ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចូលសួរសុខទុក្ខលោក រ៉ុង ឈុន នៅពន្ធនាគារព្រៃស។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុករឿងនេះថា ជាការបិទសិទ្ធិសេរីភាពដល់ពួកអ្នកស្រីធ្វើឱ្យមានការឈឺចាប់កាន់តែខ្លាំង។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៥ កញ្ញាថា អ្នកស្រីសោកស្ដាយយ៉ាងខ្លាំង ដែលតុលាការមិនអនុញ្ញាតឲ្យចូលសួរសុខទុក្ខលោក រ៉ុង ឈុន តាមការស្នើសុំកាលពីសប្ដាហ៍មុន។ អ្នកស្រីបញ្ជាក់ថា មូលហេតុដែលពួកអ្នកស្រីមានគម្រោងចូលជួបលោក រ៉ុង ឈុន ក្នុងពន្ធនាគារព្រៃស ដោយសារលោកធ្វើការងារ ដើម្បីប្រយោជន៍រួមនៅក្នុងសង្គម និងជាសហការីដែលធ្លាប់រួមការងារជាមួយគ្នា។អ្នកស្រី ចាត់ទុកការហាមឃាត់ពួកអ្នកស្រី មិនឱ្យចូលសុខទុក្ខលោក រ៉ុង ឈុន នេះថា ជាការធ្វើបាបផ្លូវចិត្តរបស់ពួកអ្នកស្រី និងកាន់តែធ្វើឱ្យមានកំហឹងចង់ចូលរួមសម្ដែងមតិកាន់តែខ្លាំង៖ «ហើយនេះយើងដាក់ធ្វើតាមច្បាប់ បើយើងមិនធ្វើតាមច្បាប់ហើយមិនអនុញ្ញាតឱ្យយើងទៅសួរសុខទុក្ខទៀត។ រដូវបុណ្យភ្ជុំបិណ្ឌជារដូវមួយដែលមិត្តភ័ក្ដិបងប្អូនជួបជុំគ្នា។ យើងមានសេចក្ដីនឹករលឹកចំពោះលោក រ៉ុង ឈុន ដែលជាវីរភាពមួយដែលយើងអត់អាចបំភ្លេចអ្វីដែលគាត់ខំប្រឹងកន្លងមកបាន » ។
អ្នកស្រីឱ្យដឹងថា ពួកអ្នកស្រីចំនួន ៥នាក់ ដែលជាមន្ត្រីសហជីព និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានគម្រោងសួរសុខទុក្ខលោក រ៉ុង ឈុន នៅថ្ងៃទី២២ កញ្ញាខាងមុខ ដើម្បីផ្ដល់កម្លាំងចិត្តដល់លោកដែលបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ។ អ្នកស្រីឱ្យដឹងថា អ្នកស្រីនៅតែប្រកាន់ជំហរចូលរួមតស៊ូមតិ ដើម្បីទាមទារឱ្យតុលាការដោះលែង លោក រ៉ុង ឈុន អ្នកទោសមនសិការជាច្រើននាក់ផ្សេងទៀតដោយមិនមានការរាថយឡើយ។
ប្រតិកម្មរបស់សមាគមគ្រូបង្រៀននេះ ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ បានបដិសេធការស្នើសុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចូលសួរសុខទុក្ខលោក រ៉ុង ឈុន នៅពន្ធនាគារព្រៃសម១ នៅថ្ងៃទី២២ កញ្ញា។ លោក វ៉ាន់ សែនវិសុទ្ធ បានបញ្ជាក់នៅលិខិតជូនដំណឹងចុះថ្ងៃទី១០កញ្ញាថា មូលហេតុដែលលោកមិនអនុញ្ញាតឱ្យចូលសួរសុខទុក្ខលោក រ៉ុង ឈុន ដោយសារសំណុំរបស់ជនជាប់ឃុំជាបទល្មើសព្រហ្មទណ្ឌ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបសួររបស់ចៅក្រមនៅឡើយ។
ទោះជាយ៉ាងណាប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស(Adhoc) លោក នី សុខា មានប្រសាសន៍ថា មន្ត្រីតុលាការគួរតែអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនបានចូលសួរសុខទុក្ខលោក រ៉ុង ឈុន ដើម្បីសម្ដែងការនឹករលឹកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។លោកបន្តថា ការសួរសុខទុក្ខនេះក៏មិនប៉ះពាល់ដល់ដំណើរការក្ដីរបស់មន្ត្រីតុលាការដែរ៖ «ជាធម្មតានៅពេលដែលជួបជុំយើងដឹងហើយ មានសមត្ថកិច្ចមានអីគាត់ការពារ គាត់នៅអង្គុយចាំមើលជាប្រចាំក្នុងហ្នឹងតឹងរ៉ឹងណាស់។ ដូច្នេះយើងមានវិធានការឱ្យមានជាការឱ្យគាត់ចូលជួបទៅ ប៉ុន្តែឱ្យមានដាក់ជាវិធានការណ៍អីផ្សេងអីអីចឹងទៅ បើសិនជាមានការខ្លាចរអានៅក្នុងរឿងហ្នឹង ហើយដូចជាអ្នកដែលជាប់ផ្សេងៗទៀតអីក៏គេមានសិទ្ធហ្នឹងដែរ មិនមែនមានតែលោក រ៉ុង ឈុន ម្នាក់ទេ » ។
លោក រ៉ុង ឈុន ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា។ការចាប់ខ្លួននេះ ដោយសារតែលោកនិយាយអំពីបញ្ហាកសិករខ្មែរបាត់ដីនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នៅខេត្តត្បូងឃ្មុំ។
ទោះជាយ៉ាងណាក្ដី ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជឿថា បញ្ហាព្រំដែននេះ គ្រាន់តែជាលេសប៉ុណ្ណោះ។ ពួកគេថា របបលោក ហ៊ុន សែន ចាប់លោក រ៉ុង ឈុន ដោយសារបារម្ភខ្លាចមេសហជីពរូបនេះ ដឹកនាំក្រុមកម្មករធ្វើបាតុកម្មទ្រង់ទ្រាយធំ បន្ទាប់ពីរបបនេះធ្វើឱ្យបាត់ការអនុគ្រោះពន្ធ EBA ចំនួន ២០% ដែលនឹងបណ្ដាលឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ។ តុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពី "បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយការចាប់ខ្លួន រ៉ុង ឈុន នេះ អាជ្ញាធររបបក្រុងភ្នំពេញ បានបន្តចាប់ខ្លួនសកម្មជន អ្នកនយោបាយ និងយុវជនប្រមាណជិត ២០នាក់ទៀត ដោយចោទប្រកាន់ និងឃុំដូចលោក រ៉ុងឈុន ដែរ បន្ទាប់ពីពួកគេ មានគម្រោង និងបានចូលរួមតវ៉ាដោយអហិង្សាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងទាមទារឲ្យមានយុត្តិធម៌សង្គម។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសសហជីពអន្តរជាតិធំៗ ជាច្រើនស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ អំពាវនាវឱ្យដោះលែង និងទម្លាក់បទចោទប្រកាន់លោក រ៉ុង ឈុន និងអ្នកជាប់ឃុំជាច្រើននាក់ផ្សេងឱ្យមានសេរីភាពមកវិញ។ អង្គការទាំងនោះក៏ជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានដូចដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិនានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។