អ្នក​វិភាគ​ថា ការ​ដោះ​ដូរ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​យូណាន​ប្រទេស​ចិន​ គឺ​ពាក់ព័ន្ធ​នឹង​ការ​ដណ្ដើម​ផល​ប្រយោជន៍​គ្នា

0:00 / 0:00

អ្នក​វិភាគ​លើក​ឡើង​ថា ចាប់​ខ្លួន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ ខេត្ត​យូណាន​ ប្រទេស​ចិន ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ អាច​បណ្ដាល​មក​ពី​ការ​បែង​ចែក​ផល​ប្រយោជន៍​មិន​ស្មើ​គ្នា និង​អាច​កើត​ចេញ​ពី​ការ​ដណ្ដើម​ផល​ប្រយោជន៍​នៅ​ក្នុង​ខ្សែស្រឡាយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ បាន​ហៅ​ការ​លើក​ឡើង​នេះ​​ថា​ ជា​ការ​ប្រមាថ​ដល់​ស្ថាប័ន​រដ្ឋ​ទៅ​វិញ។

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់​នៅ​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ បញ្ជាក់​ថា ដំណែង​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ ខេត្ត​យូណាន ត្រូវ​ពួក​មន្ត្រី​ការ​ទូត​កម្ពុជា​ចាត់​ទុក​ថា​ជា​កន្លែង​ខ្លាញ់ គឺ​មាន​ន័យ​ថា​ ជា​ច្រក​រក​លុយ​បាន​ស្រួល​បំផុត។

លោក​ថា​ ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ច្រក​នេះ​មាន ដូច​ជា ការ​រត់​ការ​អោយ​អ្នក​ឈ្មួញ​រក​ស៊ី​ជនជាតិ​ចិន​ធំៗ បើក​ក្រុម​ហ៊ុន​លាង​លុយ​នៅ​កម្ពុជា​ ដែល​មន្ត្រី​កុងស៊ុល​អាច​ទទួល​ប្រាក់​ទឹក​តែ​សម្រាប់​ការ​សម្រួល​ឲ្យ​ចិន​ បើក​ក្រុម​ហ៊ុន​នៅ​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា​ មន្ត្រី​ការ​ទូត​ទាំង​នោះ​អាច​រត់​ការ​លក់​លិខិត​ឆ្លង​ដែន​ការ​ទូត​ខ្មែរ​ ដល់​ជនជាតិ​ចិន​ ក្រៅ​ពី​នោះ​ក៏​មាន​មុខ​របរ​លក់​សញ្ជាតិ​ខ្មែរ​អោយ​ជនជាតិ​ចិន​ដែល​មាន​បំណង​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ខ្មែរ​ទៅ​កាន់​ប្រទេស​ទី​បី។​ កាល​ចោទ​ប្រកាន់​របស់​​លោក គឹម សុខ នេះ​ គឺ​ដោយ​សារ​តែ​លោក​បាន​សាក​សួរ​រឿង​នេះ​ពី​មន្ត្រី​ការទូត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ៖ «ខ្ញុំ​ក៏​បាន​ព័ត៌មាន​ខ្លះ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​មួយ​ចំនួន​ដែល ពួក​មន្ត្រី​កុងស៊ុល​ចិន​ប្រព្រឹត្ត​ដែរ​ដូច​ជា​ការ​ធ្វើ​ខ្នង​បង្អែក​ ពួក​ម៉ាហ្វីយ៉ា​ គ្រឿង​ញៀន​ គឺ​ការ​ចរាចរណ៍​គ្រឿងញៀន​ចិន - កម្ពុជា។ យើង​ឃើញ​ហើយ ស្ថាន​ភាព​គ្រឿង​ញៀន​កម្ពុជា​បច្ចុប្បន្ន​ធ្លាក់​ដល់​​កម្រិត​ធ្ងន់ធ្ងរ​ណាស់​ នៅ​កន្លែង​ខ្លះ​ ដាក់​លក់​ដូច​ផ្សារត្រី​អ៊ីចឹង ហើយ​ក៏​មាន​ការងារ​កាង​បណ្ដាញ​ដឹក​ឈើ​ប្រណិត​ពី​កម្ពុជា​ ចូល​ស្រុក​ចិន​ដែរ។ មុខ​របរ​នេះ ពួក​គេ​រក​ចំណូល​ធំ​ណាស់ ពី​ព្រោះ​ឈើ​ប្រណិត​ខ្មែរ នៅ​ទី​ផ្សារ​ចិន ថ្លៃ​ជាង​មាស​ទៅ​ទៀត»។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៨ តុលា បាន​សម្រេច​បាន​សម្រេច​ផ្ដន្ទាទោស​លោក គ្រុយ លឹមហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមិញ ខេត្ត​យូណាន ប្រទេស​ចិន អោយ​ជាប់​ពន្ធនាគារ​រយៈពេល ៧ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០លាន​រៀល គឺ​ប្រមាណ​ជាង ២.៥០០​ដុល្លារ។

អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក គុជ គឹមឡុង​ ប្រាប់​អាស៊ី​សេរី​ថា ការ​សម្រេច​ផ្ដន្ទាទោស​នេះ​ ដោយ​សារ​តែ​តុលាការ​បាន​រក​ឃើញ​ថា​ លោក​​គ្រុយ លឹមហេង ជាប់​ពាក់ព័ន្ធ​ ប្រព្រឹត្តិ អំពើ​ពុក​រលួយ​ក្នុង​អំឡុង​ឆ្នាំ២០១៦ ដល់​ខែ​មិថុនា ឆ្នាំ២០១៨​ នៅ​ពេល​ដែល​លោក​ជា​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ខេត្ត​យូណាន៖ «ក្រុម​ប្រឹក្សា​បាន​សម្រេច​ផ្ដន្ទាទោស​លោក គ្រុយ លឹមហេង ដាក់​ពន្ធនាគារ ៧ឆ្នាំ​ ហើយ​នឹង​ពិន័យ​ជា​ប្រាក់ ១០លាន​រៀល​ ពី​បទ​ចំនួន ៤បទ​ល្មើស ពី​បទ​គៃ​បំបាត់ និង​បំផ្លាញ​ដោយ​ទុច្ចរិត​ បទ​វីតិក្រម​ បទ​រំលោភ​អំណាច និង​បទ​មិន​ប្រកាស​ទ្រព្យ​ចន្លោះ​ពី ២០១៥ ដល់​ឆ្នាំ២០១៩»។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមិញ​លោក​ គ្រុយ​ លឹមហេង​ កាល​ពី​អំឡុង​ចុង​ឆ្នាំ២០១៩ បន្ទាប់​អង្គភាព​នេះ​បាន​រក​ឃើញ​ថា លោក​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ តាមរយៈ​ការ​បោះត្រា​យក​លុយ​ពី​ពលរដ្ឋ​ដោយ​ខុសច្បាប់ ក្នុង​ខេត្ត​យូណាន កាល​ពី​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៩។

ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក គឹម សុខ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​មក​ថា ការ​ចាប់​ខ្លួន​មន្ត្រី​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ គុនមិញ ខេត្ត យូណាន ដោយសារ​តែ​ក្រសួង​រក​ឃើញ​ថា មាន​ការ​បាត់ វីហ្សា ស្ទីកឃើ (visa stickers)។

លោក​បន្ថែម​ថា​​ចំពោះ​ចំណូល​ដែល​បាន​មក​ពី​ស្ថាន​កុងស៊ុល​នានា​ គឺ​សឹង​តែ​ទាំងស្រុង​ ជា​ចំណូល​ពី​ការ​បង់ថ្លៃ​ទិដ្ឋាការ​ពី​សំណាក់​ភ្ញៀវ​បរទេស។ ចំណូល​ទាំង​នេះ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​និង​បង្វែរ​មក​ក្រសួង​វិញ។ បង់​ចូល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តាម​ពេលវេលា​កំណត់​ជា​ទៀង​ទាត់។

មាន​មន្ត្រី​ទូត​កម្ពុជា​ចំនួន ៣នាក់ ហើយ​ដែល​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ មន្ត្រី​ទាំង​នោះ រួម​មាន​អតីត​​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស ប្រ៊ុយណេ (Brunei) លោក ណាន់ ស៊ី ត្រូវ​បាន​ចោទ​ក្រោយ​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​កេង​ប្រវ័ញ្ច​ប្រាក់​របស់​រដ្ឋ​សរុប​ប្រមាណ ៤៣ម៉ឺន​ដុល្លារ​អាមេរិក នៅ​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ នៅ​ឆ្នាំ២០០៨ កន្លង​ទៅ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​កំបាំង​មុខ​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​ ឆ្នាំ២០១១ ឲ្យ​លោក ណាន់ ស៊ី ជាប់​ពន្ធនាគារ​ចំនួន​ ៤​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៨លាន​រៀល ស្មើ​នឹង ២.០០០​ដុល្លារ​អាមេរិក ក្រោម​បទ​ព្រហ្មទណ្ឌ​ កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​ខុស​ច្បាប់។ ​ប៉ុន្តែ​លោក ណាន់ ស៊ី​ មិន​បាន​មក​ទទួល​ទោស​ទេ​ គឹ​បាន​បន្ត​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស។

ចំណែក​​​អតីត​ឯក​អគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េ​ ខាង​ត្បូង លោក ស៊ុត ឌីណា​ ត្រូវ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៥ឆ្នាំ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​ពេល​ដែល​លោក​មាន​តួនាទី​ជា​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក ស៊ុត ឌីណា ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ឱ្យ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ក្រោយ​ពី​បាន​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃ​ស អស់​រយៈ​ពេល​ជាង ៤ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។