សមត្ថកិច្ច​បញ្ជូន​ស្ត្រី​អ្នក​លក់​អនឡាញ​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​បង្ហោះ​រូប​អាសអាសភាស

0:00 / 0:00

សមត្ថកិច្ច​បញ្ជូន​ស្ត្រី​អ្នកលក់​អនឡាញ ឈ្មោះ វ៉ាន់ រចនា ហៅ ថៃ ស្រីនាង ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២០ ខែ កុម្ភៈ ដោយ​ចោទប្រកាន់​ពី​បទ​បង្ហោះ​រូបភាព និង​សម្ភារ​:​អាសអាភាស។

ហ្វេសប៊ុក​អគ្គ​ស្នងការ​នគរបាល​ជាតិ​ឱ្យ​ដឹង​ថា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គុជ គីមឡុង បាន​សម្រេច​ឱ្យ​នាំ​ខ្លួន​នាង ថៃ ស្រីនាង ទៅ​តុលាការ ដោយ​យោង​តាម​មាត្រា ៣៨-៣៩ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​។ ចំពោះ​ការចោទប្រកាន់​នេះ​នាង​ប្រឈម​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១​ខែ ដល់ ១​ឆ្នាំ។

ប្រភព​ដដែល​ឱ្យដឹង​ទៀត​ថា ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​នៅ​ពេល​នេះ​គឺ​ដោយសារតែ​ស្ត្រី​រូប​នេះ​ផ្គើន​នឹង​ការណែនាំ​អប់រំ​របស់​សមត្ថកិច្ច​នគរបាល ដែល​តម្រូវ​ឱ្យ​បញ្ឈប់​រាល់​ការ​បង្ហោះ​រូប​ស្លៀកពាក់​ស៊ិចស៊ី ដែល​ត្រូវ​ចាត់ទុក​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​។ អាជ្ញាធរ​ចោទ​ប្រកាន់​ថា ថៃ ស្រី​នាង មិន​បាន​ធ្វើតាម​សន្យា​ឡើយ​គឺ​បាន​បន្ត​បង្ហោះ​រូបភាព​អាក្រាត​កាយ​នៅ​លើ​ហ្វេសប៊ុក។

ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​គឺ​នៅ ៣​ថ្ងៃ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថ្លែង​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ និង​ប្លុក​រាល់​ការ​ផ្សព្វផ្សាយ Live លក់​ផលិតផល​តាម​អនឡាញ​របស់​ស្ត្រី ដែល​លោក​ថា​បង្ហាញ​ភាព​ស៊ិចស៊ី​ជ្រុល​ហួសហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ​។ លើស​ពី​នេះ​ថែមទាំង​បាន​ចាត់ទុក​ថា ស្ត្រី​ដែល​ស្លៀកពាក់​ខ្លី​លេច​លើ​លេច​ក្រោម ជា​ការ​ជំរុញ​ឱ្យ​បុរស​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​ជួញដូរ​មនុស្ស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​ចាត់​ទុក​សារ​របស់​លោក​ហ៊ុន សែន នេះ​ថា ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច សិទ្ធិ​សម្ដែង​មតិ អារម្មណ៍ និង​ជម្រើស​រាងកាយ​របស់​ស្ត្រី​។ ពួកគេ​ចាត់ទុកថា​ចំណាត់ការ​បែបនេះ​មិន​អាច​ដោះស្រាយ​បញ្ចប់​ការរើសអើង និង​អំពើ​ហិង្សា​លើ​ស្ដ្រី បាន​ទេ ផ្ទុយទៅវិញ​នឹង​ជំរុញ​ឱ្យ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅតែ​កើតមាន​ក្នុង​សង្គម ដោយ​បង្កើន​ការ​ស្ដី​បន្ទោស និង​ដាក់​បន្ទុក​ទៅលើ​ស្ត្រី​ជា​អ្នក​ជនរងគ្រោះ​។ បន្ថែម​ពី​នេះ​វា​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រមុខ​រដ្ឋាភិបាល​រូបនេះ​កំពុង​ធ្វើ​ផ្ទុយ​នឹង​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ​ហៅ​កាត់​ថា CDAW ព្រមទាំង​ច្បាប់ និង​គោលនយោបាយ​នានា​ការពារ​សិទ្ធិ​ស្ត្រី ដែល​រដ្ឋាភិបាល​អះអាង​ថា​កំពុង​អនុវត្ត។

​ចំណែក​អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International ចាត់​ទុក​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ចំពោះ​ស្ត្រី​ដែល​ស្លៀកពាក់​ស៊ិចស៊ី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​នានា​លើ​បណ្ដាញ​សង្គម គឺ​ជា​ការ​មិន​ទទួលខុសត្រូវ និង​ជា​រឿង​ប្រកប​ដោយ​គ្រោះថ្នាក់​។ អង្គការ​ដដែល​នេះ​មើល​ឃើញ​ទៀត​ថា ការ​វិវឌ្ឍ​ចុងក្រោយ​នេះ បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការរំលោភ​សេរីភាព​នៃ​បញ្ចេញមតិ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។