំដៅលើ​ជ័យជម្នះ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ឆ្នាំ​១៩៩៧ ឈ្នះៗ​ក្នុង​ការ​លួចបន្លំ​សំឡេងឆ្នោត​គ្រប់​អាណត្តិ ឈ្នះ​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​បិទផ្លូវ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារតែ​ការ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស សមាជិកសមាគម​របស់​លោក​ទូទាំង​ប្រទេស កាន់តែ​ប្រឈម​ជីវភាព​លំបាក​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​បន្ត​ថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អរគុណ​សន្តិភាព​ចេញពី​ទឹកចិត្ត​ពិតប្រាកដ រដ្ឋាភិបាល​គួរ​ធ្វើ​នយោបាយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ដោយ​មិន​មាន​ការរើសអើង និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​ចេញ​តវ៉ា​បញ្ហា​ផ្សេងៗ ឱ្យ​បាន​ឆាប់ ជាជាង​បន្ត​គាំទ្រ​អ្នកមាន​ទ្រព្យសម្បត្តិ និង​អំណាច ហើយ​ចោទប្រកាន់​ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​អ្នក​តវ៉ា ថា ជា​ក្រុម​គណបក្សប្រឆាំង។

លោក វន់ ពៅ៖ «ពាក្យ​ថា​អរគុណ​សន្តិភាព​គឺ​ត្រូវតែ​ទទួល​បាន​ការ​អរគុណ​ទាំងអស់គ្នា មិនមែន​តែ​អរគុណ​ក្រុម​ណាមួយ​ហើយ​ទុក​ក្រុម​ណាមួយ​ចោល​នោះ​ទេ អ៊ីចឹង​យើង​ចង់បាន​ទាំងអស់គ្នា ពីព្រោះ​យើង​ឃើញថា ទោះបី​ជា​មាន​ពាក្យ​នេះ​នៅ​គ្រប់​ទីកន្លែង​យ៉ាងណាក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ ត្អូញត្អែរ​ទៅ​នឹង​ជីវភាព​ប្រចាំថ្ងៃ ទាក់ទង​ទៅ​នឹង​ប្រាក់ចំណូល ទាក់ទង​ទៅ​នឹង​ការរំលោភ​ដីធ្លី ធ្វើបាប​ប្រជាពលរដ្ឋ​តូចតាច​នៅតែ​កើតមាន​នៅឡើយ យើង​ចង់​ឃើញ​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ទាំង​សន្តិភាព​ផ្លូវកាយ ផ្លូវចិត្ត សន្តិភាព​ទទួល​បាន​ការ​គោរព​សិទ្ធិមនុស្ស សន្តិភាព​ទទួល​បាន​យុត្តិធម៌​ស្មើៗ​គ្នា​ចំពោះមុខ​ច្បាប់»។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ការបង្កើត​ទិវា​សន្តិភាព​នៅ​កម្ពុជា នឹង​មិន​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​នោះ​ឡើយ ប្រសិនបើ​អយុត្តិធម៌​សង្គម​រីកធំឡើង​នោះ​។ បច្ចុប្បន្ន​មន្ត្រី​គណបក្សប្រឆាំង សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល រង​ការចោទប្រកាន់​ពី​ប៉ូលិស និង​តុលាការ ជាប់ពន្ធនាគារ ហើយ​មួយ​ចំនួន​ទៀត បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដើម្បី​រក្សា​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។