តុលាការ​ក្រុងភ្នំពេញ ដោះលែង​និពន្ធ​នាយក​ព័ត៌មាន​អនឡាញ TVFB លោក សុវណ្ណ រិទ្ធី ប៉ុន្តែ​រក្សា​បទ​ចោទ​ដដែល

0:00 / 0:00

តុលាការ​ក្រុង​ភ្នំពេញ ​ផ្ដន្ទាទោស​និពន្ធ​នាយក​នៃ​សារព័ត៌មាន​អនឡាញ ធី.វី.អេហ្វ.ប៊ី ​(TVFB )​លោក​ សុវណ្ណ ​រិទ្ធី ​ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ ក្រោយ​បង្ហោះ​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ន័យ​ដើម​ថា ប្រសិន​បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យធន ឱ្យ​ពួក​គាត់​លក់​ម៉ូតូ​ចាយ​សិន​ទៅ។ មន្ត្រី​អង្គការ​ផ្នែក សារព័ត៌មាន ​យល់ថា ​ការ​ផ្ដន្ទាទោស​នេះ ​គឺ​អយុត្តិធម៌​សម្រាប់​លោក ​សុវណ្ណ ​រិទ្ធី ​ព្រោះ​អំពើ​របស់​លោក ​ពុំ​បាន​ល្មើស​ច្បាប់​ឡើយ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា នៅ​ថ្ងៃ​ទី៥​ ខែតុលា ​ប្រ​កាស​សាលក្រម​កាត់​ទោស​និពន្ធ​នាយក​នៃ​សារព័ត៌មាន​អនឡាញ ​ធី.វី.អេហ្វ.ប៊ី (TVFB) លោក សុវណ្ណ ​រិទ្ធី ​ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​កន្លះ ប៉ុន្តែ​ទោស​នេះ ​តម្រូវ​ឲ្យ​អនុវត្ត​​ ៥ខែ​ និង ២៨ថ្ងៃ ចំណែក​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ ដូច្នេះ​មាន​ន័យ​ថា លោក​ សុវណ្ណ រិទ្ធី ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ចាប់​ពី​ថ្ងៃ​ទី៥ ​ខែតុលា ​ប៉ុន្តែ​លោក ​នៅតែ​ស្ថិត​ក្រោម​ការចោទប្រកាន់​របស់​តុលាការ​នៅ​ឡើយ​។

អាស៊ី​សេរី ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ សុវណ្ណ​ រិទ្ធី ​និង​ឪពុក​របស់​លោក​ គឺ​លោក​ សុវណ្ណ​ សុខា ​នៅ​ឡើយ​ទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

លោក​ សុវណ្ណ រិទ្ធី​ គឺ​ជា​អ្នក​យក​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ផ្សា​​យ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ​​ដែល​មាន​ចំនួន​​​ចុច​ឡៃ​ (Likes​ ) ឬ​ចូល​ចិត្ត​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដល់​ទៅ​ជាង​ ៦៦​ម៉ឺន​ដង។​ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៧ ខែមេសា ក្រោយ​ពេល​លោក បាន​សរសេរ​ និង​បង្ហោះ​លើ​ហ្វេសប៊ុក​នូវ​ពាក្យ​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​និយាយ​ថា «បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យ​ធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»។ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ បែបនេះ ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​​សារព័ត៌មាន​នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល ​និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​ ហើយ​ថែមទាំង​បាន​ផ្សាយ​នៅ​លើ ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​ផង​ដែរ។

ក្រោយ​ការ​ចាប់​ខ្លួន​លោក ​សុវណ្ណ រិទ្ធី ​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បាន​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​លោក ​ដោយ ​មិន​អនុញ្ញាត​ឲ្យ​គេហទំព័រ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ឈ្មោះ ធី.វី.អេហ្វ.ប៊ី TVFB ​បើក​ដំណើរ​ការ​ត​ទៅ​ទៀត។

ទោះ​ជា​យ៉ាងណា​ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ ឆាយ គឹម​ខឿន ធ្លាប់​បក​ស្រាយ​ថា សំណេរ​របស់​លោក​ សុវណ្ណ ​រិទ្ធី នេះ ​ជា​ការ​បំប៉ោង និង​បំពុល​សង្គម ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​យល់​ច្រឡំ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​គ្រាន់​តែ​និយាយ​លេង​មួយ​ម៉ាត់​ពីរ​ម៉ាត់​សោះ ​បែរ​ជា​លោក ​សុវណ្ណ រិទ្ធី យក​ទៅ​ចុះផ្សាយ​មែន​ទែន។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​ឲ្យ​លោក សុវណ្ណ រិទ្ធី មាន​សេរីភាព​ឡើងវិញ ​ប៉ុន្តែ​លោក ​សោក​ស្ដាយ​ដែល​តុលាការ បន្ត​រក្សា​បទ​ចោទ ​និង​ផ្តន្ទាទោស​ឲ្យ​លោក សុវណ្ណ រិទ្ធី ជាប់​ពន្ធនាគារ ១៨ខែ ដែល​លោក​យល់​ថា មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​អយុត្តិធម៌។ លោក ណុប វី បន្ត​ថា លោក ​សុវណ្ណ រិទ្ធី គឺ​ជា​អ្នក​សារ​ព័ត៌មាន ដូច្នេះ​លោក​មាន​សិទ្ធិ​ដក​ស្រង់ និង​សរសេរ ឬ​និយាយ​តាម​អ្វី ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​និយាយ​ជា​សាធារណៈ​រួច​ហើយ៖ «ការ​រក្សា​បទ​ចោទ​ប្រកាន់​ឲ្យ​គាត់​មាន​ទោស ទោះ​បី​ជា​គាត់​នៅ​ក្រៅ​ឃុំ​នេះ វា​ជា​ការ​កម្រិត​មួយ​នៅ​ការ​ប្រើប្រាស់​សេរីភាព​នៅ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន និង​ការ​សរសេរ​ព័ត៌មាន​របស់​ពួក​គាត់ ខ្ញុំ​គិត​ថា ចំណុច​នេះ​តុលាការ​គួរ​តែ​ពិចារណា​ទម្លាក់​ចោល​នៅ​ការ​ចោទ​ប្រកាន់​គ្រប់​ករណី​ផ្សេងៗ ទៀត ប្រឆាំង​ជាមួយ និង​អ្នក​សារព័ត៌មាន ដើម្បី​ធានា​ថា ពួក​គាត់​មិន​ទទួល​រង​ការ​គាប​សង្កត់ ឬ​មួយ​ក៏​ការ​រឹត​ត្បិត​សេរីភាព​នានា នៅ​ក្នុង​កិច្ច​ការងារ​ដែល​ពួក​គាត់​គ្រាន់តែ​ដើរ​តួនាទី​ជា​អ្នក​សារព័ត៌មាន ហើយ​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ក្រសួង​ព័ត៌មាន សូម​មេត្តា​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​លោក សុវណ្ណ រិទ្ធី ឡើង​វិញ ដើម្បី​អាច​ឲ្យ​គាត់​បន្ត​កិច្ច​ការងារ​របស់​គាត់ »

មាត្រា៤ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ចែង​ថា ការ​បោះ​ពុម្ព​ផ្សាយ​នូវ​ព័ត៌មាន​ផ្លូវការ​ ដូចជា​សេចក្ដី​ថ្លែង​ការណ៍​កំណត់​ហេតុ​ប្រជុំ ឬ​របាយការណ៍​ណាមួយ​។ល។ ​មិន​អាច​ផ្ដន្ទាទោស​បានទេ​ ប្រសិនបើ​ការ​ផ្សាយ​នោះ​ មាន​លក្ខណៈ​សមស្រប​តាម​សភាព​ពិត ​ពេញលេញ ​ឬ​សេចក្ដី​សង្ខេប​ត្រឹមត្រូវ​តាម​រឿង​ពិត។ រីឯ​មាត្រា ១០ ចែង​ថា ជន​ណា​ម្នាក់​ដែល​យល់​ថា ​អត្ថបទ​ណា ​ទោះ​ជា​សរសេរ​បញ្ឆិត ​បញ្ឆៀង​ក៏​ដោយ​ រូបគំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណា​មួយ ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការ​ពិត ​ធ្វើ​ឲ្យ​ខូចខាត​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​ មាន​សិទ្ធិ​ទាមទារ​ឲ្យ​កែតម្រូវ​ ឬ​មាន​សិទ្ធិ​ឆ្លើយ​តប​នឹង​មាន​សិទ្ធិ​ធ្វើ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​ឲ្យ​កែ​តម្រូវ និង​សង់​ជំងឺ​ចិត្ត ប៉ុន្តែ​មិន​អាច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​បានទេ។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ផ្នែក​សារព័ត៌មាន ​យល់ថា​ ផ្អែក​តាម​ច្បាប់​នេះ និពន្ធ​នាយក​នៃ​សារ​ព័ត៌មាន​អនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​ និង​ផ្ដន្ទាទោស​តាំង​ពី​ដំបូង​មក​ម្ល៉េះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។